Khmer suport khmer cc time

វៀតណាម លុបចោលទោសប្រហារជីវិតចំពោះបទល្មើសជួញដូរគ្រឿងញៀន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ហាណូយ៖ រដ្ឋសភានៃប្រទេសវៀតណាម កាលពីថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៦ បានបោះឆ្នោតអនុម័តលើវិសោធនកម្មក្រមព្រហ្មទណ្ឌ ដោយសម្រេចលុបចោលទោសប្រហារជីវិតសម្រាប់បទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរមួយចំនួនទៀត ដោយរក្សាទុកទោសប្រហារជីវិតឱ្យនៅមានអនុវត្តចំពោះបទល្មើសតែ ៤ ប៉ុណ្ណោះ គឺបទល្មើសក្បត់ជាតិ ឃាតកម្ម អំពើភេរវកម្ម និងការផលិតគ្រឿងញៀនខុសច្បាប់។

យោងតាមក្រមព្រហ្មទណ្ឌដែលបានកែសម្រួលថ្មីនេះ ក្រៅពីបទល្មើសជួញដូរគ្រឿងញៀន បទល្មើសផ្សេងទៀតដែលត្រូវបានដកចេញពីបញ្ជីទោសប្រហារជីវិត រួមមាន បទល្មើសប្រឆាំងនឹងមនុស្សជាតិ បទល្មើសសង្គ្រាម ការបះបោរ និងការចាប់រំលោភអនីតិជន ដោយទោសអតិបរមាសម្រាប់បទល្មើសទាំងនេះត្រូវបានប្តូរទៅជាការដាក់ពន្ធនាគារអស់មួយជីវិតជំនួសវិញ។ នេះគឺជាជំហានកំណែទម្រង់ច្បាប់ដ៏ធំចុងក្រោយបំផុតរបស់វៀតណាម ក្នុងការកាត់បន្ថយបទល្មើសដែលត្រូវទទួលទោសប្រហារជីវិត ធៀបនឹងក្រមព្រហ្មទណ្ឌឆ្នាំ ១៩៨៥ ដែលធ្លាប់កំណត់ទោសប្រហារជីវិតលើបទល្មើសរហូតដល់ ៤៤ ករណី។

មុនការអនុម័តនេះ សមាជិករដ្ឋសភាវៀតណាមមួយចំនួនធ្លាប់បានបង្ហាញការជំទាស់ចំពោះការដកទោសប្រហារជីវិតលើបទល្មើសជួញដូរគ្រឿងញៀន។ រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈវៀតណាម លោក Luong Tam Quang បានពន្យល់ការពារសេចក្តីសម្រេចនេះថា ភស្តុតាងជាក់ស្តែងបានបង្ហាញថា ជនល្មើសជួញដូរគ្រឿងញៀនមួយចំនួនត្រូវបានគេលួងលោម បោកបញ្ឆោត ឬបង្ខិតបង្ខំឱ្យប្រព្រឹត្តបទល្មើស ដូច្នេះពួកគេនៅតែមានលទ្ធភាពកែប្រែខ្លួន និងទទួលការអប់រំឡើងវិញ ដោយពុំចាំបាច់ឈានដល់ការដាក់ទោសប្រហារជីវិតនោះឡើយ។

គួរបញ្ជាក់ថា ប្រទេសវៀតណាមបានប្តូរមកប្រើប្រាស់វិធីសាស្ត្រចាក់ថ្នាំសម្លាប់ជំនួសឱ្យការបាញ់ប្រហារចាប់តាំងពីឆ្នាំ ២០១៣ ប៉ុន្តែរដ្ឋាភិបាលមិនដែលប្រកាសតួលេខផ្លូវការនៃអ្នកទោសដែលត្រូវបានប្រហារជីវិតនោះទេ ខណៈអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានប៉ាន់ប្រមាណថា មានអ្នកទោសជាង ១.២០០ នាក់កំពុងរង់ចាំការអនុវត្តទោសប្រហារជីវិតគិតត្រឹមចុងឆ្នាំ ២០២៣ ហើយកាលពីខែកញ្ញាកន្លងទៅ តុលាការវៀតណាមក៏ទើបតែបានកាត់ទោសប្រហារជីវិតមនុស្ស ១១ នាក់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនពីប្រទេសបារាំងផងដែរ៕

Khcct banner

អត្ថបទទាក់ទង