ប្រភព៖ ក្រសួងប្រៃសណីយ៍
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងប្រកាសឱ្យ ក្រុមហ៊ុនបច្ចេកវិទ្យា ធុរកិច្ចថ្មីឌីជីថល និងស្ថាប័នពាក់ព័ន្ធ ដែលមានលក្ខណៈលេចធ្លោ នៅកម្ពុជា ដាក់ពាក្យចូលរួមប្រកួតនៅក្នុងកម្មវិធី «ពានរង្វាន់ឌីជីថលអាស៊ាន - ASEAN DIGITAL AWARDS» ឆ្នាំ២០២៧ ។ កម្មវិធីនេះ នឹងបិទទទួលពាក្យនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។
យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងប្រៃសណីយ៍ កម្មវិធីនេះធ្វើឡើងដើម្បី ទទួលស្គាល់ និងលើកកម្ពស់សមិទ្ធផលឆ្នើម និងនវានុវត្តន៍ឌីជីថលនៅទូទាំងតំបន់អាស៊ាន។ ដូច្នេះ ក្រុមហ៊ុន ឬស្ថាប័នដែលចូលរួម នឹងមានឱកាសទទួលបានពានរង្វាន់ ប្រាំមួយប្រភេទដូចជា ពានរង្វាន់វិស័យសាធារណៈ, ពានរង្វាន់វិស័យឯកជន, ពានរង្វាន់វិបរិយាបន្នឌីជីថល, ពានរង្វាន់មាតិកាឌីជីថល, ពានរង្វាន់ធុរកិច្ចថ្មីឌីជីថល, ពានរង្វាន់នវានុវត្តន៍ឌីជីថល។
បើតាមប្រភពដដែល ពានរង្វាន់នេះនឹងត្រូវផ្តល់ឱ្យ ដោយផ្អែកលើការវាយតម្លៃទៅលើផ្នែកដូចជា ការពិពណ៌នាអំពីផលិតកម្ម និងសេវាកម្ម រួមមានគោលបំណង និងលក្ខណៈពិសេសនៃផលិតផល ព្រមទាំងការអនុវត្តបច្ចេកវិទ្យានៅក្រុមហ៊ុន ឬស្ថាប័នរបស់ខ្លួន។ ភាពលេចធ្លោ និងខុសប្លែកពីគេ ដែលរួមមាន ភាពច្នៃប្រឌិតនៃផលិតផល អាជីវកម្ម និងដំណើរការការងារ។ វាយតម្លៃលើគុណភាព ដែលរួមមាន បញ្ចូលស្តង់ដារ និងពានរង្វាន់ឧស្សាហកម្មផ្សេងៗ, សមត្ថភាពទីផ្សារ រួមបញ្ចូលទីផ្សារ អតិថិជន សក្តានុពលវិនិយោគ និងលទ្ធភាពជោគជ័យ, ព្រមទាំង គំរូអាជីវកម្ម ដែលផ្តោតលើតម្លៃ និងចំណូល។
ជ័យលាភី ពានរង្វាន់វិស័យសាធារណៈ ឆ្នាំ២០២៤
ប្រភព៖ ក្រសួងប្រៃសណីយ៍
គួរបញ្ជាក់ថា «ពានរង្វាន់ឌីជីថលអាស៊ាន»ត្រូវបានប្តូរឈ្មោះពី« ASEAN ICT Awards » ដើម្បីទទួលស្គាល់ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ បញ្ញាសិប្បនិម្មិត (AI) និងទិន្នន័យ នៅក្នុងសេដ្ឋកិច្ចឌីជីថលអាស៊ាន។ ចំពោះក្រុមហ៊ុន ឬស្ថាប័នដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាម តំណភ្ជាប់៕