ក្រុងឡុងដ៍៖ យោងតាមការវាយតម្លៃរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់នៃក្រសួងការពារជាតិចក្រភពអង់គ្លេស និងការវិភាគស្ថិតិថ្មីមួយដែលចេញផ្សាយកាលពីថ្ងៃចន្ទ ដោយផ្អែកមួយផ្នែកលើទិន្នន័យដែលត្រូវបានលួចចូល (hacked) បានបង្ហាញថា ចំនួនទាហានរុស្ស៊ីដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែនបានកើនឡើងលើសពី ៧០០.០០០ នាក់ហើយ ហើយប្រសិនបើគិតបញ្ចូលទាំងអ្នករងរបួសធ្ងន់ធ្ងររហូតលែងអាចត្រឡប់ទៅសមរភូមិបានទៀត តួលេខនៃការបាត់បង់កម្លាំងប្រយុទ្ធសរុបគឺមានចំនួនលើសពី ២ លាននាក់ឯណោះ។
របាយការណ៍ស៊ើបការណ៍អង់គ្លេសបានគូសបញ្ជាក់ថា បច្ចុប្បន្នកងកម្លាំងរុស្ស៊ីនៅតែបន្តរងការបាត់បង់ជីវិត និងរបួសក្នុងអត្រាពី ៣០.០០០ ទៅ ៤០.០០០ នាក់ក្នុងមួយខែ នៅក្នុងសមរភូមិដ៏សាហាវដែលត្រូវបានគេប្រដូចទៅនឹង «ម៉ាស៊ីនកិនសាច់» ក្នុងតំបន់ដុនបាស (Donbas)។ កម្រិតនៃការបាត់បង់ដ៏មហាសាលនេះ ត្រូវបានប្រៀបធៀបទៅនឹងសមរភូមិដ៏បង្ហូរឈាមបំផុតក្នុងសង្គ្រាមលោកលើកទី ១ គឺសមរភូមិ Somme និង Passchendaele ខណៈទាហានរុស្ស៊ីដែលទើបជ្រើសរើសថ្មីមានអាយុរស់រានមានជីវិតខ្លីបំផុត ។
ដើម្បីចៀសវាងការប្រកាសចល័តកងទ័ពទ្រង់ទ្រាយធំដែលអាចបង្កការផ្ទុះកំហឹងក្នុងសង្គម ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រើប្រាស់យន្តការកំណត់កូតា និងការទាក់ទាញផ្នែកហិរញ្ញវត្ថុទៅលើប្រជាជនក្រីក្រនៅតាមខេត្តដាច់ស្រយាល នៅតំបន់ Khanty-Mansi ភាគខាងលិចស៊ីបេរី រដ្ឋាភិបាលបានផ្តល់ប្រាក់រង្វាន់ចុះឈ្មោះចូលបម្រើកងទ័ពរហូតដល់ ៤,១ លានរូប្ល (ប្រមាណ ៣៨.០០០ ផោន) ដែលច្រើនជាងប្រាក់ចំណូលអប្បបរមារយៈពេល ១២ ឆ្នាំរបស់ពលរដ្ឋរុស្ស៊ីទៅទៀត។ យុទ្ធសាស្ត្រនេះបានធ្វើឱ្យអត្រាអ្នកស្លាប់ភាគច្រើនធ្លាក់ទៅលើកូនចៅអ្នកស្រុកតាមទីក្រុងតូចៗ និងជនបទ ខណៈដែលគ្រួសារអ្នកមានទ្រព្យធន និងអ្នករស់នៅទីក្រុងធំៗដូចជាទីក្រុងមូស្គូ និងសាំងពេទឺប៊ឺគ ស្ទើរតែមិនរងផលប៉ះពាល់ឡើយ
ទន្ទឹមនឹងការបាត់បង់កម្លាំងទ័ពយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ វិមានក្រឹមឡាំងក៏កំពុងប្រឈមនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន ដែលបានកម្ទេចគោលដៅយុទ្ធសាស្ត្រសំខាន់ៗនៅខាងក្នុងទឹកដីរុស្ស៊ី រួមមានរោងចក្រចម្រាញ់ប្រេង ព្រលានយន្តហោះយោធា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ និងនាវាកងទ័ពជើងទឹក ដែលបង្ហាញថាតំបន់ខាងក្រោយរបស់រុស្ស៊ីលែងមានសុវត្ថិភាពទៀតហើយ បើទោះបីជាលោក ពូទីន ហាក់ទទួលបានភាពធូរស្រាលផ្នែកការទូតខ្លះៗតាមរយៈអាកប្បកិរិយាស្និទ្ធស្នាលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ក៏ដោយ៕