Khmer suport khmer cc time

ការរៀនភាសាបារាំងនៅអង្គការតាំងពីវ័យកុមារភាព បើកឱកាសឱ្យ កញ្ញា ព្រុំ នីសុវណ្ណៈ អាចធ្វើដំណើរជុំវិញប្រទេសជាង៣០

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ផ្តើមពីការស្គាល់ភាសាបារាងដំបូងនៅអង្គការកាលពីកុមារភាព នៅខេត្តពោធិ៍សាត់ កញ្ញា ព្រុំ នីសុវណ្ណៈ កាន់តែពេញចិត្តក្នុងការរៀនភាសានេះ រហូតចាប់យកអាជីពជាគ្រូបង្រៀនភាសាបារាំងក្នុងការងារទីមួយ មុនបានក្លាយជា អ្នកតំណាងហ្វ្រង់វ៉ូឡុងទែរប្រចាំនៅកម្ពុជា នៅតួនាទីបច្ចុប្បន្ន។ មកដល់ពេលនេះ កញ្ញា​ បានធ្វើដំណើរជុំវិញប្រទេសប្រមាណ ៣០ ដោយសារតែការសិក្សា ការងារ និងការធ្វើដំណើរកម្សាន្តរបស់ខ្លួន។

កញ្ញា ព្រុំ នីសុវណ្ណៈ បានផ្តល់បទសម្ភាសជាមួយសារព័ត៌មានស៊ីស៊ីថាមស៍ថា ក្នុងនាមជាស្រ្តីមួយរូប ដែលធំធាត់ឡើងនៅក្នុងខេត្តពោធិ៍សាត់ កញ្ញាពុំធ្លាប់គិតទុកមុនថានឹងមានឱកាសបានឃើញពិភពលោក រហូតបានជិត៣០ប្រទេសនោះទេ។ ដោយសារតែ ការបន្តដុះខាត់សមត្ថភាព ក្នុងវិស័យអប់រំ និងអាជីព​ កញ្ញា ប្រើប្រាស់ភាសាបារាំងជាមធ្យោបាយក្នុងការទំនាក់ទំនងទាំងក្នុងការងារ។ 

កញ្ញា បានរម្លឹកថា ក្រោយប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់ជាស្ថាពរ កញ្ញាបានសម្រេចចិត្តជ្រើសរើសសិក្សាជំនាញភាសាបារាំង ក្នុងការបន្តការសិក្សានៅថ្នាក់បរិញ្ញាបត្រ ដោយសារតែឆន្ទៈក្នុងការលើកកម្ពស់ភាសាបារាំង និងចង់ប្រើប្រាស់ភាសានេះ តាមរយៈការពង្រឹងសមត្ថភាពយុវជនជំនាន់ក្រោយឱ្យអាចប្រើប្រាស់ភាសាបារាំងបាន។ ក្រោយបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សា កញ្ញាបានចាប់អាជីពជាគ្រូបង្រៀនភាសាបារាំងនៅអង្គការ PSE ព្រោះតែយល់ឃើញថាចង់បង្កើតផលវិជ្ជមានទៅកាន់កុមារដែលរស់នៅក្នុងអង្គការ ប្រៀបដូចជាអតីតកាលរបស់កញ្ញា នៅខេត្តពោធ៍សាត់។ ក្រោយមកទៀត កញ្ញាក៏បានចូលធ្វើការនៅវិទ្យាស្ថានភាសាបារាំង និងអង្គការ ដែលកញ្ញា បានក្លាយជាអ្នកតំណាងហ្វ្រង់វ៉ូឡុងទែរប្រចាំនៅកម្ពុជា ក្នុងពេលបច្ចុប្បន្ន។

សមិទ្ធផល កញ្ញា សុវណ្ណៈ ជាសក្ខីភាពឆ្លុះបញ្ចាំងពីការបន្តអភិវឌ្ឍសមត្ថភាពឥតឈប់ឈររហូតក្លាយជាតំណាងហ្វ្រង់វ៉ូឡុងទែរប្រចាំនៅកម្ពុជា ដែលមានតួនាទីក្នុងការផ្សាភ្ជាប់ទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធក្នុងការទទួលអ្នកស្ម័គ្រចិត្តបរទេសមកពីប្រទេសផ្សេងៗដែលប្រើប្រាស់ភាសាបារាំង ក្នុងការបំពេញបេសកកម្មនៅកម្ពុជា ព្រមទាំងបញ្ជូនអ្នកស្ម័គ្រចិត្តពីកម្ពុជាទៅកាន់ប្រទេសបារាំងផងដែរ។

កញ្ញា បានបន្តរៀបរាប់ថា ក្នុងនាមជាអតីតបេក្ខជនមួយរូបដែលបានធ្លាប់ស្ម័គ្រចិត្តនៅប្រទេសបារាំង និងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅទីនោះ កញ្ញាលើកទឹកចិត្តឱ្យយុវជនជំនាន់ក្រោយដែលស្រឡាញ់ភាសាបារាំង ឱ្យបន្តខិតខំដុះខាត់សមត្ថភាព និងចាបយកឱកាស ដើម្បីអាចបញ្ចេញនូវសក្តានុពលរបស់ខ្លួន ក្នុងការបង្កើតភាពវិជ្ជមានសម្រាប់ខ្លួនឯងផ្ទាល់ និងសង្គមជាតិ។ កញ្ញាយល់ឃើញថា យុវជនកម្ពុជា ដែលអាចប្រើប្រាស់ភាសាបារាំងបានល្អ អាចមានឱកាសច្រើនក្នុងការធ្វើការជាមួយស្ថាប័នបារាំង៕

ទស្សនាវីដេអូពេញ៖



Khcct banner

អត្ថបទទាក់ទង