Khmer suport khmer cc time

ធនាគារជាតិនៃកម្ពុជា រៀបចំការប្រកួតផលិតវីដេអូខ្លី ក្រោមប្រធានបទ «តើប្រាក់ ១ម៉ឺនរៀល អាចទិញអ្វីបានខ្លះនៅខេត្តកំពត?»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា ប្រកាសរៀបចំកម្មវិធីប្រកួតប្រជែងផលិតវីដេអូខ្លី ក្រោមប្រធានបទ «តើប្រាក់ ១ម៉ឺនរៀល អាចទិញអ្វីបានខ្លះនៅខេត្តកំពត?» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងជំរុញឱ្យសាធារណជន ជាពិសេសស្រទាប់យុវជន ចូលរួមប្រើប្រាស់រូបិយវត្ថុជាតិឱ្យកាន់តែទូលំទូលាយ ដើម្បីអបអរសាទរខួបលើកទី ៤៦ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ។

យោងតាមគេហទំព័រ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា បេក្ខជនដែលមានចំណាប់អារម្មណ៍ចូលរួមប្រកួត ត្រូវផលិតវីដេអូដែលមានថិរវេលាចន្លោះពី ៤០វិនាទី ដល់ ៣នាទី ដោយកំណត់ទីតាំងថតជាក់ស្តែងនៅក្នុងភូមិសាស្ត្រខេត្តកំពត។ ខ្លឹមសារនៃវីដេអូនីមួយៗត្រូវបង្កប់នូវអត្ថន័យអប់រំ បង្ហាញពីសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀល ឬការទូទាត់ប្រាក់រៀលតាមបែបឌីជីថលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ លើសពីនេះ បេក្ខជនតម្រូវឱ្យចុចតាមដាន (Follow) ទំព័រហ្វ៊េសប៊ុកផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា និងបង្ហោះវីដេអូស្នាដៃរបស់ខ្លួននៅលើគណនីហ្វ៊េសប៊ុក ឬ TikTok ផ្ទាល់ខ្លួន ដោយភ្ជាប់ជាមួយសារសញ្ញា #ទិវាប្រាក់រៀល២០២៦ #ខ្ញុំស្រឡាញ់ប្រាក់រៀល និង #ធនាគារជាតិនៃកម្ពុជា ព្រមទាំង Mention គណនីផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា (Facebook: ធនាគារជាតិ នៃកម្ពុជា - National Bank of Cambodia និង TikTok: @nationalbankofcambodia_) ផងដែរ។

បើតាមប្រភពដដែល រង្វាន់លើកទឹកចិត្ត កម្មវិធីបានកំណត់ផ្តល់ជូនទឹកប្រាក់ចំនួន ២ លានរៀល សម្រាប់ជ័យលាភីលេខ១ និងចំនួន ១ លានរៀល សម្រាប់ជ័យលាភីលេខ២។ បេក្ខជនទាំងអស់ត្រូវផ្ញើតំណភ្ជាប់ (Link) នៃវីដេអូដែលបានផ្សព្វផ្សាយរួច ចូលទៅកាន់ប្រអប់សារ (Inbox) នៃទំព័រហ្វ៊េសប៊ុកផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ឱ្យបានត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ជាកំហិត។

គួរបញ្ជាក់ថា ពិធីប្រគល់រង្វាន់ជូនម្ចាស់ជ័យលាភី នឹងត្រូវរៀបចំឡើងជាផ្លូវការនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR)» ដែលនឹងប្រព្រឹត្តទៅនៅខេត្តកំពត នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ៕


Khcct banner

អត្ថបទទាក់ទង