វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក បានប្រកាសផែនការដំឡើងពន្ធបន្ថែមថ្មីមួយទៀត ក្រោមគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលនឹងប៉ះពាល់ដល់ដៃគូពាណិជ្ជកម្មធំៗចំនួន ១៤ រួមមាន ចិន សហភាពអឺរ៉ុប (EU) ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ វៀតណាម ថៃ កម្ពុជា ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី ស្វីស បង់ក្លាដែស និងឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC។
យោងតាមការិយាល័យតំណាងពាណិជ្ជកម្មអាម៉េរិក (USTR) ពន្ធថ្មីនេះកើតចេញពីការស៊ើបអង្កេតដែលបានចាប់ផ្តើមតាំងពីខែមីនា បន្ទាប់ពីតុលាការកំពូលអាម៉េរិក បានសម្រេចលុបចោលពន្ធទូទាំងពិភពលោក (Liberation Day) កាលពីខែមេសា ឆ្នាំ២០២៥ របស់លោក ត្រាំ ដោយចាត់ទុកថាខុសច្បាប់។
ក្នុងអត្រាពន្ធដែលបានស្នើឡើង ចិនប្រឈមនឹងអត្រាខ្ពស់បំផុតរហូតដល់ ៤០% បន្ទាប់មកវៀតណាមរហូតដល់ ៣៥% ខណៈប្រទេសផ្សេងៗទៀតស្ថិតក្នុងកម្រិត ២០% ឬ ២៥% ទោះបីផលប៉ះពាល់ជាក់ស្តែងអាចស្រាលជាងការរំពឹងទុក ដោយសារមានកម្រិតពន្ធអតិបរមាដែលបានព្រមព្រៀងរួច និងទំនិញជាប់ពន្ធថ្មីមានចំនួនកំណត់។ អាម៉េរិកក៏បានស្នើដំឡើងពន្ធ ១០% លើទំនិញប្រេស៊ីល ដូចជាយន្តហោះសម្រេច និងស្ករស ក្រោមការស៊ើបអង្កេតដាច់ដោយឡែកមួយទៀត។
តំណាងពាណិជ្ជកម្មអាម៉េរិក បានលើកឡើងថា វិធានការនេះមានគោលបំណង «បង្កើតភាពស្មើគ្នាសម្រាប់កម្មករអាម៉េរិក» និងទប់ស្កាត់ការអនុវត្តដែលធ្វើឱ្យប៉ះពាល់ដល់វិស័យផលិតកម្ម និងឱនភាពពាណិជ្ជកម្មរបស់អាម៉េរិក។ អ្នកសេដ្ឋកិច្ចបានព្រមានថា ការដំឡើងពន្ធអាចជំរុញអតិផរណា ធ្វើឱ្យតម្លៃទំនិញសម្រាប់អ្នកប្រើប្រាស់កើនឡើង និងធ្វើឱ្យពាណិជ្ជកម្មពិភពលោកថមថយ។
ប្រទេស និងដៃគូពាណិជ្ជកម្មជាច្រើនរបស់អាម៉េរិក បានសម្តែងការមិនពេញចិត្តចំពោះវិធានការថ្មីនេះ។ ក្នុងនោះ អ្នកនាំពាក្យចិនបានចាត់ទុកថា វាជា «ការកេងចំណេញផ្នែកនយោបាយ» ខណៈវៀតណាមលើកឡើងថា អត្រាពន្ធនេះ «មិនស្របនឹងការពិត» នៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ ចំណែកសហភាពអឺរ៉ុប ទាមទាររក្សាកម្រិតពន្ធឱ្យនៅត្រឹម ១៥% ដូចការព្រមព្រៀងពីមុន។
គួរបញ្ជាក់ថា ពន្ធថ្មីនេះមិនទាន់ចូលជាធរមានភ្លាមៗទេ ដោយត្រូវឆ្លងកាត់ការពិគ្រោះយោបល់ជាសាធារណៈ និងអាចមានសវនាការជាមុនសិន មុនពេលចាប់ផ្តើមអនុវត្តនៅឆ្នាំក្រោយ៕