Khmer suport khmer cc time

វៀតណាម ដាក់បញ្ចូល«សិប្បកម្មផលិតទឹកត្រីអាយុកាល៣០០ឆ្នាំ» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ជាតិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហាណូយ៖ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ទទួលស្គាល់ជាផ្លូវការ និងដាក់បញ្ចូល«សិប្បកម្មផលិតទឹកត្រីប្រពៃណីដ៏ចំណាស់»មួយក្នុងតំបន់ Phan Thiet ដែលមានប្រវត្តិជាង ៣០០ ឆ្នាំ ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ កាលពីថ្ងៃអង្គារ។ យោងតាមសមាគមទឹកត្រី Phan Thiet ចន្លោះឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ ផលិតកម្មប្រចាំឆ្នាំសម្រេចបានប្រមាណ ២០ ទៅ ៣០ លានលីត្រ និងបង្កើតប្រាក់ចំណូលប្រមាណ ១ ទ្រីលានដុង (ឬប្រហែល ៣៨ លានដុល្លារអាម៉េរិក) ក្នុងមួយឆ្នាំ ព្រមទាំងផ្តល់ការងារដល់ពលរដ្ឋរាប់ពាន់នាក់ និងប្រើប្រាស់ត្រីប្រមាណ ២២,០០០ តោនក្នុងមួយឆ្នាំៗ។

យោងតាមមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lam Dong ទឹកត្រី Phan Thiet មានលក្ខណៈពិសេសខុសប្លែកពីតំបន់ដទៃ ដោយមានពណ៌លឿងចំបើងនៅពេលផលិតពីត្រីកាកើមឬត្រីកន្ទុយក្រហម (anchovies) និងពណ៌ត្នោតខ្ចីនៅពេលផលិតពីត្រីផ្លាធូមូល (round scad)។ ទឹកត្រីនេះមានសភាពថ្លា រលោង ក្លិនឈ្ងុយខ្លាំង និងរសជាតិឆ្ងាញ់ពិសាដោយសារមានកម្រិតប្រូតេអ៊ីនខ្ពស់ ដែលកើតចេញពីអាកាសធាតុអំណោយផលក្នុងតំបន់ រួមមានពន្លឺថ្ងៃ ខ្យល់ និងសីតុណ្ហភាពមធ្យមខ្ពស់អំឡុងពេលផ្អាប់។

វត្ថុធាតុដើមតាមបែបប្រពៃណី សំខាន់ៗរួមមាន ត្រីកាកើមឬត្រីកន្ទុយក្រហម ត្រីផ្លាធូមូល និងអំបិលគ្រួស ដែលត្រូវផ្អាប់ទុកក្នុងធុងឈើ ឬពាងដីឥដ្ឋ រយៈពេលពី ៨ ទៅ ១៨ ខែ។ ការសម្រិតទឹកត្រីលើកដំបូង ដែលអ្នកស្រុកហៅថា «mam nhi» ផ្តល់នូវទឹកត្រីដែលមានប្រូតេអ៊ីនខ្ពស់បំផុត ខណៈការសម្រិតលើកបន្តបន្ទាប់ត្រូវបានគេហៅថា «mam ngang»។

គួរបញ្ជាក់ថា សិប្បកម្មនេះបានពង្រីកខ្លួនយ៉ាងឆាប់រហ័សនៅដើមសតវត្សទី២០ ដោយនៅត្រឹមឆ្នាំ១៩២៥ បរិមាណផលិតកម្មប្រចាំឆ្នាំបានកើនឡើងលើសពី ៤ លានលីត្រ។ បច្ចុប្បន្ន មានសិប្បករ និងក្រុមហ៊ុនផលិតទឹកត្រីជាង ២០០ កន្លែងកំពុងប្រតិបត្តិការនៅក្នុងតំបន់នេះ ដោយចែកចាយទូទាំងប្រទេសវៀតណាម និងនាំចេញទៅកាន់ទីផ្សារបរទេសមួយចំនួន៕

Khcct banner

អត្ថបទទាក់ទង