Khmer suport khmer cc time

យុវតីកម្ពុជា២រូប នឹងតំណាងកម្ពុជា ប្រកួតក្នុងកម្មវិធី ASEAN Data Science Explorers នៅហ្វីលីពីន ក្រោយប្រកួតឈ្នះថ្នាក់ជាតិ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ យុវជនកម្ពុជាពីររូបមកពីក្រុម «អនត្តា»  រួមមាន កញ្ញា តាន់ សុភាវី និង កញ្ញា គូ គឹមហេង នឹងតំណាងកម្ពុជា ក្នុងការត្រៀមខ្លួនចេញទៅប្រកួតប្រជែងលើឆាកអន្តរជាតិនាប្រទេសហ្វីលីពីន ក្នុងកម្មវិធី ASEAN Data Science Explorers (ASEAN DSE) នាថ្ងៃទី២៤-២៦ វិច្ឆិកា ២០២៦។ ជ័យជម្នះនេះ កើតចេញពីគំនិតច្នៃប្រឌិតនៃគម្រោង «KARUNA»  ដែលជាប្រព័ន្ធសុវត្ថិភាពចរាចរណ៍ និងឆ្លើយតបគ្រោះអាសន្នដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីដោះស្រាយវិបត្តិគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងកើតមានឡើង។

កញ្ញា តាន់ សុភាវី ជានិស្សិតមកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានរៀបរាប់ប្រាប់ស៊ីស៊ីថាមស៍ថា «មូលហេតុដែលបង្កើតឡើងនូវដំណោះស្រាយនេះឡើង ដើម្បីដាក់ពាក្យប្រកួត ដោយសារតែបានសង្កេតឃើញថា ការបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា មិនត្រឹមតែបណ្តាលមកពីការប៉ះទង្គិចផ្ទាល់នោះទេ ប៉ុន្តែក៏ដោយសារតែការជួយសង្គ្រោះមកដល់យឺតយ៉ាវផងដែរ។ ជារឿយៗ ការរាយការណ៍អំពីគ្រោះថ្នាក់មួយត្រូវចំណាយពេលចន្លោះពី ១៥ ទៅ ៣០ នាទី ដែលធ្វើឱ្យជនរងគ្រោះបាត់បង់ពេលវេលាសង្គ្រោះបន្ទាន់ដ៏មានតម្លៃ។ ដោយជឿជាក់ថារាល់វិនាទីសុទ្ធតែអាចសង្គ្រោះជីវិតមនុស្សបាន ក្រុមអនត្តាបានបង្កើតគម្រោង KARUNA ឡើង ដោយបំពាក់កាមេរ៉ា AI តាមដងផ្លូវ ដើម្បីចាប់យកហេតុការណ៍គ្រោះថ្នាក់ ការកកស្ទះ និងការបើកបរលើសល្បឿនកំណត់ក្នុងពេលជាក់ស្តែង (Real-time)។ នៅពេលមានឧបទ្ទវហេតុកើតឡើង ប្រព័ន្ធនឹងកំណត់ទីតាំង GPS ព្រមទាំងថតវីដេអូខ្លីមួយភ្លាមៗ រួចបញ្ជូនទៅកាន់ប្រតិបត្តិករក្នុងបន្ទប់បញ្ជាការ ដើម្បីផ្ទៀងផ្ទាត់ និងបញ្ជូនបន្តទៅកាន់សេវាសង្គ្រោះបន្ទាន់ ១១៩ និងកងកម្លាំងនគរបាល ព្រមទាំងផ្តល់ផ្លូវធ្វើដំណើរដែលលឿនបំផុតទៅកាន់ជនរងគ្រោះ»។ យុវតីរូបនេះ បានបន្តថា ប្រព័ន្ធ KARUNA ក៏ជួយតាមដានការបើកបរលើសល្បឿន និងគាំទ្រដល់ការកាត់ពិន្ទុបណ្ណបើកបរ រួមទាំងការពិន័យតាមប្រព័ន្ធអនឡាញ ដើម្បីជំរុញឱ្យការបើកបរកាន់តែមានសុវត្ថិភាព។

សុភាវី បានរៀបរាប់បន្ថែមថា នៅក្នុងជំហានដំបូង គម្រោងនេះគ្រោងនឹងចាប់ផ្តើមអនុវត្តលើផ្លូវអាទិភាពក្នុងរាជធានីភ្នំពេញ ដូចជាមហាវិថីសហព័ន្ធរុស្ស៊ី និងមហាវិថីព្រះមុនីវង្ស ជាពិសេសកំណាត់ផ្លូវដែលនៅក្បែរមន្ទីរពេទ្យធំៗ ដូចជាមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មុនពេលពង្រីកវិសាលភាពទៅកាន់បណ្តាខេត្ត និងទីក្រុងនានាក្នុងតំបន់អាស៊ាន។ គោលដៅចម្បងនៃគម្រោងនេះ គឺការប្រែក្លាយដងផ្លូវឱ្យក្លាយជាអ្នកដឹង និងរាយការណ៍អំពីគ្រោះថ្នាក់ដោយស្វ័យប្រវត្តិ ដើម្បីនាំយកសេវាសង្គ្រោះបន្ទាន់ទៅដល់កន្លែងកើតហេតុឱ្យកាន់តែឆាប់រហ័ស។

កញ្ញា គូ គឹមហេង ជានិស្សិតមកពី វិទ្យាស្ថាន សាយអិនស៍ អេន ថេកណឡជី អ៊ែតវ៉ានស៍ ឌីវេឡុបម៉ិន (ISTAD) និងជាយុវជនតំណាងកម្ពុជាជាមួយ សុភាវី ក៏បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ផងដែរថា «ដំណើរឆ្ពោះទៅកាន់ការតំណាងជាតិ គឺជាការឆ្លងកាត់ការប្រកួតប្រជែងដ៏ស្វិតស្វាញ ដោយសារកម្មវិធី ASEAN DSE ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីនិស្សិតទូទាំងប្រទេសកម្ពុជា រហូតដល់គណៈកម្មការត្រូវពន្យារពេលទទួលពាក្យស្នើសុំ។ ពីចំណោមគម្រោងជាច្រើន មានតែ ១០ ក្រុមប៉ុណ្ណោះដែលត្រូវបានជ្រើសរើសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រថ្នាក់ជាតិ ដោយក្រុមនីមួយៗមានពេលត្រឹមតែ ៦ នាទីក្នុងការធ្វើបទបង្ហាញ និង ៤ នាទីក្នុងការឆ្លើយសំណួររបស់គណៈកម្មការ។ ជាលទ្ធផល ក្រុមអនត្តាបានឈានជើងក្លាយជាក្រុមមួយក្នុងចំណោម Top 3 ដែលតំណាងឱ្យកម្ពុជាទៅចូលរួមការប្រកួតវគ្គបន្ត»។

គីមហេង បានគូសបញ្ជាក់ថា ការចូលរួមប្រកួតនេះបានជួយឱ្យយុវជនទាំងពីរពង្រឹងជំនាញបច្ចេកទេស និងការវិភាគទិន្នន័យ ព្រមទាំងរៀនសូត្រពីរបៀបគ្រប់គ្រងការងារក្រោមសម្ពាធ ការធ្វើការជាក្រុម ការស្រាវជ្រាវដល់ឫសគល់នៃបញ្ហា និងការប្រាស្រ័យទាក់ទងគំនិតបច្ចេកទេសឱ្យអ្នកដទៃងាយយល់។ អ្វីដែលសំខាន់ជាងនេះទៅទៀត និស្សិតស្រីទាំងពីររូបបានយល់ឃើញថា ភាពជាអ្នកបច្ចេកវិទ្យាមិនមែនគ្រាន់តែជាការចេះសរសេរកូដ ឬប្រើប្រាស់ទិន្នន័យប៉ុណ្ណោះទេ ប៉ុន្តែជាការយល់ពីតម្រូវការរបស់មនុស្ស និងការប្រើប្រាស់ចំណេះដឹងដើម្បីដោះស្រាយបញ្ហាជាក់ស្តែងក្នុងសង្គម។

មុនពេលការប្រកួតនៅប្រទេសហ្វីលីពីន នៅខែវិច្ឆិកា កញ្ញា តាន់ សុភាវី និង គូ គឹមហេង កំពុងបន្តពង្រឹងធ្វើបច្ចុប្បន្នភាពទិន្នន័យ កែលម្អការរៀបរាប់ដំណើររឿងឱ្យកាន់តែប្រសើរឡើង ហ្វឹកហាត់ឆ្លើយសំណួរពិបាកៗទាក់ទងនឹងការចំណាយ ភាពឯកជន និងលទ្ធភាពអនុវត្ត ព្រមទាំងប្រមូលមតិកែលម្អពីអ្នកជំនាញក្នុងវិស័យសង្គ្រោះបន្ទាន់។ ក្នុងរយៈពេលដែលសេសសល់នេះ យុវតីទាំងពីររូប កំពុងហាត់សមធ្វើបទបង្ហាញយ៉ាងយកចិត្តទុកដាក់ ដើម្បីបង្ហាញភាពជឿជាក់លើឆាកអន្តរជាតិ ពីព្រោះការធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីនលើកនេះ មិនត្រឹមតែជាការបង្ហាញគម្រោងរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែជាការតំណាងឱ្យកិត្តិយសរបស់ប្រទេសកម្ពុជាទាំងមូល។

ជាសារផ្ញើជូនយុវជនជំនាន់ក្រោយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត យុវជនទាំងពីររូប បានលើកទឹកចិត្តឱ្យរៀនស្វែងយល់ និងប្រើប្រាស់ទិន្នន័យដើម្បីប្រែក្លាយគំនិតឱ្យក្លាយជាដំណោះស្រាយដែលមានអត្ថន័យ។ យុវតីទាំងពីរ បានសង្កត់ធ្ងន់ថា គំនិតមួយមិនមែនមានតម្លៃត្រឹមតែបច្ចេកវិទ្យានោះទេ ប៉ុន្តែគឺស្ថិតនៅលើការជួយមនុស្ស និងការបង្កើតផលវិជ្ជមានដល់សហគមន៍។ យុវជនគួរតែមានការចង់ដឹងចង់ឃើញ បើកចិត្តរៀនសូត្រ ហ៊ានគិតខុសប្លែកពីគេ និងកុំផ្តោតខ្លាំងពេកតែលើរង្វាន់ តែត្រូវផ្តោតលើអ្វីដែលអាចរៀនសូត្របាន និងបញ្ហាជាក់ស្តែងដែលអាចជួយដោះស្រាយបាន ពីព្រោះការច្នៃប្រឌិតផ្តល់ទិសដៅដល់គំនិត ប៉ុន្តែសេចក្តីសប្បុរសនិងករុណាទេដែលផ្តល់នូវគោលបំណងពិតប្រាកដ។

គួរបញ្ជាក់ផងដែរថា នៅក្នុងលទ្ធផលវគ្គផ្តាច់ព្រ័ត្រថ្នាក់ជាតិនៃកម្មវិធី ASEAN DSE ប្រចាំប្រទេសកម្ពុជា ក្រុម «អនត្តា» (Team Anatta) បានដណ្តើមជ័យលាភីលេខមួយជាក្រុមជើងឯក (Winner) ខណៈដែលក្រុម «INNOROM» ទទួលបានចំណាត់ថ្នាក់ជើងឯករងទី១ (1st Runner-Up) និងក្រុម «SPIDIES» ទទួលបានចំណាត់ថ្នាក់ជើងឯករងទី២ (2nd Runner-Up)​៕



Khcct banner

អត្ថបទទាក់ទង