ព្យុងយ៉ាង៖ ក្រសួងការបរទេសកូរ៉េខាងជើង បានចេញបញ្ជាបណ្តេញប្រធានការិយាល័យការទូតស្វីសប្រចាំទីក្រុងព្យុងយ៉ាង លោក Sylvain Astier ឱ្យចាកចេញពីប្រទេសក្នុងរយៈពេល ៤៨ ម៉ោង និងបានទាមទារឱ្យបិទការិយាល័យការទូតដែលទើបនឹងបើកដំណើរការឡើងវិញនេះជាបន្ទាន់។ វិធានការដ៏តឹងរ៉ឹងនេះកើតឡើងមួយថ្ងៃបន្ទាប់ពីលោកស្រី Kim Yo Jong ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានថ្កោលទោសយ៉ាងខ្លាំងចំពោះប្រទេសស្វីស ដែលបានសម្រេចដាក់ទណ្ឌកម្មលើជំរុំកុមារអន្តរជាតិ Songdowon នៅទីក្រុងវ៉ុនសាន (Wonsan) ក្រោមការចោទប្រកាន់ថា ជំរុំនេះបានជួយដល់ការបញ្ចូលមនោគមវិជ្ជាទៅលើកុមារអ៊ុយក្រែនដែលត្រូវបាននាំយកមកពីតំបន់កាន់កាប់ដោយរុស្ស៊ី។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) កាលពីថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២៦។
យោងតាមសេចក្តីរាយការណ៍របស់ KCNA លោក Pak Hyon Su អគ្គនាយកនាយកដ្ឋានអឺរ៉ុបនៃក្រសួងការបរទេសកូរ៉េខាងជើង បានកោះហៅលោក Astier មកប្រគល់កំណត់ហេតុផ្លូវការ ដោយប្រកាសចាត់ទុកលោកជា បុគ្គលដែលមិនត្រូវបានស្វាគមន៍ (persona non grata) និងទុកពេលត្រឹមតែ ៤៨ម៉ោងរើអីវ៉ាន់របស់ខ្លួនចាកចេញពីប្រទេសកូរ៉េខាងជើងជាបន្ទាន់។
គួររម្លឹកថាភាពតានតឹងផ្នែកការទូតនេះបានផ្ទុះឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសស្វីស លោក Ignazio Cassis បានបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង (ដែលជាទស្សនកិច្ចកម្រិតរដ្ឋមន្ត្រីស្វីសលើកដំបូងគិតចាប់តាំងពីឆ្នាំ ២០០៣) ដើម្បីពិភាក្សាអំពីការស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ។ ក្រសួងការបរទេសស្វីសបានបញ្ជាក់កាលពីថ្ងៃអង្គារថា ការបើកការិយាល័យការទូតឡើងវិញនៅព្យុងយ៉ាង (ក្រោយបិទតាំងពីឆ្នាំ ២០២០ ដោយសារជំងឺកូវីដ-១៩) គឺដើម្បីរក្សាច្រកសន្ទនាការទូតប៉ុណ្ណោះ ហើយមិនពាក់ព័ន្ធនឹងគោលនយោបាយអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ឬសហភាពអឺរ៉ុបពាក់ព័ន្ធនឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននោះឡើយ៕