Khmer suport khmer cc time

អាម៉េរិកដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាព៥ ពាក់ព័ន្ធ SCAM ONLINE នៅមីយ៉ាន់ម៉ា និងកម្ពុជា ក្នុងនោះមានទាំង មេបញ្ជាការកំពូលៗ ក្រុមផ្តាច់ខ្លួនKaren ជាប់ព្រំដែនថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
អ្នកនាំពាក្យរងក្រសួងការបរទេសអាម៉េរិកលោក Thomas "Tommy" Pigott

វ៉ាស៊ីនតោន៖ ក្រសួងរតនាគារសហរដ្ឋអាម៉េរិក បានប្រកាសដាក់ទណ្ឌកម្មជាផ្លូវការលើបុគ្គល និងអង្គភាពចំនួន ៥ ដែលជាម្ចាស់ អ្នកដំណើរការ និងអ្នកសម្របសម្រួលមជ្ឈមណ្ឌលបោកបន្លំតាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីបណ្តាញឧក្រិដ្ឋកម្មទាំងនេះបានលួចប្រាក់រាប់ពាន់លានដុល្លារពីជនរងគ្រោះជុំវិញពិភពលោក រួមទាំងពលរដ្ឋអាម៉េរិក។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងរតនាគារអាម៉េរិក ការដាក់ទណ្ឌកម្មនេះរួមមាន លោក Zhao Hui ដែលជាអ្នកដំណើរការមជ្ឈមណ្ឌលបោកបន្លំមួយនៅក្នុងប្រទេសកម្ពុជា ព្រមទាំងក្រុមហ៊ុនចំនួនពីរដែលមានមូលដ្ឋាននៅកម្ពុជា និងស្ថិតក្រោមការគ្រប់គ្រងរបស់លោក។ ទន្ទឹមនឹងនេះ ទីក្រុងវ៉ាស៊ីនតោនក៏បានដាក់ទណ្ឌកម្មលើមេដឹកនាំជាន់ខ្ពស់ពីររូបនៃកងទ័ពប្រជាធិបតេយ្យការ៉ែន (DKBA) នៅមីយ៉ាន់ម៉ា គឺមេបញ្ជាការកំពូល ឧត្តមសេនីយ៍ Saw Shwe Wah និងវរសេនីយ៍ឯក Saw A One ដែលទទួលបន្ទុកផ្នែកសន្តិសុខ និងបានប្រព្រឹត្តអំពើហិង្សាលើជនរងគ្រោះនៃការជួញដូរមនុស្ស ដែលត្រូវបានបង្ខាំងទុកនៅក្នុងមជ្ឈមណ្ឌលបោកបន្លំទាំងនោះ។

អាជ្ញាធរអាម៉េរិកបានគូសបញ្ជាក់ថា មជ្ឈមណ្ឌលបោកបន្លំនៅអាស៊ីអាគ្នេយ៍ ដែលភាគច្រើនដំណើរការដោយក្រុមឧក្រិដ្ឋជនចិន បានឆបោកប្រាក់ពីពលរដ្ឋអាម៉េរិកប្រមាណ ១៨,២ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៥ ព្រមទាំងបានជំរុញឱ្យមានការជួញដូរមនុស្ស ផ្តល់ហិរញ្ញប្បទានដល់ក្រុមប្រដាប់អាវុធ និងបំផ្លាញនីតិរដ្ឋក្នុងតំបន់។ សហរដ្ឋអាម៉េរិកបានអំពាវនាវដល់បណ្តារដ្ឋាភិបាលក្នុងតំបន់ ឱ្យចាត់វិធានការបិទប្រតិបត្តិការបោកបន្លំទាំងនេះ នាំខ្លួនមេខ្លោង និងអ្នកការពារនៅពីក្រោយខ្នងមកកាត់ទោសតាមច្បាប់ ព្រមទាំងជួយសង្គ្រោះជនរងគ្រោះនៃការជួញដូរមនុស្ស ដោយសន្យាថានឹងបន្តសហការជាមួយដៃគូអន្តរជាតិដើម្បីរំលាយបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនទាំងនេះឱ្យអស់ពីតំបន់៕


Khcct banner

អត្ថបទទាក់ទង