ភ្នំពេញ៖ ក្រសួងអប់រំ នឹងរៀបចំពិធីសំណេះសំណាលជាមួយសិស្សានុសិស្សដែលទទួលបាននិទ្ទេស A នៅព្រឹកថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាព របស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ បានឱ្យដឹងថា កម្មវិធីសំណេះសំណាលនេះ ធ្វើឡើងសម្រាប់សិស្សឆ្នើមនិទ្ទេស A នៃការប្រឡងបាក់ឌុប សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។
កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងអបអរសាទរ និងលើកទឹកចិត្តដល់សិស្សានុសិស្សដែលបានខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលល្អប្រសើរ។ លើសពីនេះ ក៏ជាការដាស់តឿននិងជំរុញឱ្យយុវជនបន្តការសិក្សារៀនសូត្រ ក៏ដូចជាអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនឱ្យកាន់តែខ្លាំងក្លា ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្ស និងអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនទៅមុខ។
ជាមួយគ្នានេះ ក្រសួងអប់រំ បានអំពាវនាវឱ្យ មាតាបិតា អាណាព្យាបាលសិស្ស និងសិស្សានុសិស្សជ័យលាភីនិទ្ទេស A ទាំងអស់ត្រៀមខ្លួនចូលរួមក្នុងកម្មវិធីនេះតាមការគួរ៕