Khmer suport khmer cc time

អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ប្រកាសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ១៤រូប លើជំនាញបច្ចេកវិទ្យានិងហិរញ្ញវត្ថុ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
 

ភ្នំពេញ៖ អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ១៤រូប ចូលបម្រើការងារពេញម៉ោង ដើម្បីចូលរួមចំណែកពង្រឹង និងជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋាន បានបញ្ជាក់ថា ការជ្រើសរើសនេះ ធ្វើឡើងស្របតាមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ខណៈដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើរតួជាសេនាធិការរាជរដ្ឋាភិបាលលើការសម្របសម្រួល និងដឹកនាំការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដោយមានអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលជាសេនាធិការបច្ចេកទេសផ្ទាល់។

សម្រាប់តម្រូវការធនធានមនុស្សទាំង ១៤រូប នាពេលនេះ រួមមានមុខតំណែងបច្ចេកវិទ្យានិងជំនាញជាច្រើនផ្នែក ដូចជា៖ ផ្នែកអភិវឌ្ឍកម្មវិធីវ៉ិប (Full-Stack Developer) ចំនួន ៥រូប, ផ្នែកវិភាគទិន្នន័យ (Data Analyst) ចំនួន ២រូប, ផ្នែកអភិវឌ្ឍកម្មវិធីទូរស័ព្ទ (Mobile Developer) ចំនួន ១រូប, ផ្នែកតេស្តនិងពិនិត្យគុណភាពសូហ្វវែរ (Software Tester and Quality Controller) ចំនួន ១រូប, ផ្នែកវិភាគសេដ្ឋកិច្ចឌីជីថល (Digital Economy Analyst) ចំនួន ១រូប, ផ្នែកវិទ្យាសាស្ត្រទិន្នន័យ (Data Scientist) ចំនួន ១រូប, ផ្នែកបញ្ញាសិប្បនិម្មិត និងការបង្រៀនម៉ាស៊ីន (AI & ML Specialist) ចំនួន ១រូប, ផ្នែកវិស្វកម្មទិន្នន័យ (Data Engineering) ចំនួន ១រូប និងផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ (Accounting and Finance Officer) ចំនួន ១រូប។

ចំពោះនីតិវិធីនៃការដាក់ពាក្យ បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ ត្រូវរៀបចំផ្ញើប្រវត្តិរូបសង្ខេប (CV) និងលិខិតបញ្ជាក់ចំណាប់អារម្មណ៍ (Cover Letter) ជាភាសាអង់គ្លេស រួមជាមួយឯកសារភ្ជាប់ពាក់ព័ន្ធ មកកាន់អាសយដ្ឋានសារអេឡិចត្រូនិក [email protected] ឱ្យបានយ៉ាងយូរបំផុតត្រឹមថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ៥:៣០នាទីល្ងាចជាកំហិត។ អគ្គនាយកដ្ឋាននឹងទទួលពាក្យស្នើសុំតាមរយៈប្រព័ន្ធអនឡាញតែប៉ុណ្ណោះ ហើយដំណើរការជ្រើសរើសនឹងត្រូវធ្វើការវាយតម្លៃជាបឋមលើ CV និង Cover Letter មុននឹងកោះអញ្ជើញបេក្ខជនដែលជាប់ក្នុងបញ្ជីសម្រាំងបឋម មកចូលរួមការសម្ភាសផ្ទាល់មាត់។

សម្រាប់ព័ត៌មានបន្ថែម សាធារណជននិងបេក្ខជនទាំងអស់ អាចធ្វើការទាក់ទងទៅកាន់លេខទូរស័ព្ទ ០១៥ ៨៨១ ៦១១ អ៊ីមែល [email protected] ឬគេហទំព័រផ្លូវការ mef.gov.kh។ ក្រៅពីនេះ ក៏អាចទំនាក់ទំនងដោយផ្ទាល់នៅទីស្នាក់ការអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ដែលមានអាសយដ្ឋានស្ថិតនៅជាន់ទី៧ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) វិថី OCIC សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

Khcct banner

អត្ថបទទាក់ទង