ភ្នំពេញ៖ យុវជនកម្ពុជា បានចំណាត់ថ្នាក់លេខ៣ក្នុងអាស៊ាន នៅកម្មវិធីប្រកួតរ៉ូបូត First Global Challenge ខណៈចំណាត់ថ្នាក់ទី២៦ ក្នុងចំណោម ១៩០ ប្រទេសទូទាំងពិភពលោក នៅឯទីក្រុងIncheon នៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី ៦ ដល់ថ្ងៃទី១០ ខែ តុលា ឆ្នាំ ២០២៦ ក្រោមប្រធានបទ “Igniting Innovation” ។ ក្រៅពីចំណាត់ថ្នាក់នេះ ក្រុមកម្ពុជាទទួលបានពានរង្វាន់ Social Media Challenge។
ក្នុងចំណោមយុវជនសរុប១១រូប ដែលធ្វើការជាក្រុមក្នុងការតំណាងកម្ពុជា មានយុវជន៥រូប ដែលបានទៅតំណាងក្រុម ចូលរួមកម្មវិធីផ្ទាល់ នៅកូរ៉េខាងត្បូង ក្នុងនោះរួមមាន គង់ ច័ន្ទ នីតា មានតួនាទីជាប្រធានក្រុម (Captain) , ឌិត សុវណ្ណ ដានីកា ជាកីឡាករមនុស្ស (Human Player) , ស្រ៊ុន រឹទ្ធិសិទ្ធិ អ្នកបញ្ជារូប៉ូត (Driver), ស្រ៊ុន រឹទ្ធិស័ក្តិ ជាអ្នកបញ្ជារូប៉ូត (Driver) , និង យ៉ាំ គឹមហ៊ាង ជាអ្នកសង្កេតការណ៍។ ក្រៅពីយុវជនតំណាងកម្ពុជាទាំង៥រូប ការប្រកួតនេះ មានការចូលរួមពីគ្រូបង្វឹក ដែលក្នុងនោះរួមមាន យូគី សាទរ , កាលា សាទរ, ពូន វីរៈ ស័ក្តា, និង ហាក់ តុនតាន។
បើប្រៀបធៀបចំណាត់ថ្នាក់ក្នុងអាស៊ាន ដែលមានប្រទេសទាំង១០បានចូលរួមប្រកួតជាមួយប្រទេសជាង១៩០ផ្សេងទៀត យុវជនមកពីប្រទេសវៀតណាម បានចំណាត់ថ្នាក់លេខ១ (លេខ១៥ក្នុងលំដាប់ពិភពលោក) ខណៈ ឡាវ បានជ័យលាភីលេខ២ (លេខ២៥ក្នុងលំដាប់ពិភពលោក) ខណៈ កម្ពុជាបានចំណាត់ថ្នាក់លេខ៣ (លេខ២៦ក្នុងលំដាប់ពិភពលោក)។ នៅឆ្នាំ២០២៦នេះ ក្នុងកម្មវិធី First Global Challenge តម្រូវលក្ខខណ្ឌឱ្យយុវជនមកពីគ្រប់ប្រទេសទាំងអស់បង្កើតរ៉ូប៉ូត ក្រោមប្រធានបទ “Igniting Innovation” ដែលនិយាយទាក់ទងជាមួយបញ្ហានៃភ្លើងឆេះព្រៃ ដើម្បីបញ្ចេញគំនិតរួមគ្នាក្នុងការដោះស្រាយ ការពារ និងផ្សព្វផ្សាយពីបញ្ហាភ្លើងឆេះព្រៃ។
ក្នុងនាមជាប្រធានក្រុមតំណាងពីកម្ពុជា យុវតី គង់ ច័ន្ទ នីតា បានរៀបរាប់ប្រាប់ស៊ីស៊ីថាមស៍ថា «ក្រោយពីបានចូលរួមកម្មវិធី First Global Challenge នៅឯកូរ៉េមក ខ្ញុំ និងមិត្តរួមក្រុមបានរៀនសូត្រ និងទទួលនូវបទពិសោធន៍ ដែលយើងនឹងប្រើប្រាស់នាពេលអនាគត។ ពួកយើងបានហ្វឹកហាត់នូវការគិតត្រិះរិះពិចារណា ការបែងចែកពេលវេលា ការដោះស្រាយបញ្ហាដែលមានចំពោះមុខ និងប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ដោយប្រសិទ្ធភាព។ ជាពិសេស យើងទទួលបានបទពិសោធន៍ជួបមនុស្សមកពីវប្បធម៌ចម្រុះជាតិសាសន៍»។
បន្ថែមពីនេះ យុវតី យ៉ាំ គឹមហ៊ាង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា «ការតំណាងឱ្យប្រទេសកម្ពុជាបានបង្រៀនខ្ញុំថា ជោគជ័យមិនមែនគ្រាន់តែជាពិន្ទុដែលយើងទទួលបាននោះទេ ប៉ុន្តែវាក៏អាស្រ័យលើការចេះវិវត្តខ្លួនឯង, ការព្យាយាមឲអស់ពីសមត្ថភាព និងការជះនូវឥទ្ធិពលល្អៗដែលយើងបានបន្សល់ទុក។ តាមរយៈកម្មវិធីនេះទៀតសោត ខ្ញុំបានរៀនដឹងថា យើងអាចបង្កើតរ៉ូបូតមួយឡើងបានដោយអាស្រ័យលើចំណេះដឹងផ្នែកវិស្វកម្ម ប៉ុន្តែក្រុមដ៏រឹងមាំមួយអាចកសាងឡើងបានដោយអាស្រ័យលើចរិតលក្ខណៈរបស់សមាជិក។ ដោយបាវចនានៃក្រុមគឺ GOALS របស់យើង, ខ្ញុំបានរៀនពីភាពរីកចម្រើនដែលចេញពីកំហុស, ការចែករំលែកចំណេះដឹងនិងភាពមានទំនួលខុសត្រូវក្នុងការតំណាងប្រទេស។»។

គួររម្លឹកថា សិស្សទាំង១១រូប ដែលបានធ្វើការជាក្រុមក្នុងការតំណាងកម្ពុជាក្នុងកម្មវិធីប្រកួតរ៉ូបូតលំដាប់ពិភពលោក ជាសិស្សដែលបានបង្ហាញឆន្ទៈខ្ពស់ក្នុងការលើកកម្ពស់វិស័យរ៉ូបូតនាពេលអនាគត តាមរយៈការប្រើប្រាស់ជំនាញរបស់ខ្លួនពាក់ព័ន្ធជាមួយស្ទែម។ ពួកគេសិក្សា ចន្លោះថ្នាក់ទី៨ ដល់ទី១២ មកពីសាលារៀន៥ផ្សេងគ្នានៅរាជធានីភ្នំពេញ ៣រូប មកពីអង្គការមូលនិធិកុមារកម្ពុជា (Cambodian Children's Fund) ២រូប មកពីសាលាបញ្ញាសាស្រ្តសាខាទី១ ៣រូប មកពីសាលា AUPP High School- Foxcroft Academy ២រូប មកពីសាលាវេស្ទើន និង ១រូប មកពីសាលា Asian Hope៕