Khmer suport khmer cc time

បុប្ផាណា ផ្តល់អាហារូបករណ៍ដល់យុវជន១២រូប បណ្តុះបណ្តាល«ផលិតភាពយន្តឯកសារនិងពហុប្រព័ន្ធផ្សព្វផ្សាយ»

យុវជន
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ភ្នំពេញ៖ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (ARPAA) បានប្រកាសជ្រើសរើសយុវជនកម្ពុជាចំនួន ១២រូប ដើម្បីផ្តល់អាហារូបករណ៍ចូលរួមវគ្គបណ្តុះបណ្តាលជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ដោយឥតគិតថ្លៃ។

យោងតាមគេហទំព័រ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា បានឱ្យដឹងថា ការជ្រើសរើសនេះ បើកទូលាយសម្រាប់ប្រជាពលរដ្ឋកម្ពុជា រួមទាំងជនជាតិខ្មែរ ជនជាតិភាគតិច និងជនជាតិដើមភាគតិច ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា មានអាយុចន្លោះពី ១៨ ដល់ ៣០ឆ្នាំ ពុំមានពិរុទ្ធភាព មានទឹកចិត្តស្រឡាញ់ និងមានបំណងចង់ចងក្រងឯកសារស្តីពីប្រទេសកម្ពុជា ព្រមទាំងមានពេលវេលាពេញលេញក្នុងការចូលរៀនគ្រប់វគ្គសិក្សាទាំងអស់។ ជាមួយគ្នានេះ កម្មវិធីក៏បានលើកទឹកចិត្តជាពិសេសចំពោះស្ត្រី និងជនមានពិការភាពឱ្យដាក់ពាក្យចូលរួមផងដែរ។

បើតាមប្រភពដដែល សិក្ខាកាមដែលជាប់ការជ្រើសរើស នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាការសិក្សា និងការប្រើប្រាស់ឧបករណ៍សម្ភារៈថតដោយឥតគិតថ្លៃ ការធានារ៉ាប់រងសុខភាពពេញមួយកំឡុងពេលសិក្សា ការផ្តល់កន្លែងស្នាក់នៅសម្រាប់សិក្ខាកាមដែលមកពីតាមបណ្តាខេត្ត វិញ្ញាបនបត្របញ្ជាក់ការសិក្សា ព្រមទាំងឱកាសក្នុងការនាំយកស្នាដៃរបស់ខ្លួនទៅចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តទាំងក្នុងនិងក្រៅប្រទេស។

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៦ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៧ នៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ក្នុងរាជធានីភ្នំពេញ ដោយត្រូវសិក្សាពេញម៉ោង ៨ម៉ោងក្នុងមួយថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។

បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ អាចបំពេញពាក្យតាមរយៈតំណភ្ជាប់អនឡាញ https://forms.gle/Z4BCAhwm6EhSgJtY7 ឬមកទទួលនិងបំពេញពាក្យដោយផ្ទាល់នៅមជ្ឈមណ្ឌលបុប្ផាណា ឱ្យបានយ៉ាងយូរបំផុតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានបន្ថែម សាធារណជនអាចទាក់ទងទូរស័ព្ទលេខ ០១០ ៧៧៥ ១៥១ ឬ ០១៧ ៦៧ ២៩ ២៦។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ស្ថិតក្រោមការអនុវត្តគម្រោង «លើកកម្ពស់ការថែរក្សាការចងចាំផ្នែកសោតទស្សន៍និងការផ្តល់ភាពអង់អាចដល់យុវជន» សម្រាប់រយៈពេល ៣ឆ្នាំ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ខែតុលា ឆ្នាំ២០២៨ ដោយទទួលបានការឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) មូលនិធិហេនរីលូស៍ (The Henry Luce Foundation) និងមូលនិធិរៃ (Rei Foundation Limited)៕

Khcct banner

អត្ថបទទាក់ទង