Khmer suport khmer cc time

អ៊ុយក្រែន និងចក្រភពអង់គ្លេស ចុះកិច្ចព្រមព្រៀងផលិតដ្រូនវាយប្រហាររយៈចម្ងាយឆ្ងាយរួមគ្នានៅលើទឹកដីអង់គ្លេស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
រដ្ឋមន្ត្រីក្រសួងការពារជាតិ Yevhenii Khmara និងរដ្ឋមន្ត្រីការពារជាតិអង់គ្លេស Wes Streeting ថ្ងៃទី ២១ ខែវិច្ឆិកា 

កៀវ៖ ក្រសួងការពារជាតិអ៊ុយក្រែន បានប្រកាសកាលពីថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៦ ថា ប្រទេសអ៊ុយក្រែន និងចក្រភពអង់គ្លេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូផ្នែកឧស្សាហកម្មការពារជាតិ ដើម្បីផលិតយន្តហោះគ្មានមនុស្សបើក (UAVs) ដែលរចនាដោយអ៊ុយក្រែន សម្រាប់ការវាយប្រហារក្នុងរយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយ នៅលើទឹកដីចក្រភពអង់គ្លេស។ គម្រោងផលិតកម្មនេះនឹងទទួលបានហិរញ្ញប្បទានគាំទ្រពីទីក្រុងឡុងដ៍ ហើយដ្រូនដែលផលិតរួចរាល់នឹងត្រូវបញ្ជូនដោយផ្ទាល់ទៅកាន់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន (AFU)។

យោងតាមគេហទំព័រ Kyiv Post កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅទីក្រុងកៀវ ដោយរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Yevhenii Khmara និងរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Wes Streeting ដោយផ្តោតលើប្រភេទដ្រូនដែលត្រូវបានសាកល្បងរួចហើយនៅលើសមរភូមិ និងបង្ហាញប្រសិទ្ធភាពខ្ពស់ក្នុងការប្រយុទ្ធជាក់ស្តែង។ លោក Khmara បានគូសបញ្ជាក់ថា ភាពជាដៃគូនេះគឺជាការរួមបញ្ចូលគ្នារវាងជំនាញវិស្វកម្មការពារជាតិ និងបទពិសោធន៍ប្រយុទ្ធរបស់អ៊ុយក្រែន ជាមួយនឹងសមត្ថភាពឧស្សាហកម្មផលិតកម្មរបស់អង់គ្លេស ដើម្បីបង្កើនទិន្នផលផ្គត់ផ្គង់ដល់ជួរមុខ។

ក្រៅពីកិច្ចសហប្រតិបត្តិការផលិតដ្រូន រដ្ឋមន្ត្រីការពារជាតិទាំងពីររូប ក៏បានពិភាក្សាអំពីការពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនមុនឈានចូលរដូវរងា តាមរយៈការពន្លឿនការបញ្ជូនមីស៊ីលពហុមុខងារទម្ងន់ស្រាល (LMM) ចេញពីស្តុកយោធាអង់គ្លេស ក៏ដូចជាការធ្វើទំនើបកម្មប្រព័ន្ធមីស៊ីលដែលផលិតក្នុងស្រុករបស់អ៊ុយក្រែនផងដែរ។

តាមរយៈកិច្ចព្រមព្រៀងជាមួយទីក្រុងឡុងដ៍នេះ អ៊ុយក្រែនអាចសម្រេចបាននូវយុទ្ធសាស្ត្រផ្លាស់ប្តូរទីតាំងផលិតកម្មដ្រូនទៅកាន់ប្រទេសដៃគូ ដើម្បីបញ្ចៀសហានិភ័យពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ព្រមទាំងបង្កើនសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយទៅលើមជ្ឈមណ្ឌលឧស្សាហកម្មយោធា និងភស្តុភារកម្មនៅខាងក្នុងទឹកដីរុស្ស៊ី ដូចដែលដ្រូនរយៈចម្ងាយឆ្ងាយ និងមីស៊ីលប្រឆាំងនាវាប្រភេទ Neptune របស់អ៊ុយក្រែនបានធ្វើសកម្មភាពវាយប្រហារលើគោលដៅសំខាន់ៗនាពេលថ្មីៗនេះ៕

Khcct banner

អត្ថបទទាក់ទង