ភ្នំពេញ៖ ពិធីករ និងពិធីការិនីឆ្នើមប្រចាំទូរទស្សន៍បាយ័ន លោកជួប សុភ័ក្រ្ក កញ្ញាសុខ សោម៉ាវត្តី និងកញ្ញាហេង កែវនីតា បានចូលរួមក្នុងកម្មវិធីការប្រកួតបាល់ទាត់កុមារា និងយុវជន Ian Thompson កាលពីថ្ងៃសៅរ៍ ទី១៩ ខែមីនាកន្លងទៅនេះ។ កម្មវិធីនេះមានការចូលរួមពី កុមារា យុវជន ចំនួន ៥៤០ នាក់ដែលក្នុងនោះមានកុមារា និងយុវជន គថ្លង់ ពិការភ្នែក និងមានផ្ទុកមេរោគអេដស៍។
លោកជួប សុភ័ក្រ្ក ដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីនានារបស់អង្គការផ្កាយសមុទ្រ បានឲ្យដឹងថា៖ “កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រកម្ពុជាបានធ្វើការ ជាមួយនឹងកុមារ និងយុវជន ដែលរងផលប៉ះពាល់ពីភាពក្រីក្រ ការរើសអើងយេនឌ័រ និងពិការភាពជាដើម ។ កម្មវិធីមួយនេះបានលើកទឹកចិត្តដល់កុមារ និងយុវជនឲ្យមានទម្លាប់ល្អសម្រាប់សុខភាព និង អភិវឌ្ឍជំនាញសំខាន់ៗ។ ដោយសហការជាមួយនឹងស្ថាប័ន សាលារៀន និងអង្គការក្រៅ រដ្ឋាភិបាលនានានៅទូទាំងប្រទេស អង្គការផ្កាយសមុទ្រកម្ពុជាបានជួយឲ្យសហគមន៍ចេះរួបរួមគ្នា តាមរយៈការលេងកីឡា ក៏ដូចជាផ្តល់ឱកាសដល់កុមារ និងយុវជនក្នុងការធ្វើការងារជាក្រុម កសាងស្មារតីស្រលាញ់កីឡា និងសាមគ្គីភាពក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ប្រចាំឆ្នាំនេះនៅ រាជធានីភ្នំពេញ ។ ”
រីឯកញ្ញាសុខ សោម៉ាវត្តី និងកញ្ញាហេង កែវនីតាក៏បានបង្ហាញនូវសេចក្តីរំភើបរីករាយដែលបាន ចូលរួមគាំទ្រកម្មវិធីបាល់ទាត់នេះ។