ម៉ុងហ្គោលី ៖ អតីតប្រធានាធិបតីម៉ុងហ្គោលី លោក Khurelsukh Ukhnaa បានប្រកាសលាលែងពីតំណែងនៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិកាលពីថ្ងៃអង្គារ (ទី១៧ ខែវិច្ឆិកា) បន្ទាប់ពីរងការចោទប្រកាន់ពីសំណាក់សមាជិកបក្សកាន់អំណាចដូចគ្នាថា លោកបានទទួលប្រាក់សំណូកចំនួន ២៥ លានដុល្លារ ពាក់ព័ន្ធនឹងគម្រោងសាងសង់ផ្លូវដែករបស់រដ្ឋាភិបាលកាលពី ៧ ឆ្នាំមុន។ ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ធ្វើឡើងបន្ទាប់ពីលោក Nyambaatar Khishgee អតីតអភិបាលក្រុងអ៊ូឡានបាទ័រ (ដែលស្ថិតក្នុងបក្សប្រជាជនម៉ុងហ្គោលីតែមួយជាមួយប្រធានាធិបតី ប៉ុន្តែនៅក្រុមបក្សពួកផ្សេងគ្នា) បានចោទប្រកាន់កាលពីថ្ងៃសៅរ៍ថា លោក Khurelsukh បានសម្របសម្រួលឱ្យក្រុមហ៊ុនឯកជន Bodi International LLC ទទួលបានកិច្ចសន្យាសាងសង់ផ្លូវដែក Tavantolgoi-Gashuunsukhait កាលពីឆ្នាំ ២០១៩ ដោយមិនឆ្លងកាត់ការដេញថ្លៃប្រកួតប្រជែង នៅពេលលោកកាន់តំណែងជានាយករដ្ឋមន្ត្រី។ បន្ទាប់ពីការចោទប្រកាន់នេះ គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំង បានទាមទារឱ្យលោកចុះចេញពីតំណែងភ្លាមៗ។
លោក Khurelsukh បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ ដោយលើកឡើងថា លោកបានរងការវាយប្រហារបង្ខូចកេរ្តិ៍ឈ្មោះអស់រយៈពេលជាងមួយខែមកហើយ។ លោកបានថ្លែងថា៖ «ខ្ញុំមិនដែលលួចពីប្រជាជន ឬរដ្ឋរបស់ខ្ញុំឡើយ ខ្ញុំនឹងប្រគល់តួនាទីជាប្រធានាធិបតី ហើយត្រឡប់ទៅជាពលរដ្ឋធម្មតាម្នាក់វិញ» ព្រមទាំងបញ្ជាក់ថា លោកនឹងសហការពេញលេញជាមួយក្រុមអ្នកស៊ើបអង្កេត។
បន្ថែមពីនេះមន្ត្រីជាន់ខ្ពស់ ២ រូបទៀត គឺលោក Munkh-Erdene Dembereltseren អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក Enkhbayar Battumur ប្រធានលេខាធិការដ្ឋានគណៈរដ្ឋមន្ត្រី ក៏បានប្រកាសលាលែងពីតំណែងដូចគ្នា ខណៈដែលក្រុមហ៊ុន Bodi បានចេញសេចក្តីថ្លែងការណ៍បដិសេធថា ខ្លួនមិនបានផ្តល់ប្រាក់សំណូកដល់មន្ត្រីណាម្នាក់ឡើយ៕