Khmer suport khmer cc time

ទឹកជំនន់វាយខ្ទប់អណ្តូងរ៉ែមាសនៅឥណ្ឌូណេស៊ី សម្លាប់មនុស្ស ១៣ នាក់ និង ១៣ នាក់ទៀតបន្តជាប់គាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហ្សាកាតា៖ អាជ្ញាធរប៉ូលិស និងក្រុមជួយសង្គ្រោះឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា នេះ បានឱ្យដឹងថា ក្រុមសង្គ្រោះនឹងបន្តប្រតិបត្តិការស្វែងរកកម្មករចំនួន ១៣ នាក់ ដែលកំពុងជាប់គាំងនៅក្រោមដីក្នុងអណ្តូងរ៉ែមាសខុសច្បាប់មួយកន្លែង នៅខេត្ត West Java ប្រទេសឥណ្ឌូណេស៊ី ខណៈមនុស្សចំនួន ១៣ នាក់ផ្សេងទៀតត្រូវបានបញ្ជាក់ថាស្លាប់បាត់បង់ជីវិត។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កម្មករសរុបចំនួន ២៦ នាក់ នៅក្នុងតំបន់ Bogor ភាគខាងត្បូងរដ្ឋធានីហ្សាកាតា បានចូលទៅក្នុងអណ្តូងរ៉ែកាលពីថ្ងៃចន្ទ មុនពេលភ្លៀងធ្លាក់ខ្លាំងហូរជន់លិចរូងអណ្តូង និងធ្វើឱ្យពួកគេជាប់គាំងនៅជម្រៅ ១០០ ម៉ែត្រក្រោមដី។

ស្នងការប៉ូលិសខេត្ត West Java បានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ទាំង ១៣ នាក់ មាន ៦ នាក់ត្រូវបានកំណត់អត្តសញ្ញាណរួចរាល់ ហើយប្រតិបត្តិការរុករកនឹងបន្តធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ ប្រសិនបើអាកាសធាតុអំណោយផល។

ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះឥណ្ឌូណេស៊ី បានឱ្យដឹងថា ក្រុមសង្គ្រោះកំពុងប្រើខ្សែពួរសម្រូតចុះទៅក្នុងរូងអណ្តូងចំនួនពីរ ប៉ុន្តែជម្រៅរហូតដល់ ១០០ ម៉ែត្រ រួមជាមួយស្ថានភាពរូងតូចចង្អៀត រអិល និងងងឹត បានបង្កការលំបាកយ៉ាងខ្លាំងដល់ការរុករក។

គួរបញ្ជាក់ថា ការជីករ៉ែខ្នាតតូច និងខុសច្បាប់នៅតំបន់ដាច់ស្រយាលក្នុងប្រទេសឥណ្ឌូណេស៊ី តែងបង្កឱ្យមានគ្រោះថ្នាក់ជាញឹកញាប់ ដូចជាករណីពុលឧស្ម័នកាបូនម៉ូណូអុកស៊ីតសម្លាប់កម្មករជាច្រើននាក់ក្នុងតំបន់តែមួយនេះកាលពីខែមករា។ ទន្ទឹមនេះ ក្រុមហ៊ុនរុករករ៉ែរបស់រដ្ឋ Antam ក៏បានបញ្ជាក់ដែរថា ឧបទ្ទវហេតុនេះបានកើតឡើងនៅអណ្តូងរ៉ែគ្មានច្បាប់អនុញ្ញាត និងមិនពាក់ព័ន្ធនឹងប្រតិបត្តិការរបស់ខ្លួនឡើយ៕

Khcct banner

អត្ថបទទាក់ទង