Khmer suport khmer cc time

អ្នកវិទ្យាសាស្ត្រចិនបង្កើតក្រាស «សិតសក់អគ្គិសនី» ដែលអាចជួយឱ្យសក់ដុះឡើងវិញ ជិត ១០០% ក្នុងការពិសោធន៍លើសត្វកណ្តុរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ប៉េកាំង៖ ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Beihang ក្នុងទីក្រុងប៉េកាំង ប្រទេសចិន បានបង្កើតសិតសក់អគ្គិសនីប្រភេទថ្មីមួយដែលមានឈ្មោះថា «Detangle» ដោយអះអាងថាវាមានសក្តានុពលខ្ពស់ក្នុងការជួយដោះស្រាយបញ្ហាទំពែក និងជំរុញឱ្យសក់ដុះឡើងវិញយ៉ាងឆាប់រហ័ស។ ព័ត៌មានលម្អិតនៃការសិក្សានេះ ត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រដ៏ល្បីល្បាញ Nature Communications ។

យោងតាមការសិក្សាដែលមានចំណងជើងថា ការប្រើសិតសក់ដើម្បីបង្កើតការជំរុញដោយអគ្គិសនី ព្រមទាំងបញ្ជូនថ្នាំចូលទៅក្នុងស្រទាប់ជ្រៅ ដើម្បីជួយឱ្យសក់ដុះឡើងវិញយ៉ាងឆាប់រហ័សចំពោះអ្នកមានបញ្ហាជ្រុះសក់ប្រភេទ Androgenetic Alopecia បានបង្ហាញថា សិតសក់នេះត្រូវបានបំពាក់ដោយធ្មេញសិតដែលមាន អេឡិចត្រូតខ្ពស់ទាបខុសៗគ្នា និងមានផ្ទុកម៉ូលេគុលថ្នាំ ដើម្បីបង្កើតដែនអគ្គិសនីជុំវិញឫសសក់ និងជួយបញ្ជូនថ្នាំចូលទៅក្នុងស្បែកក្បាលក្នុងស្រទាប់ជ្រៅ។

លទ្ធផលនៃការពិសោធន៍លើសត្វកណ្តុរដែលមានបញ្ហាទំពែកតាមលំនាំបុរស (Androgenetic Alopecia) បានបង្ហាញថា ប្រព័ន្ធ «Detangle» នេះ អាចជួយបង្កើនប្រសិទ្ធភាពនៃការដុះសក់ឡើងវិញ ពីប្រហែល ៧០% ទៅជិត ១០០% ក្នុងរយៈពេលត្រឹមតែមួយខែ ប៉ុណ្ណោះ បើធៀបនឹងការប្រើប្រាស់ថ្នាំ Minoxidil (សារធាតុផ្សំក្នុងថ្នាំ Rogaine) តាមវិធីលាបធម្មតា។

យ៉ាងណាមិញបច្ចេកវិទ្យានេះទើបតែស្ថិតក្នុងដំណាក់កាលពិសោធន៍លើសត្វកណ្តុរប៉ុណ្ណោះ ដោយមិនទាន់មានភស្តុតាងបញ្ជាក់ច្បាស់លាស់ពីប្រសិទ្ធភាពលើមនុស្សនៅឡើយទេ។ ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថា ចាំបាច់ត្រូវមានការសិក្សា និងធ្វើតេស្តបន្ថែមទៀត ដើម្បីធានាឱ្យបាននូវសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ មុនពេលអាចឈានដល់ការយកមកព្យាបាលលើមនុស្សពិតប្រាកដនាពេលអនាគត៕

Khcct banner

អត្ថបទទាក់ទង