ញូវយ៉ក៖ តុលាការសហព័ន្ធសហរដ្ឋអាម៉េរិក បានកាត់ទោសបុរសជនជាតិប៉ាគីស្ថានម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេលជាង ២៧ ឆ្នាំ កាលពីថ្ងៃអង្គារ (ទី១៨ ខែវិច្ឆិកា) ក្រោយពីបុគ្គលរូបនេះបានសារភាព និងត្រូវបានរកឃើញថាបានរៀបចំផែនការធ្វើឃាតឥស្សរជននយោបាយជាន់ខ្ពស់អាម៉េរិក រួមមានទាំងប្រធានាធិបតី ដូណាល់ ត្រាំ, អតីតប្រធានាធិបតី ចូ បៃដិន និងអតីតឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិ លោកស្រី Nikki Haley។
បើតាម CNN ជនជាប់ចោទឈ្មោះ Asif Merchant វ័យ ៤៨ ឆ្នាំ បានអះអាងនៅក្នុងសវនាការថា រូបគេបានធ្វើសកម្មភាពតាមការណែនាំរបស់ភ្នាក់ងារស៊ើបការណ៍សម្ងាត់នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (Revolutionary Guard) ដោយសារតែការបារម្ភពីសុវត្ថិភាពសាច់ញាតិរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់។ នៅក្នុងកិច្ចប្រតិបត្តិការចាប់ខ្លួននោះ លោក Merchant បានទាក់ទងជាមួយក្រុមអ្នកដែលខ្លួនគិតថាជា «ឃាតករស៊ីឈ្នួល» ប៉ុន្តែតាមពិតទៅគឺជាភ្នាក់ងារសម្ងាត់របស់ FBI ទៅវិញ។ បុរសរូបនេះត្រូវបានចាប់ខ្លួននៅរដ្ឋតិចសាស់ កាលពីខែកក្កដា ឆ្នាំ ២០២៤ ក្នុងពេលកំពុងរៀបចំឥវ៉ាន់ត្រឡប់ទៅប្រទេសប៉ាគីស្ថានវិញ ពោលគឺត្រឹមតែមួយថ្ងៃមុនពេលកើតហេតុការណ៍ប៉ុនប៉ងបាញ់ប្រហារដាច់ដោយឡែកមួយទៀតលើលោក ត្រាំ ក្នុងរដ្ឋ Pennsylvania៕