Khmer suport khmer cc time

ក្លឹបធរណីវិទ្យាកម្ពុជា នឹងរៀបចំ«កម្មវីធីប្រកួតប្រជែងរូបវិទ្យា» សម្រាប់សិស្សថ្នាក់ទី៧ ដល់ទី១២

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្លឹបធរណីវិទ្យាកម្ពុជា នឹងរៀបចំ«កម្មវីធីប្រកួតប្រជែងរូបវិទ្យា» (Youth Physics Competition) សម្រាប់សិស្សថ្នាក់ទី៧ ដល់ទី១២ ក្នុងឆ្នាំសិក្សាចាស់ (២០២៥-២០២៦, បាក់ឌុបឆ្នាំ២០២៦)។ តាមរយៈការប្រកួតនេះ សិស្សានុសិស្សនឹងទទួលបានបទពិសោធន៍នៃការតេស្តសមត្ថភាពរបស់ខ្លួនជាមួយនឹងវិញ្ញាសាដែលមានលក្ខណៈស្តង់ដារត្រឹមត្រូវ ដែលតាក់តែងបង្កើតដោយលោកគ្រូ អ្នកគ្រូឆ្នើមឯកទេសរូបវិទ្យា។

«កម្មវីធីប្រកួតប្រជែងរូបវិទ្យា» ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២៥ មានបេក្ខជនចុះឈ្មោះចូលរួមសរុប ១៧០០នាក់ មកពីរាជធានី និងខេត្តផ្សេងៗ គិតមកត្រឹមខែតុលា ឆ្នាំ២០២៦។ ការប្រកួតនេះ គឺបើកទទួលចុះឈ្មោះចូលរួមប្រឡងបញ្ចេញសមត្ថភាព និងឱកាសស្វ័យសិក្សាបន្ថែម ដែលធ្វើឡើងចំនួន ២ជុំ ដែលជុំទី១ ជាវគ្គជម្រុះ ប្រឡងតាមអនឡាញ និងជុំទី២ ជាវគ្គផ្ដាច់ព្រ័ត្រដែលប្រឡងផ្ទាល់នៅរាជធានីភ្នំពេញ។ ការប្រឡងជុំទី១ នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី ២២ វិច្ឆិកា ២០២៦។

ជ័យលាភីមេដាយ ត្រូវបានកំណត់ដោយកម្រិតពិន្ទុ ដែលក្នុងនោះ មេដាយមាស កម្រិតពិន្ទុ (៩០-១០០) មេដាយប្រាក់ កម្រិតពិន្ទុ (៨០-៨៩) និងមេដាយសំរឹទ្ធ កម្រិតពិន្ទុ (៦៥-៧៩)។ ជ័យលាភីកំពូលលេខ១ (Top1) : ពាន វិញ្ញាបនបត្រ និងកាដូពិសេស , ជ័យលាភីឆ្នើមប្រចាំកម្រិតថ្នាក់៖ ពាន វិញ្ញាបនបត្រ និងកាដូ, ជ័យលាភីមេដាយមាស៖ មេដាយមាស និងវិញ្ញាបនបត្រ, ជ័យលាភីមេដាយប្រាក់៖ មេដាយប្រាក់ និងវិញ្ញាបនបត្រ, ជ័យលាភីមេដាយសំរឹទ្ធ៖ មេដាយសំរឹទ្ធ និងវិញ្ញាបនបត្រ, ជ័យលាភីកិត្តិយស៖ វិញ្ញាបនបត្រ និងរង្វាន់ផ្សេងៗបន្ថែមទៀត, ហើយបេក្ខជនដែលបានចូលរួមជុំទី១ ទាំងអស់នឹងទទួលបានវិញ្ញាបនបត្រឌីជីថល បញ្ជាក់ការចូលរួម។

សិស្សានុសិស្សដែលចូលរួមប្រឡង មិនត្រឹមតែមានឱកាសក្នុងការបញ្ចេញសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែអាចស្វ័យសិក្សាតាមរយៈកម្រងវីដេអូមេរៀនដែលក្រុមការងារនឹងផ្ដល់ជូន ជាមួយសំណួរ-លំហាត់នៃមេរៀននីមួយៗផងដែរ។ សិស្សានុសិស្សនឹងទទួលបានបទពិសោធន៍នៃការតេស្តសមត្ថភាពរបស់ខ្លួនជាមួយនឹងវិញ្ញាសាដែលមានលក្ខណៈស្តង់ដារត្រឹមត្រូវ ដែលតាក់តែងបង្កើតដោយលោកគ្រូ អ្នកគ្រូឆ្នើមឯកទេសរូបវិទ្យា។

លោក ស្រៀង គឹមស្រ៊ន ស្ថាបនិក និងជាប្រធានក្លឹបធរណីវិទ្យាកម្ពុជា បានគូសបញ្ជាក់ថា « ក្លឹបធរណីវិទ្យាកម្ពុជា ប្តេជ្ញាលើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ និងអភិវឌ្ឍសមត្ថភាពយុវជន តាមរយៈការសិក្សាស្រាវជ្រាវ និងកម្មវិធីប្រកួតប្រជែងដែលមានលក្ខណៈស្តង់ដារ។ ស្របតាមបេសកកម្មថ្មីរបស់ក្លឹប យើងផ្ដោតលើការបណ្ដុះស្មារតីស្រឡាញ់វិទ្យាសាស្ត្រ និងពង្រឹងការគិតវិភាគ ការដោះស្រាយបញ្ហា និងការស្វ័យសិក្សា ដើម្បីឆ្លើយតបនឹងបំណិនសតវត្សរ៍ទី២១។ កម្មវិធីប្រកួតប្រជែងរូបវិទ្យា គឺជាសកម្មភាពមួយក្នុងការអនុវត្តបេសកកម្មនេះ ដោយផ្ដល់ឱកាសឱ្យសិស្សានុសិស្សបានរៀនសូត្រ បង្ហាញ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន»។ ខណៈ លោក វុឌ្ឍី ចន្ទពិសិដ្ឋ ជាស្ថាបនិក និងជាប្រធានកម្មវិធី បានរៀបរាប់ប្រាប់ស៊ីស៊ីថាមស៍ថា « កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមានការរៀបចំគម្រោងច្បាស់លាស់ ជាមួយនឹងក្រុមការងារដែលមានបទពិសោធន៍ក្នុងការបំពេញកិច្ចការនេះ ដើម្បីធានាបាននូវគុណភាព និងស្តង់ដានៃកម្មវិធីដែលជាចំណុចគោលនៃការរៀបចំកម្មវិធីនានារបស់ក្លឹបធរណីវិទ្យាកម្ពុជា។ សិស្សានុសិស្សអាចធ្វើការស្វ័យសិក្សា បង្កើនចំណេះដឹង និងបញ្ចេញសមត្ថភាព ហើយរួមជាមួយគ្នានេះដែរ ក្រុមការងារទាំងអស់ និងអ្នកស្ម័គ្រចិត្តក៏មានឱកាសទទួលបានបទពិសោធន៍ផ្សេងៗ និងចំណេះដឹងថ្មីៗផងដែរ។ បន្ថែមពីនេះ កម្មវិធីនាឆ្នាំនេះ មានគោលដៅបន្តក្នុងការប្រើប្រាស់ថវិកាដែលនៅសេសសល់ពីការរៀបចំកម្មវិធី ដើម្បីបន្តរៀបចំកម្មវិធីសប្បុរសធម៌ជួយទៅកាន់កុមារៗដែលមានជីវភាពខ្វះខាតផងដែរ។»។

កម្មវិធីនេះត្រូវបានបង្កើតឡើងស្របតាមបេសកកម្មថ្មី (ចំណុចទី២) របស់ក្លឹបធរណីវិទ្យាកម្ពុជា ដែលមានគោលដៅក្នុងការបង្កើតកម្មវិធីប្រកួតប្រជែងដែលមានលក្ខណៈស្តង់ដា ដើម្បីបណ្ដុះស្មារតី និងពង្រឹងសមត្ថភាពយុវជនឱ្យស្របបំណិនសតវត្សរ៍ទី២១។ សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ អាចចុះឈ្មោះតាមរយៈ https://forms.gle/xBjrWXMpSGPFmzSd7 ឱ្យបានត្រឹមថ្ងៃទី១៤ វិច្ឆិកា ២០២៦ វេលាម៉ោង ១១:៥៩យប់៕

Khcct banner

អត្ថបទទាក់ទង