Khmer suport khmer cc time

មហាយក្សទាំង ៣ ប្តេជ្ញាមិនឱ្យសង្គ្រាមនុយក្លេអ៊ែរផ្ទុះឡើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

សិនជិន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចេញផ្សាយ សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលត្រីភាគីដ៏ពិសេសមួយនៅទីក្រុងសិនជិន ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៦។ នៅក្នុងសេចក្តីថ្លែងការណ៍រួមនេះ មហាអំណាចទាំងបីបានបញ្ជាក់ជាថ្មីថា «សង្គ្រាមនុយក្លេអ៊ែរមិនអាចឈ្នះបានឡើយ ហើយមិនត្រូវឱ្យកើតឡើងជាដាច់ខាត» ព្រមទាំងបានសន្យាធ្វើការសន្ទនាលើការកាត់បន្ថយហានិភ័យនុយក្លេអ៊ែរ ជំរុញកំណែទម្រង់អង្គការសហប្រជាជាតិ បង្កើនការផ្គត់ផ្គង់ផលិតផលប្រេងឥន្ធនៈសម្រាប់ប្រទេសទាំងអស់ និងការពារអភ័យឯកសិទ្ធិរបស់មន្ត្រីរដ្ឋនៅក្នុងតុលាការអន្តរជាតិ។

បើតាមទីភ្នាក់ងារព័ត៌មាន REUTERS សេចក្តីថ្លែងការណ៍នេះពុំបានប្រកាសពីផែនការជាក់លាក់សម្រាប់ការចរចាលើការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ និងមិនបានលើកឡើងពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ឬជម្លោះរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់នោះឡើយ ខណៈដែលលោក ពូទីន បានទទួលស្គាល់នៅក្នុងសន្និសីទសារព័ត៌មានថា សេចក្តីថ្លែងការណ៍នេះមិនមានលក្ខណៈបង្ខំឱ្យភាគីណាមួយអនុវត្តតាមឡើយ។

លោក ដូណាល់ ត្រាំ បានកោតសរសើរជំនួបនេះថា ដំណើរការទៅយ៉ាងល្អប្រសើរ និងធំធេងជាងកិច្ចប្រជុំនៅយ៉ាល់តា (Yalta) ឆ្នាំ ១៩៤៥ ទៅទៀត ដោយលោកបានការពារទំនាក់ទំនងជិតស្និទ្ធ និងការហៅលោក ពូទីន និងលោក ស៊ី ថាជា «មិត្ត» ព្រោះលោកយល់ថាការរាប់អានមេដឹកនាំដែលកាន់កាប់អាវុធនុយក្លេអ៊ែររាប់ពាន់គ្រាប់ គឺប្រសើរជាងការចាត់ទុកពួកគេជាសត្រូវ ទោះបីជាលោកទទួលស្គាល់ថាការកាត់បន្ថយអាវុធនុយក្លេអ៊ែរជារឿងដ៏លំបាកក៏ដោយ។

កិច្ចប្រជុំនេះបានរងនូវការរិះគន់យ៉ាងខ្លាំងពីក្រុមអ្នកនយោបាយប្រឆាំង និងអ្នកវិភាគអន្តរជាតិ។ លោក ឆាលស៍ ស៊ូម័រ (Charles Schumer) មេដឹកនាំគណបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភាអាម៉េរិក បានហៅកិច្ចប្រជុំនេះថាជា «ភាពអាម៉ាស់ជាប្រវត្តិសាស្ត្រ» និងជាការឱនក្បាលចំពោះគូប្រជែងដើម្បីតែឱកាសថតរូប ខណៈលោក ដារីល គីមបល (Daryl Kimball) នាយកប្រតិបត្តិនៃសមាគមត្រួតពិនិត្យអាវុធ បានលើកឡើងថា ពិភពលោកត្រូវការសកម្មភាពការទូតជាក់ស្តែងសម្រាប់ការរំសាយអាវុធ លើសពីពាក្យសម្តី៕

Khcct banner

អត្ថបទទាក់ទង