ប៊ែរឡាំង៖ តាមការស៊ើបអង្កេតរួមគ្នារបស់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ (NDR, WDR និង Sueddeutsche Zeitung) ដែលបានដកស្រង់ការវាយតម្លៃរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហព័ន្ធអាល្លឺម៉ង់ (BND) និងយោធាអាល្លឺម៉ង់ បានឱ្យដឹងថា ប្រទេសរុស្ស៊ីកំពុងរៀបចំដាក់ឱ្យដំណើរការផ្កាយរណបមួយគ្រឿងដែលផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរទៅក្នុងគន្លងគោចរនៃលំហអាកាស នៅត្រឹមចុងឆ្នាំ ២០២៦ នេះ។
របាយការណ៍ដដែលបានបញ្ជាក់ថា យោធា និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាល្លឺម៉ង់ បានចេញការព្រមានដល់បណ្តាសមាជិកអង្គការណាតូ (NATO) ផ្សេងទៀតថា ទីក្រុងមូស្គូកំពុងគ្រោងបាញ់បង្ហោះផ្កាយរណបឈ្មោះ Sputnik-S ដែលអាចនឹងប្រព្រឹត្តទៅនៅដើមខែធ្នូខាងមុខនេះ ខណៈផ្កាយរណបនេះត្រូវបានដំឡើងរួចរាល់ទាំងស្រុង និងរក្សាទុកនៅក្នុងតំបន់ទីក្រុងមូស្គូអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ការលាតត្រដាងរបស់ភាគីអាល្លឺម៉ង់នេះ កើតឡើងស្របពេលជាមួយនឹងការព្រមានកាលពីខែមុនរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិសហរដ្ឋអាម៉េរិក (DIA) ដែលបានបង្ហាញថា រុស្ស៊ីកំពុងអភិវឌ្ឍផ្កាយរណបផ្ទុកអាវុធនុយក្លេអ៊ែរ។ របាយការណ៍របស់ DIA បានព្រមានថា សព្វាវុធក្នុងលំហអាកាសប្រភេទនេះ អាចបង្កការខូចខាត ឬបំផ្លិចបំផ្លាញយ៉ាងឆាប់រហ័សដល់ផ្កាយរណបរាប់ពាន់គ្រឿងរបស់ប្រទេសនានា និងក្រុមហ៊ុនឯកជនជុំវិញពិភពលោក ដែលនឹងធ្វើឱ្យរាំងស្ទះយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធទំនាក់ទំនង ការរុករកផ្លូវ (Navigation) ឧតុនិយម ពាណិជ្ជកម្ម និងសន្តិសុខជាតិសកល។
គួររំលឹកថា កាលពីឆ្នាំ ២០២៤ ប្រទេសរុស្ស៊ីបានប្រើប្រាស់សិទ្ធិវេតូ (Veto) ប្រឆាំងនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលស្នើឡើងដោយសហរដ្ឋអាម៉េរិក និងជប៉ុន ដើម្បីអំពាវនាវឱ្យគ្រប់រដ្ឋទាំងអស់គោរពតាម សន្ធិសញ្ញាលំហអាកាសឆ្នាំ ១៩៦៧ (Outer Space Treaty of 1967) ដែលហាមឃាត់ដាច់ខាតនូវការដាក់វត្ថុផ្ទុកអាវុធនុយក្លេអ៊ែរ ឬអាវុធប្រល័យលោកចូលទៅក្នុងគន្លងគោចរជុំវិញផែនដី៕