ភ្នំពេញ៖ កម្មវិធី «វេទិកាសិស្សឆ្នើមឆ្នាំ២០២៦» កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដោយមានការចូលរួមពីសិស្សានុសិស្សវិទ្យាល័យចំនួន ១២៥ នាក់។ វេទិកានេះបង្កើតឡើងក្នុងគោលបំណងបំផុសទឹកចិត្ត លើកកម្ពស់ស្មារតីសិក្សា និងជួយតម្រង់ទិសឱ្យសិស្សានុសិស្សត្រៀមលក្ខណៈបានរួចរាល់សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យទទួលបាននិទ្ទេសល្អ ក៏ដូចជាការប្រឡងសិស្សពូកែទូទាំងប្រទេស។
វេទិកាអប់រំនេះត្រូវបានផ្តួចផ្តើមឡើងដោយក្រុមយុវជន និងទទួលបានការគាំទ្រពីអគ្គនាយកដ្ឋានយុវជន ដោយអនុញ្ញាតឱ្យសិស្សានុសិស្សចូលរួមដោយសេរី និងឥតគិតថ្លៃ ចាប់ពីម៉ោង ១:០០ ដល់ម៉ោង ៤:០០ រសៀល។ នៅក្នុងឱកាសនោះ អ្នកចូលរួមទទួលបានការចែករំលែកនូវវិធីសាស្ត្រសិក្សា និងបទពិសោធជាក់ស្តែងពីវាគ្មិនឆ្នើមកម្រិតជាតិចំនួន ៤ រូប រួមមាន យុវជន សេន កេតរ៍ស័កធនិន ជាសិស្សនិទ្ទេស A លំដាប់ពិន្ទុ ១០០.០០ ប្រចាំឆ្នាំ២០២៦, កញ្ញា រស់ ដា ម្ចាស់មេដាយមាសអក្សរសាស្ត្រខ្មែរ, យុវជន ថន រិនសុភៈ ម្ចាស់មេដាយមាសគណិតវិទ្យា និង យុវជន ស៊ីម មួយឈីវ ម្ចាស់មេដាយមាសរូបវិទ្យាទូទាំងប្រទេស។
កញ្ញា សុខគំ គឹមលាភ អ្នកសម្របសម្រួលទូទៅនៃបាក់ឌុបផតខាស និងជាតំណាងអ្នករៀបចំ បានបង្ហាញអារម្មណ៍រំភើប និងមោទនភាពយ៉ាងខ្លាំងដែលបានឃើញយុវជនជំនាន់ក្រោយជួបជុំគ្នាដើម្បីការអប់រំ។ កញ្ញាបានគូសបញ្ជាក់ថា ការអប់រំមិនមែនកំណត់ត្រឹមក្នុងថ្នាក់រៀននោះទេ ប៉ុន្តែជាការចែករំលែក និងរៀនសូត្រពីគ្នាទៅវិញទៅមកដើម្បីស្វែងយល់ពីសក្តានុពលផ្ទាល់ខ្លួន។ កញ្ញាបន្ថែមថា ភាពជោគជ័យនៃកម្មវិធីមិនមែនវាស់វែងលើចំនួនអ្នកចូលរួមឡើយ ប៉ុន្តែវាស់លើឥទ្ធិពលវិជ្ជមាន និងកម្លាំងចិត្តដែលបន្សល់ទុកក្នុងចិត្តសិស្សម្នាក់ៗ។ ជាមួយគ្នានេះ កញ្ញាក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូ អ្នកគ្រូ វាគ្មិន ដៃគូសហការ និងក្រុមការងារស្ម័គ្រចិត្តទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តដើម្បីបុព្វហេតុរួមនេះ។
កម្មវិធីនេះបានផ្ដល់ផលជះយ៉ាងវិជ្ជមានដល់ផ្នត់គំនិត និងបង្កើតទំនុកចិត្តកាន់តែខ្លាំងដល់សិស្សានុសិស្សក្នុងការប្រឡង។ យុវតី ស អែមមុនីលក្ស្មី សិស្សថ្នាក់ទី១២ នៃសាលារៀន វេសឡាញន៍ ដែលជាបេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០២៧ បានសម្តែងក្តីសប្បាយរីករាយក្នុងការចូលរួម ដោយកញ្ញាបានលើកឡើងថា បទពិសោធន៍ដែលទទួលបានពីរៀមច្បងពិន្ទុ១០០ និងសិស្សពូកែទូទាំងប្រទេស បានផ្ដល់ជាគន្លឹះយ៉ាងសំខាន់ ហើយកញ្ញានឹងយកវិធីសាស្ត្រទាំងនេះទៅអនុវត្តផ្ទាល់ដើម្បីដណ្ដើមយកនិទ្ទេស A ដូចរៀមច្បងដែរ៕