Khmer suport khmer cc time

ជនជាតិឥណ្ឌា ២ នាក់ ត្រូវបានចាប់ជំរិត និងធ្វើទារុណកម្មនៅទីក្រុងបាងកក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ កម្លាំងនគរបាលអន្តោប្រវេសន៍ថៃ កាលពីថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា បានចុះឆ្មក់ចូលផ្ទះមួយកន្លែងក្នុងទីក្រុងបាងកក និងបានជួយសង្គ្រោះបុរសជនជាតិឥណ្ឌា ២ នាក់ ពីក្រុមឧក្រិដ្ឋជនជនជាតិឥណ្ឌា ៥ នាក់ ដែលបានចាប់ពង្រត់ពួកគេទៅបង្ខាំងទុក ធ្វើទារុណកម្ម បង្ខំឱ្យវេចខ្ចប់កញ្ឆា និងជំរិតទារប្រាក់លោះ។

យោងតាមការចេញផ្សាយរបស់កាសែតBangkok Post ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីគ្រួសារជនរងគ្រោះបានប្តឹងពីការបាត់ទំនាក់ទំនងរូបគេ អស់រយៈពេល ៤ ថ្ងៃ និងមានការរាយការណ៍ពីអ្នកជិតខាងជុំវិញក្លិនកញ្ឆាឆួល ភាយចេញពីផ្ទះកើតហេតុ។ នៅទីនោះ សមត្ថកិច្ចថៃបានរកឃើញជនរងគ្រោះទាំងពីរនៅជាន់ទី២ ដោយម្នាក់ឈ្មោះ Mohamed មានស្នាមរបួសពេញខ្លួន និងបាក់ឆ្អឹងកដៃ ចំណែកម្នាក់ទៀតត្រូវបានបង្ខាំងទុកអស់រយៈពេល ១០ ថ្ងៃដោយគ្មានអាហារគ្រប់គ្រាន់។

តាមការសាកសួរ ជនរងគ្រោះឈ្មោះ Mohamed បានបញ្ជាក់ថា ក្រុមឧក្រិដ្ឋជនដែលមានមេក្លោងឈ្មោះ Alameen បានចាប់ជំរិតរូបលោកដើម្បីទារប្រាក់លោះចំនួន ៤ លានរូពី ពីគ្រួសារនៅប្រទេសឥណ្ឌា បន្ទាប់ពីមិត្តភក្តិរបស់លោកមិនបានប្រគល់កញ្ឆាឱ្យសមាជិកក្រុមពួកគេនៅប្រទេសឥណ្ឌា។ ក្នុងពេលចុះបង្ក្រាប សមត្ថកិច្ចថៃបានចាប់ខ្លួនជនសង្ស័យជនជាតិឥណ្ឌា ៥ នាក់ រួមទាំងស្ត្រីម្នាក់ដែលទើបត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នពាក់ព័ន្ធនឹងករណីលាក់កញ្ឆាក្នុងវ៉ាលី ខណៈពួកគេកំពុងវេចខ្ចប់ផ្កាកញ្ឆាបង្កប់ក្នុងកាបូប និងវ៉ាលីរចនាបថរូបដំរី។

ស្នងការនគរបាលអន្តោប្រវេសន៍ថៃ បានឱ្យដឹងថា កាបូបរូបដំរីទាំងនោះ គឺជាប្រភេទដូចគ្នាទៅនឹងកាបូបដែលប្រើប្រាស់ដោយបណ្តាញឧក្រិដ្ឋជន ដែលធ្លាប់ជួលអូតេសក្រុមហ៊ុនអាកាសចរណ៍ Thai Airways ម្នាក់ឱ្យរត់ពន្ធហេរ៉ូអ៊ីនចូលប្រទេសអូស្ត្រាលី និងត្រូវបានចាប់ខ្លួនកាលពីពេលកន្លងទៅ។ បច្ចុប្បន្ន សមត្ថកិច្ចថៃកំពុងបន្តការស៊ើបអង្កេតបន្ថែម ដើម្បីឈានទៅវែកមុខបណ្តាញឧក្រិដ្ឋជនឆ្លងដែនទាំងនេះមកផ្តន្ទាទោសតាមច្បាប់៕

Khcct banner

អត្ថបទទាក់ទង