ភ្នំពេញ៖ កម្មវិធីបោះជំរុំវិទ្យាសាស្ត្រសម្រាប់សិស្សឆ្នើមអាស៊ានបូកបី លើកទី១៦ (The 16th ASEAN+3 Student Camp for the Gifted in Science) ប្រកាសជ្រើសរើសសិស្សឆ្នើមតំណាងកម្ពុជា ព្រមទាំងលោកគ្រូអ្នកគ្រូអមដំណើរ ចូលរួមកម្មវិធីនៅប្រទេសកូរ៉េ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៧។ចំពោះបេក្ខភាព សិស្ស កម្មវិធីនឹងជ្រើសរើសបេក្ខជនឆ្នើមចំនួន ៦រូប ដែលមានអាយុយ៉ាងតិច ១២ ឆ្នាំ និងមិនលើសពី ១៥ ឆ្នាំ មានសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្ត ព្រមទាំងមានលិខិតឆ្លងដែនដែលមានសុពលភាព។
យោងតាមគេហទំព័រនៃ អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា កម្មវិធីលំដាប់តំបន់នេះ នឹងផ្ដល់ឱកាសឱ្យសិក្ខាកាមស្វែងយល់ស៊ីជម្រៅលើប្រធានបទ «The Science of Clothing: Wearing Culture, Understanding It through Science, and Designing the Future» ដែលជាការរួមបញ្ចូលគ្នារវាងវិទ្យាសាស្ត្រ វប្បធម៌ និងការច្នៃប្រឌិតសម្រាប់ការរស់នៅទៅថ្ងៃអនាគត។
បើតាមប្រភពដដែល បេក្ខជនដែលចាប់អារម្មណ៍ ត្រូវមានកម្រិតភាសាអង់គ្លេសល្អ មានចំណាប់អារម្មណ៍ ឬធ្លាប់មានបទពិសោធន៍ស្រាវជ្រាវ និងការប្រកួតប្រជែងពាក់ព័ន្ធនឹងវិស័យ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) អាចប្រើប្រាស់ និងមានកុំព្យូទ័រយួរដៃផ្ទាល់ខ្លួន ព្រមទាំងមានសមត្ថភាពធ្វើការងារជាក្រុម និងមានភាពរួសរាយរាក់ទាក់ក្នុងការកសាងទំនាក់ទំនងជាមួយមិត្តភក្តិអន្តរជាតិ។
ទន្ទឹមនឹងនេះ កម្មវិធីក៏ប្រកាសស្វែងរកលោកគ្រូ អ្នកគ្រូអមដំណើរ (Accompanying Teachers) ដែលជាគ្រូបង្រៀនមុខវិជ្ជាពាក់ព័ន្ធនឹងវិស័យ STEM ដោយតម្រូវឱ្យមានសុខភាពល្អ មានលិខិតឆ្លងដែនមានសុពលភាព និងមានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។ លើសពីនេះ បេក្ខជនគ្រូបង្រៀនត្រូវមានចំណាប់អារម្មណ៍ ឬមានបទពិសោធន៍ស្របតាមមូលបទរបស់កម្មវិធី មានភាពជាអ្នកដឹកនាំក្នុងការមើលថែ និងតម្រង់ទិសក្រុមសិស្សានុសិស្ស ព្រមទាំងមានភាពសកម្មក្នុងការភ្ជាប់ទំនាក់ទំនងល្អជាមួយគណៈប្រតិភូមកពីបណ្តាប្រទេសដទៃ។
ការទទួលពាក្យសម្រាប់បេក្ខជនទាំងពីរផ្នែក នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាមប្រព័ន្ធអនឡាញ ដោយគ្រាន់តែស្កេន QR Code ដែលមានបង្ហាញលើផ្ទាំងរូបភាពប្រកាសព័ត៌មាន។ សម្រាប់ព័ត៌មានលម្អិតបន្ថែម ឬការសាកសួរផ្សេងៗ អាចទាក់ទងដោយផ្ទាល់ទៅកាន់លោក អឿម សាវ៉ាន់ តាមរយៈទូរសព្ទ ឬតេឡេក្រាមលេខ ០៩៣ ៤៩២ ២៦១៕