ភ្នំពេញ៖ កម្មវិធី «ពិព័រណ៍ស្ដីអំពីការសិក្សានៅប្រទេសជប៉ុនក្នុងឆ្នាំ២០២៦» (Study in Japan Fair 2026) នឹងត្រូវរៀបចំឡើងជាផ្លូវការនៅថ្ងៃទី២៣ និងទី២៤ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដើម្បីផ្តល់ឱកាសដល់សិស្សដែលមានបំណងចង់បន្តការសិក្សានៅប្រទេសជប៉ុន។ កម្មវិធីពិព័រណ៍អប់រំនេះបើកទូលាយឱ្យសាធារណជន សិស្ស និស្សិត និងអាណាព្យាបាលទាំងអស់ចូលរួមដោយសេរី និងឥតគិតថ្លៃ។
ព្រឹត្តិការណ៍នេះមានការចូលរួមពីតំណាងគ្រឹះស្ថាន និងស្ថាប័នអប់រំជាច្រើន ដោយមានការរៀបចំស្តង់ពិគ្រោះយោបល់ផ្ទាល់ រួមទាំងការធ្វើបទបង្ហាញណែនាំលម្អិតអំពីកម្មវិធីសិក្សា និងការរស់នៅសម្រាប់និស្សិតអន្តរជាតិ។ សម្រាប់សិស្សដែលមានបំណងស្វែងយល់អំពីអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន (MEXT Scholarship) ស្ថានទូតជប៉ុនប្រចាំកម្ពុជានឹងមានវត្តមានផ្តល់ព័ត៌មាន និងប្រឹក្សាយោបល់ដោយផ្ទាល់។
ការពិគ្រោះយោបល់នៅតាមស្តង់នឹងប្រព្រឹត្តទៅចាប់ពីម៉ោង ១០:០០ ព្រឹក រហូតដល់ម៉ោង ៥:៣០ ល្ងាច ទាំងពីរថ្ងៃ នៅបរិវេណ West Lobby នៃមជ្ឈមណ្ឌល CJCC។ បន្ថែមពីនេះ ស្ថានទូតជប៉ុនក៏នឹងរៀបចំសិក្ខាសាលាធ្វើបទបង្ហាញពិសេសស្តីពីអាហារូបករណ៍ MEXT នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៣:១០ ដល់ម៉ោង ៣:៥៥ រសៀល នៅបន្ទប់លេខ ០៥ នៃមជ្ឈមណ្ឌល CJCC ផងដែរ។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងអាហារូបករណ៍ សាធារណជនអាចទំនាក់ទំនងទៅកាន់ទីប្រឹក្សាអាហារូបករណ៍ ផ្នែកវប្បធម៌ និងព័ត៌មាន នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា តាមរយៈទូរស័ព្ទលេខ ០២៣ ២១៧ ១៦១ (រៀងរាល់ម៉ោងធ្វើការ ៨:១៥ ព្រឹក ដល់ ១២:០០ ថ្ងៃត្រង់) តាមរយៈអ៊ីមែល [email protected] ឬស្កេន QR Code ដែលមាននៅលើផ្ទាំងផ្សព្វផ្សាយរបស់កម្មវិធី៕