សៀមរាប៖ គណៈប្រតិភូជាន់ខ្ពស់ផ្នែកកីឡាមកពីសមាជិកអាស៊ានទាំង១០ និងតំណាងស្ថាប័ន អង្គការដៃគូអន្តរជាតិ ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រីកីឡាអាស៊ានលើកទី១៧ នៅសៀមរាប ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗ រួមទាំងមូលនិធិកីឡាអាស៊ាន ការអភិវឌ្ឍវិស័យកីឡា និងកិច្ចសហប្រតិបត្តិការតំបន់។
យោងតាមគេហទំព័រក្រសួងអប់រំ កិច្ចប្រជុំ SOMS-17 រយៈពេលបីថ្ងៃនេះ ត្រូវបានរៀបចំឡើងក្នុងទម្រង់ជាកិច្ចប្រជុំពេញអង្គទាំងកម្រិតបិទជិត និងកិច្ចប្រជុំបើកចំហ (Open Session) ជាមួយដៃគូអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធដូចជា FIFA, WADA, SEARADO, UNESCO និងអង្គការតំបន់ផ្សេងទៀត។ បន្ថែមពីលើកិច្ចពិភាក្សាការងារ ក៏មានការរៀបចំកម្មវិធីអមដ៏សម្បូរបែប រួមមាន ការរត់ហាត់ប្រាណ (Fun Run) ឆ្ពោះទៅកាន់ប្រាសាទអង្គរវត្ត ការទស្សនកិច្ចសិក្សានៅតំបន់បេតិកភណ្ឌ និងពិធីជប់លៀងអាហារពេលល្ងាចអមដោយការសម្ដែងក្បាច់គុនចម្រុះប្រពៃណីអាស៊ាន ដើម្បីពង្រឹងសុខុមាលភាព និងសាមគ្គីភាពក្នុងតំបន់ផងដែរ។
លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំឧត្តមមន្ត្រីកីឡាអាស៊ានលើកទី១៧ ជាមួយថ្នាក់ដឹកនាំក្រសួងអប់រំ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោក Kamal Mamat ប្រធានផ្នែកអប់រំ យុវជន និងកីឡានៃលេខាធិការដ្ឋានអាស៊ាន ព្រមទាំង គណៈប្រតិភូជាន់ខ្ពស់ផ្នែកកីឡាមកពីសមាជិកអាស៊ានទាំង១០ និងតំណាងស្ថាប័ន អង្គការដៃគូអន្តរជាតិពាក់ព័ន្ធជាច្រើនរូបទៀត។ ក្នុងឱកាសនេះ លោកស្រី បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាមិនត្រឹមតែជាការប្រកួតប្រជែង ឬការដណ្ដើមមេដាយប៉ុណ្ណោះទេ ថែមទាំងជាឧបករណ៍ដ៏មានសារៈសំខាន់នៃការទូតកីឡា ក្នុងការកសាងទំនុកចិត្ត រក្សាសន្តិភាព និងបង្ហាញមោទនភាពវប្បធម៌។
ដើម្បីជំរុញកិច្ចពិភាក្សាឱ្យកាន់តែសកម្ម និងប្រសិទ្ធភាពក្នុងកិច្ចប្រជុំ SOMS-17 នេះ តាងនាមក្រសួងអប់រំ យុវជន និងកីឡា រដ្ឋលេខាធិការប្រចាំការ បានលើកឡើងពីទស្សនវិស័យស្នូលរបស់កម្ពុជាជុំវិញវិធានការយុទ្ធសាស្ត្រគន្លឹះ និងសូចនាករលទ្ធផលសំខាន់ៗ ដោយផ្ដោតលើចំណុចសំខាន់ៗពីរ៖ កម្ពុជាទទួលស្វាគមន៍កិច្ចសហប្រតិបត្តិការឆ្លងវិស័យកាន់តែជិតស្និទ្ធលើវិស័យវិទ្យាសាស្ត្រកីឡា ការគ្រប់គ្រងកីឡា និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ការពង្រឹងអភិបាលកិច្ចរដ្ឋបាល ការផ្លាស់ប្ដូរចំណេះដឹង និងការកសាងសមត្ថភាពវិជ្ជាជីវៈ នឹងជួយឱ្យអត្តពលិករបស់យើងសម្រេចបាននូវសក្ដានុពលពេញលេញនៅលើឆាកអន្តរជាតិ ព្រមទាំងបង្កើនមោទនភាពតំបន់រួមគ្នា។
បន្ថែមពីនេះ រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ បានបន្តថា កម្ពុជាកំពុងពិនិត្យឡើងវិញលើក្របខណ្ឌគតិយុត្តិដែលមានស្រាប់ និងអភិវឌ្ឍបទបញ្ញត្តិចាំបាច់ ដើម្បីលើកកម្ពស់កីឡាកម្រិតខ្ពស់ ឧស្សាហកម្មកីឡា ភាពស្អាតស្អំក្នុងកីឡា (Sport Integrity & Clean Sport)។ កម្ពុជាបានរៀបចំក្របខណ្ឌគតិយុត្តិឡើងវិញ ដើម្បីធានាការអនុលោមភាពពេញលេញរបស់ទីភ្នាក់ងារប្រឆាំងសារធាតុញៀនកម្ពុជា (CADA) ជាមួយ WADA ពិសេសឆ្ពោះទៅរកការអនុលោមតាមក្រម WADA Code 2027។ ក្រៅពីនេះ កម្ពុជាក៏បានជំរុញភាពបរិយាបន្នក្នុងកីឡា (Inclusive Sport) ដោយលើកទឹកចិត្តការចូលរួមយ៉ាងសកម្មពីសំណាក់ស្ត្រី ជនមានពិការភាព និងក្រុមជនងាយរងគ្រោះ ដើម្បីកសាងសហគមន៍អាស៊ានដែលមានសុខភាពល្អ និងសកម្ម។
គួរបញ្ជាក់ថា កិច្ចប្រជុំឧត្តមមន្ត្រីកីឡាអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារអង្គរអ៊ិមប្រេសអង្គរ។ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ កម្ពុជាបានស្វាគមន៍ដោយភាពកក់ក្តៅ ព្រមទាំងឆ្លុះបញ្ចាំងពីស្មារតីមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសក្នុងតំបន់ និងភាពជាដៃគូពាក់ព័ន្ធ ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍវិស័យកីឡាឱ្យកាន់តែរីកចម្រើន៕