អ៊ីរ៉ង់៖ មន្ត្រីតុលាការអ៊ីរ៉ង់ម្នាក់បានប្រកាសកាលពីថ្ងៃចន្ទថា តុលាការអ៊ីរ៉ង់បានបញ្ជាឱ្យសហរដ្ឋអាម៉េរិកបង់ប្រាក់សំណងចំនួន ២៩០ ពាន់លានដុល្លារ ចំពោះសកម្មភាពរបស់សហរដ្ឋអាម៉េរិកដែលបានប្រព្រឹត្តប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ លោកបានបន្ថែមថា បណ្តឹងក៏ត្រូវបានដាក់ប្រឆាំងនឹងបណ្តាប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រផងដែរ ដោយចោទប្រកាន់ថាប្រទេសទាំងនោះបានអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោនប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីវាយប្រហារលើប្រទេសអ៊ីរ៉ង់។
បើតាមលោក Hassan Abdolianpour ប្រធានមជ្ឈមណ្ឌលមេធាវីនៃស្ថាប័នតុលាការអ៊ីរ៉ង់បានថ្លែងប្រាប់ទូរទស្សន៍រដ្ឋថា៖ «យើងទទួលបានសេចក្តីសម្រេចពីតុលាការក្នុងស្រុក ដែលតម្រូវឱ្យភាគីអាម៉េរិកបង់ប្រាក់សំណងចំនួន ២៩០ ពាន់លានដុល្លារ»។ លោកក៏បានបញ្ជាក់ដែរថា មានបណ្តឹងជាច្រើនត្រូវបានដាក់ប្រឆាំងនឹងបណ្តាប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រ ក្រោមការចោទប្រកាន់ថាបាន អនុញ្ញាតឱ្យអាម៉េរិកប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់។
គួររម្លឹកថាជម្លោះសង្គ្រាមនៅមជ្ឈិមបូព៌ាបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារជាបន្តបន្ទាប់ ដែលបណ្តាលឱ្យមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺលោក Ayatollah Ali Khamenei ទទួលមរណភាព។ អ៊ីរ៉ង់បានឆ្លើយតបវិញដោយបាញ់មីស៊ីល និងបញ្ជូនយន្តហោះដ្រូនទៅវាយប្រហារប្រទេសនានានៅក្នុងតំបន់ ដោយអះអាងថាខ្លួនកំពុងកំណត់គោលដៅលើមូលដ្ឋាន និងទ្រព្យសម្បត្តិរបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល។
អនុស្សរណៈនៃការយោគយល់គ្នានៅទីក្រុងអ៊ីស្លាម៉ាបាដ (Islamabad) ដែលបានចុះហត្ថលេខាកាលពីខែមិថុនា រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ក្នុងគោលបំណងត្រួសត្រាយផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពនោះ មានចំណុចមួយដែលចែងថា ទីក្រុងវ៉ាស៊ីនតោន និងដៃគូក្នុងតំបន់របស់ខ្លួន នឹងរៀបចំផែនការដែលមានទឹកប្រាក់យ៉ាងតិច ៣០០ ពាន់លានដុល្លារ សម្រាប់ការកសាងឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសអ៊ីរ៉ង់៕