Khmer suport khmer cc time

យុវជនកម្ពុជា ៦រូប ចូលរួមកិច្ចសន្ទនា «The Third China-Cambodia-Thailand Track II Dialogue» អមជាមួយប្រតិភូតំណាងកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ យុវជនកម្ពុជា ៦នាក់បានចូលរួមនៅក្នុងកិច្ចសន្ទនានៅក្នុង The Third China-Cambodia-Thailand Track II Dialogue ជាមួយប្រតិភូតំណាងកម្ពុជា ដែលមានដូចជា សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងអ្នកជំនាញផ្នែកគោលនយោបាយ នៅទីក្រុងសិនជិន ប្រទេសចិន​​ នៅថ្ងៃទី១១ និងទី១២ ខែតុលា ឆ្នាំ២០២៦។

កិច្ចសន្ទនាមួយនេះ ត្រូវបានរៀបចំឡើងដោយដោយសាកលវិទ្យាល័យកិច្ចការបរទេសចិន (China Foreign Affairs University – CFAU) ដែលមានប្រតិភូចូលរួមសរុបប្រមាណ ៩០នាក់ មកពីប្រទេសចិន កម្ពុជា និងថៃ។ ជាមួយគ្នា កិច្ចសន្ទនា គឺផ្តោតលើទស្សនៈវិស័យនាពេលអនាគត និងការពង្រឹងសន្តិភាពយូរអង្វែង និងការកសាងទំនុកចិត្តរវាងកម្ពុជានឹងថៃ ។  កិច្ចសន្ទនាលើកទី៣នេះ គឺបន្តពីកិច្ចព្រមព្រៀងរួម ៥ចំណុច ដែលសម្រេចបានដោយរដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ នៅបឹងហ្វូសៀន ខេត្តយូណាន ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចសន្ទនា Track II លើកទី១ និងលើកទី២ ដែលបានប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង កាលពីខែកុម្ភៈ និងខែមេសា ឆ្នាំ២០២៦។

ទន្ទឹមគ្នា យុវជនកម្ពុជាទាំង ៦រូបដែលចូលរួមនៅក្នុងកម្មវិធីរួមមាន  លោក ទង​ សុវណ្ណវីតា, លោក ផេង ធាន, លោក ឡុងសុវិទូ, កញ្ញា ទ្រី លីគៀង, កញ្ញា ហ៊ុន មុនីរ័ត្ន, និងកញ្ញា គង់ ជាមុនីរ័តន៍។

 

យុវជន ទង​ សុវណ្ណវីតា បានប្រាប់មកកាន់ ស៊ីស៊ីថាមស៍ថា ការចូលរួមនៅក្នុងវេទិកាសន្ទនានេះ ធ្វើឱ្យគាត់ចាប់អារម្មណ៍ខ្លាំងទៅលើទស្សនៈ និងការគិត ពីយុវជនដទៃទៀត ជាពិសេសភាគីខាងថៃ។ ថ្វីត្បិតតែប្រតិភូមកពីប្រទេសផ្សេងគ្នា ប៉ុន្តែគោលដៅរួមមួយ គឺចង់ឃើញសន្តិភាព ឱកាសទទួលបានការអប់រំ និងជីវភាពរស់នៅកាន់តែប្រសើរសម្រាប់ប្រជាជននៅតាមតំបន់ព្រំដែន។ បន្ថែមពីនេះ នៅក្នុងបទបង្ហាញស្តីពីការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងការផ្លាស់ប្តូរវប្បធម៌ គាត់ក៏បានលើកយក សុភាសិតខ្មែរមួយថា «ចង្កឹះមួយបាច់ កាច់មិនបាក់»​​ ដើម្បីរំលេចពីសារៈសំខាន់នៃសាមគ្គីភាព ព្រោះនៅពេលដែលកម្ពុជា ថៃ និងចិន រួមដៃសហការគ្នា ប្រទេសទាំងបីនឹងកាន់តែរឹងមាំ និងអាចជួយគ្នាដោះស្រាយបញ្ហាប្រឈមនានាបានកាន់តែប្រសើរ។​ យុវជនរូបនេះ យល់ឃើញថា កិច្ចសន្ទនានេះបានបង្ហាញឱ្យឃើញពីការអនុវត្តជាក់ស្តែងនូវស្មារតីនៃគំនិតផ្តួចផ្តើមអរិយធម៌សកល (Global Civilization Initiative) ដែលលើកកម្ពស់ការគោរពភាពចម្រុះនៃអរិយធម៌ និងការពង្រឹងទំនាក់ទំនងរវាងប្រជាជន ហើយគាត់សង្ឃឹមថា មិត្តភាព និងទំនាក់ទំនងដែលយើងកសាងឡើងក្នុងវេទិកានេះ នឹងបន្តរីកចម្រើន ហើយយុវជនកម្ពុជា ថៃ និងចិន នឹងមានឱកាសសហការគ្នាកាន់តែច្រើននាពេលអនាគត។ ជាចុងក្រោយ គាត់បានបង្ហាញក្តីកោតសរសើរចំពោះ ប្រទេសចិន ដែលបានជួយជំរុញឱ្យមានជំនួប និងការផ្លាស់ប្តូរយោបល់រវាងយុវជននៃប្រទេសទាំងបីផងដែរ។

យុវជន ទង​ សុវណ្ណវីតា

ចំណែកកញ្ញា ទ្រី លីគៀង ក៏បានបន្ថែមថា “ខ្ញុំមានអារម្មណ៍ថា កិច្ចសន្ទនារឿងជាច្រើនដែលខ្ញុំមិននឹកស្មានដល់។ខ្ញុំចាប់អារម្មណ៍ជាងគេ គឺអ្នកចូលរួមគ្រប់រូបមានការយោគយល់គ្នា និងបើកចិត្តស្តាប់មតិរបស់គ្នាទៅវិញទៅមក។ ជាពិសេស ខ្ញុំពិតជាកោតសរសើរយុវជនថៃ ដែលមានចំណេះដឹង និងអាចបង្ហាញទស្សនៈរបស់ខ្លួនបានយ៉ាងច្បាស់លាស់សមហេតុសមផល ក្នុងការពិភាក្សា”។  កញ្ញាបន្ត ដោយរៀបរាប់ពីបទពិសោធន៍ដែលចូលរួមកិច្ចសន្ទនា ថាពិតជាមានតម្លៃ បើទោះបីជាកិច្ចសន្ទនាបែបនេះមិនមែនជាការពិភាក្សានៅកម្រិតថ្នាក់ដឹកនាំក៏ដោយ ក៏នៅតែមានសារៈសំខាន់ដែរ ព្រោះវាជាឱកាសឱ្យភាគីនីមួយៗជួបគ្នា និយាយគ្នា ចែករំលែកគំនិត និងស្តាប់មតិពីភាគីផ្សេងៗ អាចជួយឱ្យយល់ពីគ្នាកាន់តែច្បាស់ និងបង្កើតទំនុកចិត្តរវាងគ្នាបាន។កញ្ញាពិតជាសប្បាយចិត្តដែលបានចូលរួមក្នុងកិច្ចសន្ទនានេះ និងបានរៀនសូត្រអ្វីថ្មីៗ ស្គាល់ទស្សនៈផ្សេងៗ និងទទួលបានអនុស្សាវរីយ៍ល្អៗជាច្រើន។

គួរបញ្ជាក់ថា កិច្ចសន្ទនានេះបានបញ្ចប់ដោយមានការឯកភាពលើអនុសាសន៍ពីភាគីទាំងអស់ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់កិច្ចសន្ទនា ការយោគយល់គ្នាទៅវិញទៅមក និងការកសាងសន្តិភាពយូរអង្វែង។នៅក្នុងការផ្លាស់ប្តូរយុវជន តំណាងយុវជនមកពីកម្ពុជា និងថៃ បានឯកភាពគ្នាលើគំនិតផ្តួចផ្តើមមួយដែលផ្តោតលើយុវជនជាស្នូល។ គំនិតផ្តួចផ្តើមនេះលើកឡើងពីតួនាទីរបស់យុវជនក្នុងនាមជាអ្នកភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ អ្នករួមចំណែកក្នុងការកសាងសន្តិភាព អ្នកគាំទ្រសហគមន៍តាមតំបន់ព្រំដែន និងជាសំឡេងក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ជាមួយគ្នានេះ ក៏បានអំពាវនាវឱ្យបន្តជំរុញការផ្លាស់ប្តូរយុវជនរវាងប្រទេសទាំងបីផងដែរ៕

Khcct banner

អត្ថបទទាក់ទង