ភ្នំពេញ៖ ក្រសួងអប់រំ ជ្រើសរើសសិស្សផ្នែកអប់រំបច្ចេកទេស ឱ្យទទួលបានអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សរុបចំនួន ២ ៥០០ កន្លែង នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ ក្នុងចំណោមអាហារូបករណ៍សរុបទាំងអស់នោះ រួមមានកម្រិតថ្នាក់បរិញ្ញាបត្រចំនួន ៥៧០ កន្លែង និងកម្រិតថ្នាក់បរិញ្ញាបត្ររងចំនួន ១ ៩៣០ កន្លែង ដែលជាការបណ្តុះបណ្តាលតាមកម្មវិធីផ្អែកលើសមត្ថភាព (Competency-Based)។
យោងតាមគេហទំព័រក្រសួងអប់រំ ឱកាសអាហារូបករណ៍នេះត្រូវបានបើកទូលាយសម្រាប់សិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ នៅតាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ដោយមិនមានការកំណត់ឆ្នាំប្រឡងជាប់ឡើយ។ បេក្ខជនអាចជ្រើសរើសមុខជំនាញដើម្បីបន្តការសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សា និងវិទ្យាស្ថានបណ្តុះបណ្តាលជាច្រើន រួមមាន វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប, វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល, សាកលវិទ្យាល័យជាតិមានជ័យ, វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ, សាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំ, សាកលវិទ្យាល័យស្វាយរៀង, សាកលវិទ្យាល័យជាតិបាត់ដំបង, សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ, សាកលវិទ្យាល័យភូមិន្ទកសិកម្ម, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រមទាំងគ្រឹះស្ថានសាធារណៈជាច្រើនទៀតនៅទូទាំងប្រទេស។
បើតាមក្រសួងអប់រំ លក្ខខណ្ឌនៃការជ្រើសរើស គឺត្រូវបានកំណត់ដោយឡែកទៅតាមគ្រឹះស្ថាននីមួយៗ ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យសំខាន់ៗ ដូចជា និទ្ទេសរួម និទ្ទេសតាមមុខវិជ្ជា និងនិទ្ទេសមុខជំនាញដែលពាក់ព័ន្ធ។ ក្រសួងក៏បានបញ្ជាក់ជាពិសេសផងដែរថា បេក្ខជនម្នាក់ៗមានសិទ្ធិដាក់ពាក្យស្នើសុំអាហារូបករណ៍បានត្រឹមតែ ០១ មុខជំនាញ និងអាចជ្រើសរើសគ្រឹះស្ថានសិក្សាបានតែមួយកន្លែងគត់។
គួរបញ្ជាក់ថា បេក្ខជនដែលមានបំណងបន្តការសិក្សា អាចទៅទទួល និងដាក់ពាក្យស្នើសុំអាហារូបករណ៍នៅរៀងរាល់ម៉ោងធ្វើការ នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ឬគ្រឹះស្ថានបណ្តុះបណ្តាលដែលខ្លួនជ្រើសរើស នៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសដែលខ្លួនបានបញ្ចប់ការសិក្សា ឬនៅនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ។ ព័ត៌មានលម្អិត អាចចូលទៅកាន់តំណភ្ជាប់៖ Link៕