Khmer suport khmer cc time

តុលាការយុត្តិធម៌អន្តរជាតិ (ICJ) រកឃើញថាមីយ៉ាន់ម៉ាពិតជាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិរ៉ូហ៊ីងយ៉ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ក្រុងឡាអេ៖ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលជាតុលាការកំពូលរបស់អង្គការសហប្រជាជាតិ បានចេញសាលក្រមសម្រេចជាផ្លូវការថា ប្រទេសមីយ៉ាន់ម៉ាពិតជាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ក្នុងអំឡុងពេលយុទ្ធនាការបង្ក្រាបដោយយោធាប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា កាលពីឆ្នាំ ២០១៧។ នៅក្នុងសម័យប្រជុំប្រកាសសាលក្រមដែលមានរយៈពេលជិត ៣ ម៉ោង ចៅក្រម Yuji Iwasawa បានអានសេចក្តីសម្រេចរបស់ក្រុមចៅក្រម (ដែលបានបោះឆ្នោតលើចំណុចចំនួន ១២) ដោយរកឃើញថា ប្រទេសមីយ៉ាន់ម៉ាមាន «ចេតនាកម្ទេច» ប្រជាជនរ៉ូហ៊ីងយ៉ា ព្រមទាំងបានបរាជ័យក្នុងការទប់ស្កាត់អំពើប្រល័យពូជសាសន៍នេះ។

តុលាការបានគូសបញ្ជាក់ថា ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ ១០.០០០ នាក់ ត្រូវបានសម្លាប់យ៉ាងឃោរឃៅនៅក្នុង «ប្រតិបត្តិការបោសសម្អាត» ឆ្នាំ ២០១៧ ខណៈមនុស្សជាង ៧០០.០០០ នាក់ផ្សេងទៀត ត្រូវបានបង្ខំឱ្យភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស។ តុលាការ ICJ បានរកឃើញថា មីយ៉ាន់ម៉ាមិនបានប្រព្រឹត្តបទល្មើសញុះញង់ឱ្យមានអំពើប្រល័យពូជសាសន៍ ដោយផ្ទាល់ និងជាសាធារណៈ នោះទេ។

បើតាមលោក Philippe Sands KC មេធាវីផ្នែកសិទ្ធិមនុស្សក្នុងក្រុមច្បាប់របស់ប្រទេសហ្គាំប៊ី បានហៅសាលក្រមនេះថាជា «ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ» ដែលមានតម្លៃស្មើនឹងព្រឹត្តិការណ៍យុត្តិធម៌អន្តរជាតិសំខាន់ៗ ដូចជាសវនាការ Nuremberg និងករណី Pinochet ជាដើម។

គួររម្លឹកថាកន្លងមកប្រទេសមីយ៉ាន់ម៉ាតែងតែបដិសេធជាបន្តបន្ទាប់នូវរាល់ការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ ដោយអះអាងថាប្រតិបត្តិការយោធារបស់ខ្លួននៅរដ្ឋរ៉ាខាញ (Rakhine) គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមប្រដាប់អាវុធប៉ុណ្ណោះ។ អ្នកសង្កេតការណ៍បានយ់ឃើញថា ទោះបីជាសាលក្រមនេះគឺជាជ័យជម្នះផ្នែកច្បាប់ និងផ្លូវចិត្តដ៏ធំធេងសម្រាប់សហគមន៍រ៉ូហ៊ីងយ៉ាក៏ដោយ ប៉ុន្តែវានៅតែមានលក្ខណៈជានិមិត្តរូបភាគច្រើន ដោយសារតុលាការ ICJ ពុំមានកម្លាំង ឬអំណាចផ្ទាល់ក្នុងការអនុវត្តសាលក្រមនេះឱ្យមានប្រសិទ្ធភាពពេញលេញឡើយ៕

Khcct banner

អត្ថបទទាក់ទង