ជុនបុរី៖ កងកម្លាំងប៉ូលិសអន្តោប្រវេសន៍ថៃ បានបើកប្រតិបត្តិការចុះបង្ក្រាបបណ្តាញឧក្រិដ្ឋជនឆបោកតាមរូបភាពស្នេហា និងមជ្ឈមណ្ឌលទូរសព្ទ (Call Center) នៅទីក្រុងប៉ាតាយ៉ា ខេត្តជុនបុរី កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដោយបានចាប់ខ្លួនជនសង្ស័យជនជាតិចិន ៣ នាក់ និងជនជាតិតៃវ៉ាន់ ១ នាក់ ដែលពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់លោះ និងការឆបោកដែលបង្កការខូចខាតទឹកប្រាក់សរុបជាង ៤០០ លានបាត។
សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមានទូរសព្ទដៃ ៣៦ គ្រឿង កុំព្យូទ័រ ៣ គ្រឿង ឧបករណ៍ iPad ១ គ្រឿង និងត្រាអន្តោប្រវេសន៍ក្លែងក្លាយចំនួន ២ សម្រាប់បោះត្រាពន្យារពេលស្នាក់នៅ។ ក្នុងអំឡុងពេលចុះឡោមព័ទ្ធ ជនសង្ស័យម្នាក់ដែលជាមេខ្លោងសំខាន់ បានព្យាយាមលោតរត់គេចខ្លួនតាមបង្អួចជាន់ទី ២ ទាំងស្លៀកតែខោខ្លី ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានភ្លាមៗ។
ប្រតិបត្តិការនេះ គឺជាការពង្រីកការស៊ើបអង្កេតបន្តពីការបង្ក្រាបកាលពីថ្ងៃទី ៩ ខែវិច្ឆិកា និងករណីជួយសង្គ្រោះនិស្សិតជនជាតិចិនវ័យ ១៩ ឆ្នាំម្នាក់ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ដែលត្រូវបានក្រុមឧក្រិដ្ឋជនឃុំខ្លួន និងគំរាមទារប្រាក់លោះចំនួន ១០ លានបាត។ តាមរយៈការស៊ើបអង្កេត សមត្ថកិច្ចបានរកឃើញថា ក្រុមឧក្រិដ្ឋជននេះបានប្រើប្រាស់ល្បិចលួងលោមតាមរយៈរូបភាពស្នេហា ដើម្បីឱ្យជនរងគ្រោះទុកចិត្ត រួចបញ្ចុះបញ្ចូលតាមទូរសព្ទឱ្យវិនិយោគលើរូបិយប័ណ្ណគ្រីបតូ (Crypto) តាមរយៈកម្មវិធីក្លែងក្លាយ និងផ្ទេរប្រាក់ជាប្រភេទ USDT៕