ភ្នំពេញ៖ ឆ្លើយតបអ្នកសារព័ត៌មានស៊ីស៊ីថាមស៍ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា លោក Oliver Richard បានបញ្ជាក់ថា ប្រទេសបារាំង មានការប្ដេជ្ញាចិត្តក្នុងការត្រៀមខ្លួនជួយកម្ពុជា និងស្ថាប័នពាក់ព័ន្ធក្នុងការលើកកម្ពស់ការសិក្សាភាសាបារាំង ក្នុងប្រទេសកម្ពុជា ស្របតាមការលើកឡើងរបស់ប្រធានាធិបតីបារាំង លោក អាម៉ានុយអែល ម៉ាក្រុង ក្នុងកិច្ចប្រជុំហ្រ្វង់កូហ្វូនីលើកទី២០ កាលពីពេលថ្មីនេះ។
លោក Oliver Richard បានគូសបញ្ជាក់ថា ភាសាបារាំង គឺជាភាសាដ៏មានប្រយោជន៍សម្រាប់អ្នកសិក្សា ដោយជួយបង្កើនឱកាសការងារល្អ ពង្រីកការយល់ដឹងអំពីពិភពលោក និងបើកទ្វារឆ្ពោះទៅកាន់ឆាកអន្តរជាតិ។
បច្ចុប្បន្ន បារាំងបានរៀបចំសកម្មភាពជាច្រើនដើម្បីជំរុញវិស័យនេះនៅកម្ពុជា តាមរយៈសាលារៀនដែលប្រើប្រាស់កម្មវិធីសិក្សាបារាំង នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង ក៏ដូចជាវិទ្យាស្ថានបារាំងនៅកម្ពុជា ដែលផ្តល់ការបណ្តុះបណ្តាលទាំងភាសាបារាំងទូទៅ និងភាសាបារាំងឯកទេសសម្រាប់ជំនាញផ្សេងៗ។
លោកបន្ថែមថា បារាំងក៏មានសហប្រតិបត្តិការបារាំង ប្រចាំនៅតាមសាកលវិទ្យាល័យនានា ដើម្បីគាំទ្រដល់គ្រឹះស្ថានឧត្តមសិក្សាក្នុងការផ្តល់វគ្គសិក្សាភាសាបារាំងដល់និស្សិត ព្រមទាំងមានកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបង្រៀនភាសានៅកម្រិតបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និងជាពិសេសថ្នាក់សិក្សាពីរភាសា៕