ញូវដេលី៖ មនុស្សយ៉ាងហោចណាស់ ១១ នាក់បានបាត់បង់ជីវិត និងជាង ១៨០ នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីបានទទួលទានស្រាមិនស្របច្បាប់ដែលសង្ស័យថាមានផ្ទុកសារធាតុពុល នៅក្នុងរដ្ឋម៉ានីពួរ (Manipur) ភាគឦសាននៃប្រទេសឥណ្ឌា។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ។
ប្រមុខរដ្ឋបាលរដ្ឋម៉ានីពួរ លោក យូមណាម ខេមចាន់ ស៊ីង (Yumnam Khemchand Singh) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៦ ថា ជនរងគ្រោះបានធ្លាក់ខ្លួនឈឺភ្លាមៗបន្ទាប់ពីផឹកស្រាសទាំងនោះ ដោយគិតត្រឹមរយៈពេល ៤៨ ម៉ោងចុងក្រោយ មានអ្នកជំងឺជាង ១៨០ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួនពីរកន្លែង ខណៈតួលេខអ្នកស្លាប់បានកើនឡើងដល់ ១១ នាក់។ លោកបានបញ្ជាឱ្យសមត្ថកិច្ចបើកការស៊ើបអង្កេតជាបន្ទាន់ ដើម្បីចាប់ខ្លួនអ្នកពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់។
គួរកត់សម្គាល់ថា ករណីស្លាប់ដោយសារការផឹកស្រាសផលិតដោយខុសច្បាប់ តែងតែកើតមានជាញឹកញាប់នៅក្នុងប្រទេសឥណ្ឌា ដោយសារស្រាសប្រភេទនេះមានតម្លៃថោក (តិចជាង ១ ដុល្លារក្នុងមួយដប) ត្រូវបានលក់នៅក្រៅប្រព័ន្ធត្រួតពិនិត្យផ្លូវការ និងជារឿយៗត្រូវបានគេលាយបញ្ចូលសារធាតុគីមីឧស្សាហកម្មមេតាណុល (Methanol) ដែលមានជាតិពុលខ្ពស់ អាចបណ្តាលឱ្យខ្វាក់ភ្នែក ខូចថ្លើម និងឈានដល់ការបាត់បង់ជីវិត។ កាលពីខែឧសភា និងខែសីហា ឆ្នាំ ២០២៦ កន្លងទៅ ឧប្បត្តិហេតុពុលស្រាលាយសារធាតុមេតាណុលស្រដៀងគ្នានេះនៅរដ្ឋមហារ៉ាស្ត្រា (Maharashtra) និងរដ្ឋហ្គូចារ៉ាត (Gujarat) ក៏បានឆក់យកជីវិតមនុស្សសរុបចំនួន ២៨ នាក់ និងប៉ះពាល់ដល់មនុស្សរាប់សិបនាក់ផ្សេងទៀតផងដែរ៕