Khmer suport khmer cc time

ចក្រភពអង់គ្លេស ដាក់ទណ្ឌកម្មលើមេដឹកនាំយោធាកំពូលរបស់មីយ៉ាន់ម៉ា ៥ រូប ក្រោយតុលាការ ICJ សម្រេចរឿងប្រល័យពូជសាសន៍រ៉ូហ៊ីងយ៉ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ទីក្រុងឡុងដ៍៖ រដ្ឋាភិបាលចក្រភពអង់គ្លេស បានប្រកាសដាក់ទណ្ឌកម្មលើមេដឹកនាំយោធាជាន់ខ្ពស់មីយ៉ាន់ម៉ាចំនួន ៥ រូប បន្ទាប់ពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានចេញសាលក្រមប្រវត្តិសាស្ត្រសម្រេចថា ប្រទេសមីយ៉ាន់ម៉ាពិតជាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រដែលរដ្ឋមួយត្រូវបានរកឃើញថាមានពិរុទ្ធពីបទឧក្រិដ្ឋនេះ។

បើតាមរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Ed Miliband បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់សភាថា ការឆ្លើយតបចំពោះឧក្រិដ្ឋកម្មដ៏គួរឱ្យតក់ស្លុតដូចជាអំពើប្រល័យពូជសាសន៍ ត្រូវតែធ្វើឡើងតាមរយៈសកម្មភាពច្បាស់លាស់ ដោយលោកបានចង្អុលបង្ហាញថា លោក Min Aung Hlaing (ដែលជាប្រមុខយោធាក្នុងឆ្នាំ ២០១៧ និងត្រូវបានអង់គ្លេសដាក់ទណ្ឌកម្មតាំងពីឆ្នាំ ២០២១) គឺជាអ្នកទទួលខុសត្រូវដោយផ្ទាល់ចំពោះអំពើឃោរឃៅទាំងនោះ។

លោក Miliband ក៏បានប្រកាសដាក់ទណ្ឌកម្មថ្មីលើមន្ត្រីយោធាជាន់ខ្ពស់មីយ៉ាន់ម៉ាចំនួន ៥ រូប ក្រោមបទប្បញ្ញត្តិទណ្ឌកម្មសិទ្ធិមនុស្សសកល ឆ្នាំ ២០២៦ និងបទប្បញ្ញត្តិទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ា ឆ្នាំ ២០២១ រួមមាន៖ ឧត្តមសេនីយ៍ត្រី Myo Htut Hlaing អនុមេបញ្ជាការតំបន់ភាគពាយ័ព្យ ដែលពាក់ព័ន្ធនឹងការធ្វើទារុណកម្មឃោរឃៅលើអ្នកទោសនៅរដ្ឋ Chin; ឧត្តមសេនីយ៍ទោ Myo Min Tun មេបញ្ជាការយោធាតំបន់ភាគខាងកើត (រដ្ឋ Shan និង Kayah) ដែលពាក់ព័ន្ធនឹងការបង្ក្រាបជនស៊ីវិល និងគំរាមកំហែងសន្តិភាព; ឧត្តមសេនីយ៍ទោ Myat Thet Oo អតីតមេបញ្ជាការតំបន់ភាគខាងជើង (រដ្ឋ Kachin) និងអតីតឯកអគ្គរាជទូតប្រចាំប្រទេសឡាវ ដែលបានជួយសម្រួលដល់ការបង្ក្រាបជនស៊ីវិល; ឧត្តមសេនីយ៍ទោ Kyaw Soe មេបញ្ជាការតំបន់ភាគខាងលិច (រដ្ឋ Rakhine) ដែលតែងតាំងនៅខែមិថុនា ឆ្នាំ ២០២៦ ពាក់ព័ន្ធនឹងការបង្ក្រាបយ៉ាងធ្ងន់ធ្ងរលើជនស៊ីវិល; និងឧត្តមសេនីយ៍ឯក Kyaw Swar Oo អតីតមេបញ្ជាការតំបន់ភាគខាងលិច ដែលទទួលខុសត្រូវលើការវាយប្រហារតាមអាកាសលើមន្ទីរពេទ្យទូទៅ Mrauk-U បណ្តាលឱ្យជនស៊ីវិល ៣៣ នាក់ស្លាប់ (រួមទាំងទារកម្នាក់) និងមនុស្សជាច្រើននាក់រងរបួស។

លោក Miliband ក៏បានទាមទារឱ្យអាជ្ញាធរមីយ៉ាន់ម៉ាបញ្ឈប់ជាបន្ទាន់នូវការរំលោភបំពានសិទ្ធិមនុស្សដែលកំពុងបន្ត ស៊ើបអង្កេត និងផ្តន្ទាទោសជនល្មើស ព្រមទាំងធានាការពារកុំឱ្យអំពើឃោរឃៅបែបនេះកើតឡើងសាជាថ្មី ខណៈដែលសមាជិកសភាអង់គ្លេសក៏បានទទួលសេចក្តីរាយការណ៍អំពីការវាយប្រហារតាមអាកាស និងអំពើហិង្សាពាក់ព័ន្ធនឹងកងទ័ពអារ៉ាកាន (Arakan Army) ដែលនៅតែបន្តកើតមានឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

គួររំលឹកផងថា នៅអំឡុងពេលកើតមានអំពើប្រល័យពូជសាសន៍ឆ្នាំ ២០១៧ ប្រទេសមីយ៉ាន់ម៉ាស្ថិតក្រោមការដឹកនាំរបស់លោកស្រី អ៊ុងសាន ស៊ូជី មុនពេលដែលលោកស្រីត្រូវបានកងទ័ពធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងនៅឆ្នាំ ២០២១៕

Khcct banner

អត្ថបទទាក់ទង