Khmer suport khmer cc time

ស្នាដៃម៉ាកែតរបស់ក្រុមជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតប្រជែងរចនាស្ថាបត្យកម្ម នឹងត្រូវដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ «FrancoTech»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ទទួលបានជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតប្រជែងរចនាស្ថាបត្យកម្មសម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវជាតិបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្ត្រទិន្នន័យ។ ដើម្បីលើកទឹកចិត្ត និងផ្សព្វផ្សាយស្នាដៃរចនាដែលមានសក្តានុពល ស្នាដៃម៉ាកែតរបស់ក្រុមជ័យលាភីលេខ១នេះ នឹងត្រូវដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ «FrancoTech» នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

យោងតាមគេហទំព័រក្រសួងប្រៃសណីយ៍ ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវជាតិនេះ គឺជាអាទិភាពសំខាន់មួយរបស់ ក.ប.ទ. ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតនៅកម្ពុជាតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវ និងបច្ចេកវិទ្យាចាំបាច់ ដើម្បីគាំទ្រដល់ការចាប់យក និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត។

បើតាមប្រភពដែល ក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ទទួលបានជ័យលាភីលេខ១ ខណៈក្រុមនិស្សិតមកពីសាកលវិទ្យាល័យន័រតុន ទទួលបានជ័យលាភីលេខ២ និងក្រុមនិស្សិតមកពីសាកលវិទ្យាល័យខេមតិច (CamTech University) ទទួលបានជ័យលាភីលេខ៣។ ការប្រកួតប្រជែងនេះជាគំនិតផ្តួចផ្តើមរវាង ក.ប.ទ. CADT និង AFD ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងបង្ហាញសក្តានុពលរបស់យុវជនកម្ពុជាដែលមានទេពកោសល្យក្នុងវិស័យស្ថាបត្យកម្ម តាមរយៈការបង្កើតស្នាដៃរចនាគំរូសម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវជាតិបញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ ដែលប្រកបដោយនវានុវត្តន៍ និងចីរភាព។

គួរបញ្ជាក់ថា ការប្រកាសជ័យលាភីប្រកួតប្រជែងរចនាស្ថាបត្យកម្មសម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវជាតិបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្ត្រទិន្នន័យ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ មានការអញ្ជើញចូលរួមពីនាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍ (AFD) ប្រចាំកម្ពុជា ប្រធាន CADT សមាជិកគណៈវិនិច្ឆ័យ សាស្រ្តចារ្យ និងនិស្សិត សរុបប្រមាណ ១៣០នាក់៕

Khcct banner

អត្ថបទទាក់ទង