Khmer suport khmer cc time

លោក ស៊ី ជីនពីង ផ្តល់ថវិកា ២០ លានដុល្លារ ដើម្បីជំរុញកិច្ចសហប្រតិបត្តិសេដ្ឋកិច្ចសមាជិក APEC

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ចិន៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសថា ប្រទេសចិននឹងផ្តល់ថវិកាចំនួន ២០ លានដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់កិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងចំណោមសេដ្ឋកិច្ចសមាជិកនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។ ការប្រកាសនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំង ក្នុងការពង្រឹងសមាហរណកម្មតំបន់ ការច្នៃប្រឌិតបច្ចេកវិទ្យា និងកំណើនបៃតង។

នៅក្នុងសុន្ទរកថាមួយក្នុងកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC ឆ្នាំ ២០២៦ នៅទីក្រុងសិនជិន (Shenzhen) កាលពីថ្ងៃព្រហស្បតិ៍ លោក ស៊ី ជីនពីង បានថ្លែងថា ថវិកានេះនឹងជួយគាំទ្រដល់គំនិតផ្តួចផ្តើមនានា ដែលមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ និងកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកមួយ ដែលមានទំនាក់ទំនងកាន់តែជិតស្និទ្ធ និងបរិយាបន្ន។

លោកបានមានប្រសាសន៍ថា៖ «ខ្ញុំសូមប្រកាសថា ប្រទេសចិននឹងផ្តល់ថវិកាចំនួន ២០ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់កិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងក្របខ័ណ្ឌ APEC»។ លោក ស៊ី ជីនពីង ក៏បានប្រកាសផងដែរថា ប្រទេសចិននឹងបង្កើតស្ថាប័នសហប្រតិបត្តិការនានា ដែលផ្តោតលើបច្ចេកវិទ្យាឌីជីថល លំហូរទិន្នន័យឆ្លងព្រំដែន ថាមពលស្អាត និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម។

គំនិតផ្តួចផ្តើមទាំងនេះមានគោលបំណងពង្រឹងការច្នៃប្រឌិត និងជំរុញកំណើនបៃតងនៅទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងដោះស្រាយបញ្ហានានាដែលជាផលប្រយោជន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យារួមគ្នារបស់សមាជិក APEC។

គួររម្លឹកថា កិច្ចប្រជុំកំពូលនៅទីក្រុង Shenzhen នេះ បានប្រមូលផ្តុំមេដឹកនាំ និងតំណាងមកពីសេដ្ឋកិច្ចសមាជិក APEC ទាំង ២១ ដើម្បីពិភាក្សាអំពីពាណិជ្ជកម្ម ការវិនិយោគ ការច្នៃប្រឌិតថ្មី និងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចរួម ដែលកំពុងកើតមាននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕

Khcct banner

អត្ថបទទាក់ទង