Khmer suport khmer cc time

អ្នកស្រី អេង ដាលីន តំណាងកម្ពុជា នៅម៉ាឡេស៊ី ក្នុងនាមជាស្ថាបនិកស្រ្តី ដែលលើកកម្ពស់ការអប់រំផ្នែកសុខភាពម្តាយ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អ្នកស្រី អេង ដាលីន នឹងតំណាងកម្ពុជា នៅក្នុងកម្មវិធី The World School Summit លើកទី៤៣ ដែលរៀបចំឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្នុងថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៦។ ក្នុងនាមជាស្ថាបនិក និងជាអគ្គនាយិកាប្រតិបត្តិ (CEO) នៃសហគ្រាស M’Day Wellness Enterprise អ្នកស្រី ដាលីន ត្រូវបានជ្រើសរើសជាបេក្ខភាពឆ្នើមមួយរូប ដែលទទួលបានការកោតសរសើរចំពោះការលើកកម្ពស់ការអប់រំផ្នែកសុខភាពម្តាយ ជាពិសេសស្រ្តីដែលបំបៅកូនដោយទឹកដោះ។

តាមរយៈការតំណាងកម្ពុជា នៅម៉ាឡេស៊ី ក្នុងនាមជាស្ថាបនិកស្រ្តី ដែលលើកកម្ពស់ការអប់រំផ្នែកសុខភាពម្តាយ នៅក្នុងកម្មវិធី The World School Summit លើកទី៤៣ អ្នកស្រី នឹងបង្កើតបណ្តាញជាមួយអ្នកដឹកនាំមកពីប្រទេសផ្សេងៗជុំវិញពិភពលោក ដើម្បីចែករំលែកនូវបទពិសោធន៍ ទស្សនទាន នវានុវត្តន៍ ការចូលរួមចំណែកដោះស្រាយបញ្ហា និងការអប់រំ។ មុននឹងតំណាងកម្ពុជានៅម៉ាឡេស៊ី ឆ្នាំ២០២៦នេះ អ្នកស្រី ធ្លាប់ទទួលបានពានរង្វាន់ក្នុងនាមជា អ្នកដឹកនាំឆ្នើមដែលមានចក្ខុវិស័យវែងឆ្ងាយ។

អ្នកស្រី អេង ដាលីន បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា រឿងរ៉ាវដែលជំរុញឱ្យលោកស្រី ក្លាយជាម្ចាស់សហគ្រាស M’Day Wellness ដោយសារតែធ្លាប់ប្រឈមនឹងការពិបាកក្នុងការបំបៅទឹកដោះកូនច្បង ដែលជំរុញឱ្យលោកស្រីបង្កើតដំណោះស្រាយ ដោយបង្កើតសិប្បកម្ម ផលិតម្សៅដែលផលិតដោយត្រយ៉ូងចេក សម្រាប់ម្តាយដែលបំបៅទឹកដោះកូន អាចប្រើប្រាស់ ដើម្បីលាយជាមួយទឹក ហើយបរិភោគ ដើម្បីបង្កើនចំនួនទឹកដោះដល់អ្នកម្តាយដែលបំបៅកូន។

ម្ចាស់សិប្បកម្មរូបនេះ បានបន្តលើកឡើងថា មុននឹងក្លាយជាស្ថាបនិកនៃ M’Day Wellness នេះ អ្នកស្រី ធ្លាប់មានប្រវត្តិបម្រើការងារនៅវិស័យអង្គការក្រៅរដ្ឋាភិបាល ព្រមទាំងបានបន្តការសិក្សានៅអាម៉េរិក កាលពីកំណើតកូនស្រីច្បង។ ដោយធ្លាប់មានបទពិសោធន៍ជួបនឹងឧបសគ្គនានាអំឡុងពេលបំបៅកូនដោយទឹកដោះ កាលពីលើកទី១ ទើបអ្នកស្រី មានកម្លាំងចិត្តក្នុងការបន្តបេសកកម្មនេះកាន់តែខ្លាំង ដើម្បីបង្កើនភាពបត់បែនសម្រាប់ខ្លួនក្នុងនាមជាម្ចាស់អាជីវកម្ម ដើម្បីអាចមានពេលវេលានៅក្បែរកូនជាងមុន។

ការសម្រេចចិត្តផ្លាស់ប្តូរដំណើរពីបុគ្គលិកក្នុងអង្គការ មកជាស្ថាបនិក ដែលផ្តោតលើ ផលិតម្សៅដែលផលិតដោយត្រយ៉ូងចេក ជាដំណើរមួយដែលពោរពេញទៅដោយទំនួលខុសត្រូវ កិច្ចសហការ និងនវានុវត្តន៍។ ដោយសារតែឆន្ទៈក្នុងការដោះស្រាយបញ្ហាសម្រាប់ស្រ្តីនៅកម្ពុជាពាក់ព័ន្ធនឹងការបំបៅកូនដោយទឹកដោះនេះហើយ ទើបបណ្តាលឱ្យអ្នកស្រី ទទួលបានការទទួលស្គាល់បន្តបន្ទាប់ពីថ្នាក់តំបន់ និងអន្តរជាតិ។ តាមរយៈ M’Day Wellness Enterprise លោកស្រីបានបន្តបង្កើតផលិតផលក្នុងស្រុក ប្រើប្រាស់ធនធានកសិកម្មខ្មែរ និងបង្កើតឱកាសសម្រាប់ កសិករ ស្ត្រី និងសហគមន៍មូលដ្ឋាន ខណៈពេលដែលកំពុងលើកកម្ពស់សុខភាព និងការបំបៅកូនដោយទឹកដោះម្តាយ។

គួរបញ្ជាក់ថាថ្មីៗនេះ អ្នកស្រី អេង ដាលីន ត្រូវបានជ្រើសរើសជាស្រ្តីឆ្នើមផ្នែកសហគ្រាសសង្គម ក្នុងកម្មវិធី Women of The Future Award Cambodia ដែលនឹងត្រូវចូលរួមកម្មវិធីប្រកាសលទ្ធផលនៅសិង្ហបុរី ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦នេះ ជាមួយស្រ្តីខ្មែរ១៤រូបផ្សេងទៀតដែលតំណាងក្នុងប្រភេទពានរង្វាន់ក្នុងវិស័យផ្សេងៗគ្នា៕


Khcct banner

អត្ថបទទាក់ទង