Khmer suport khmer cc time

លោក ស៊ី ជីនពីង និងលោក ពូទីន ជួបពិភាក្សាទ្វេភាគីនៅទីក្រុងសិនជិន មុនពេលលោក ត្រាំ មកដល់ដើម្បីចូលរួមកិច្ចប្រជុំកំពូលត្រីភាគីជាប្រវត្តិសាស្ត្រ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

សិនជិន៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបើកកិច្ចពិភាក្សាទ្វេភាគីនៅទីក្រុងសិនជិន (Shenzhen) កាលពីថ្ងៃពុធ (ទី១៨ ខែវិច្ឆិកា) ពោលគឺមួយថ្ងៃមុនការមកដល់របស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលត្រីភាគីជាប្រវត្តិសាស្ត្រ នៅក្រៅវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។

នៅក្នុងជំនួបដែលជាលើកទី ៥ រវាងមេដឹកនាំទាំងពីរក្នុងឆ្នាំនេះ លោក ពូទីន បានសង្កត់ធ្ងន់លើភាពចាំបាច់នៃសាមគ្គីភាព និងការសន្ទនាគ្នា ជាជាងការដាក់ឱសានវាទ ក្នុងគ្រាដែលហានិភ័យផ្នែកយោធា និងនយោបាយកំពុងកើនឡើង ព្រមទាំងអះអាងថា ទណ្ឌកម្មរបស់លោកខាងលិចមិនអាចបំផ្លាញសេដ្ឋកិច្ចរុស្ស៊ីបានឡើយ។ មន្ត្រីរុស្ស៊ីបានឱ្យដឹងថា មេដឹកនាំទាំងពីរក៏បានពិភាក្សាផ្តោតលើវិស័យថាមពល ហិរញ្ញវត្ថុ និងបញ្ហានយោបាយការបរទេសសំខាន់ៗ រួមមានសង្គ្រាមនៅអ៊ុយក្រែន និងស្ថានការណ៍នៅកូរ៉េខាងជើងផងដែរ។

លោក ស៊ី ជីនពីង បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យបញ្ញាសិប្បនិម្មិត (AI) និងពាណិជ្ជកម្មសេរី ដោយសន្យាថាប្រទេសចិននឹងបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ និងកាត់បន្ថយពន្ធគយ។

គួររម្លឹកថា ការជួបគ្នារវាងមេដឹកនាំចិន និងរុស្ស៊ីនេះ ធ្វើឡើងមុនកិច្ចប្រជុំកំពូលត្រីភាគីនៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែវិច្ឆិកា) រវាងលោក ត្រាំ លោក ស៊ី និងលោក ពូទីន ដែលត្រូវបានគេរំពឹងថានឹងពិភាក្សាលើបញ្ហាស្នូលដូចជា ការកាត់បន្ថយអាវុធនុយក្លេអ៊ែរ វិបត្តិសង្គ្រាមនៅអ៊ីរ៉ង់ និងសង្គ្រាមនៅអ៊ុយក្រែន។ ទោះបីជាភាគីចិនចាត់ទុកថាសង្គ្រាមអ៊ុយក្រែនមិនមែនជាបញ្ហារបស់ខ្លួនក៏ដោយ ក៏ការលើកឡើងរបស់លោក ត្រាំ ដែលចង់ដាក់បញ្ចូលបញ្ហានេះទៅក្នុងរបៀបវារៈ បានបង្កឱ្យមានក្តីបារម្ភយ៉ាងខ្លាំងថា មហាអំណាចទាំងបីអាចនឹងសម្រេចជោគវាសនារបស់ទីក្រុងកៀវ ដោយគ្មានវត្តមាន និងការយល់ព្រមពីភាគីអ៊ុយក្រែន និងអឺរ៉ុបឡើយ៕

Khcct banner

អត្ថបទទាក់ទង