ភ្នំពេញ៖ មហោស្រពបច្ចេកវិទ្យាមេគង្គ លើកទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ និង២៥ ខែតុលា ឆ្នាំ២០២៦ ក្រោមប្រធានបទ "ប្រកួតប្រជែង ផ្សារភ្ជាប់ ពង្រីកវិសាលភាព" ។ មហោស្រពនេះ នឹងមានវេទិកាចែករំលែកអំពីបច្ចេកវិទ្យាដោយវាគ្មិនជំនាញ ការបង្ហាញអំពីគម្រោងរបស់ក្រុមយុវជន ការតាំងបង្ហាញពីស្នាដៃបច្ចេកវិទ្យា និងការប្រកួតដែលផ្តោតលើបច្ចេកវិទ្យាសម្រាប់យុវជន ហើយនឹងធ្វើឡើងចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ៦:០០ល្ងាច នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។
មហោស្រពបច្ចេកវិទ្យាមេគង្គ នឹងមានសកម្មភាព និងកម្មវិធីដូចជា សន្និសីទបច្ចេកវិទ្យាមេគង្គ ដែលជាវេទិកាប្រមូលផ្តុំអ្នកជំនាញ និងមានវិជ្ជាជីវៈ មកជជែកវែកញែកលើវិស័យចម្បងៗដូចជា ជំនាញបច្ចេកវិទ្យាឌីជីថល សេដ្ឋកិច្ចឌីជីថល នវានុវត្តន៍ធុរកិច្ចថ្មី បញ្ញាសិប្បនិម្មិត ឧស្សាហកម្ម ៤.០ និងវិស័យផ្សេងៗទៀតដែលទាក់ទងនឹងបច្ចេកវិទ្យា។ វេទិកាបច្ចេកវិទ្យាមេគង្គ ដែលជាវេទិកាបច្ចេកវិទ្យា ផ្តល់ឱកាសឱ្យក្រុមយុវជនឆ្នើមផ្នែកបច្ចេកវិទ្យា អាចធ្វើបទបង្ហាញគម្រោងរបស់ខ្លួនទៅកាន់ អ្នកជំនាញ និងអ្នកវិនិយោគ ដើម្បីពិភាក្សា និងស្នើសុំយោបល់អំពីគម្រោង ឬការចាប់ផ្តើមអាជីវកម្មរបស់ខ្លួន។
មួយវិញទៀត មហោស្រពក៏រៀបចំឱ្យមានការពិព័រណ៍បច្ចេកវិទ្យាមេគង្គ ដែលមានតាំងបង្ហាញស្នាដៃបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ដើម្បីឱ្យនិស្សិត និងសាធារណៈជន ទទួលបានចំណេះដឹង និងបទពិសោធន៍ អំពីបច្ចេកវិទ្យាព្រមទាំងនវានុវត្តថ្មីៗ។ ជាចុងក្រោយគឺជា ការប្រកួតគម្រោងចតុមុខវ័យក្មេង ដែលជាការប្រកួតប្រជែងសម្រាប់យុវជនដែលស្រលាញ់ភាពច្នៃប្រឌិត និងបច្ចេកវិទ្យា ដោយផ្តោតលើប្រធានបទ “ បច្ចេកវិទ្យាអប់រំ បរិស្ថាន ថាមពល បច្ចេកវិទ្យារ៉ូបូត ការចាប់ផ្តើមអាជីវកម្ម"។
គួរបញ្ជាក់ថា មហោស្រពនេះត្រូវបានរៀបចំឡើងដោយ យុវជនស្ម័គ្រចិត្ត ទFestival និងធ្វើឡើងសម្រាប់សារធារណៈជនជាង ២០០០០នាក់ឱ្យចូលរួម។ ជាមួយគ្នានេះ កម្មវិធីនេះ នឹងមានការបើកកម្មវិធីដោយ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបិទកម្មវិធីដោយ លោក សុខ សប្បាយណា រដ្ឋលេខាធិការនៃក្រសួងមុខងារសាធារណៈ៕