Khmer suport khmer cc time

លោក ស៊ី ជីនពីង អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកមួយដែលរីកចម្រើនទាំងអស់គ្នា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

សិនជិន៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងកាលពីថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ថា ប្រទេសចិនត្រៀមខ្លួនរួចរាល់ហើយក្នុងការសហការជាមួយភាគីទាំងអស់ ដើម្បីបន្តដំណើរទៅមុខដោយមានទំនុកចិត្ត និងការប្តេជ្ញាចិត្តកាន់តែមុតមាំ ក្នុងគោលបំណងរួមគ្នាបង្កើតសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកមួយដែលរីកចម្រើនទាំងអស់គ្នា។

ថ្លែងនៅក្នុងសុន្ទរកថាគន្លឹះក្រោមប្រធានបទ «ការបន្តដំណើរទៅមុខដោយការប្តេជ្ញាចិត្តឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាងសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក» នៅក្នុងកិច្ចប្រជុំកំពូលនាយកប្រតិបត្តិ APEC ឆ្នាំ ២០២៦ នៅទីក្រុងសិនជិន ខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន លោក ស៊ី បានកត់សម្គាល់ថា ពិភពលោកកំពុងប្រឈមមុខនឹងស្ថានភាពប្រែប្រួល និងវឹកវរ ដែលកំណើនសេដ្ឋកិច្ចសកលកំពុងខ្វះកម្លាំងរុញច្រាន ខណៈលទ្ធិឯកតោភាគីនិយម និងលទ្ធិការពារនិយម (protectionism) កំពុងរីករាលដាលយ៉ាងខ្លាំង។ លោកបន្តថា ពាណិជ្ជកម្មសកលនៅតែបន្តកើនឡើង ហើយនវានុវត្តន៍បច្ចេកវិទ្យាក៏កំពុងវិវត្តយ៉ាងឆាប់រហ័ស ដែលតម្រូវឱ្យតំបន់អាស៊ី-ប៉ាស៊ីហ្វិក សម្រេចចិត្តជ្រើសរើសរវាងការបើកទ្វារ និងការបិទទ្វារ ឬការសហការគ្នា និងការប្រឆាំងគ្នា។

ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ APEC ជាលើកទីបី លោក ស៊ី បានគូសបញ្ជាក់ថា ដើម្បីនាំមកនូវវិបុលភាពរួមក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រទេសនានាចាំបាច់ត្រូវរក្សាសន្តិភាព និងស្ថិរភាព តាមរយៈការរក្សាសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម ជំរុញពិភពលោកពហុប៉ូល (multipolar world) ដោយផ្អែកលើសមភាព និងដោះស្រាយភាពខុសគ្នាតាមរយៈការសន្ទនា។ លោក ស៊ី បានចាត់ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិកថាជា «ផ្ទះរួម» និងចាត់ទុកសហគមន៍ធុរកិច្ចជា «អ្នកត្រួសត្រាយផ្លូវ»។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលធុរកិច្ចរយៈពេលពីរថ្ងៃនេះ ក្រោមប្រធានបទ «ដើម្បីវិបុលភាព និងឈ្នះអនាគតរួមគ្នា» បានទាក់ទាញតំណាងជាង ២.០០០ នាក់ មកពីសេដ្ឋកិច្ចសមាជិក APEC ទាំង ២១ និងសេដ្ឋកិច្ចមិនមែនសមាជិកចំនួន ១៣ ផ្សេងទៀត រួមមាន ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងស្វីសជាដើម៕

Khcct banner

អត្ថបទទាក់ទង