ម៉ិកស៊ិក៖ ក្រសួងការពារជាតិម៉ិកស៊ិក (Sedena) បានប្រកាលពីថ្ងៃសៅរ៍ថា កងកម្លាំងពិសេសរបស់ម៉ិកស៊ិកបានចាប់ខ្លួនលោក Fausto Isidro Meza Flores ដែលមានឈ្មោះហៅក្រៅថា «Chapo Isidro»ដែលជាស្តេចគ្រឿងញៀនដ៏ខ្លាំងក្លាម្នាក់។ បុគ្គលរូបនេះស្ថិតនៅក្នុងបញ្ជីជនរត់គេចខ្លួនដែលត្រូវបានតាមចាប់ខ្លួនខ្លាំងបំផុតទាំង ១០ នាក់ (10 Most Wanted Fugitives) របស់ការិយាល័យស៊ើបអង្កេតសហព័ន្ធអាម៉េរិក (FBI)។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានបញ្ជាក់ថា ការចាប់ខ្លួននេះបានធ្វើឡើងកាលពីយប់ថ្ងៃសុក្រ នៅក្នុងក្រុង Guasave នៃរដ្ឋ Sinaloa ដែលស្ថិតនៅភាគពាយ័ព្យ។ ប្រតិបត្តិការនេះកើតឡើងបន្ទាប់ពីមានការសម្របសម្រួលរវាងក្រសួងការពារជាតិម៉ិកស៊ិក (Sedena) និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាម៉េរិក ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។
FBI បានដាក់ឈ្មោះលោក Meza Flores ចូលទៅក្នុងបញ្ជីនេះកាលពីខែកុម្ភៈ ឆ្នាំ ២០២៥។ ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានប្រកាសផ្តល់រង្វាន់រហូតដល់ ៥ លានដុល្លារអាម៉េរិក សម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួន ឬការកាត់ទោសរូបគេ។ លោក «Chapo Isidro» កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងការសមគំនិតជួញដូរគ្រឿងញៀនចូលទៅក្នុងសហរដ្ឋអាម៉េរិក ព្រមទាំងការប្រើប្រាស់ និងកាន់កាប់អាវុធភ្លើងដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពជួញដូរគ្រឿងញៀន។
ក្រសួងការពារជាតិម៉ិកស៊ិក (Sedena) បានបញ្ជាក់ថា លោកគឺជាមេដឹកនាំនៃអង្គការឧក្រិដ្ឋកម្ម «Beltran Leyva» ដែលជាសម្ព័ន្ធមិត្តជាមួយក្រុម Mayos នៃបណ្តាញឧក្រិដ្ឋកម្ម Pacific Cartel។ ក្រៅពីនេះ មនុស្សពីរនាក់ផ្សេងទៀតក៏ត្រូវបានចាប់ខ្លួនផងដែរ គឺលោក German N (ហៅក្រៅថា «Serafin») ដែលជាមេដឹកនាំលំដាប់ទីពីរនៃក្រុមនេះ និងលោក Jose N ដែលជាអ្នកទទួលបន្ទុកផ្នែកហិរញ្ញវត្ថុរបស់ក្រុម៕