សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) មានមោទកភាពក្នុងការអបអរសាទរចំពោះ ឈឹម នព្វន្ត អតីតនិស្សិតជំនាញ[HC1] ធុរកិច្ចរបស់ AUPP ដែលបានក្លាយជាយុវជនកម្ពុជាដំបូងគេដែលត្រូវបានជ្រើសរើសចូលរួមក្នុងកម្មវិធី WTO Young Trade Leaders Program របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO)។
នព្វន្ត គឺជាម្នាក់ក្នុងចំណោមយុវជនចំនួន ៧រូប ដែលត្រូវបានជ្រើសរើសពីពាក្យស្នើសុំចូលរួមជាង ១,៣០០ ពាក្យស្នើសុំ មកពីជុំវិញពិភពលោក។ សមាជិកនៃក្រុមជ្រើសរើសឆ្នាំ២០២៦ មកពីប្រទេសកម្ពុជា សហរដ្ឋអាមេរិក អេក្វាឌ័រ ម៉ារ៉ុក សិង្ហបុរី ស្លូវ៉ាគី និងឥណ្ឌា។
កម្មវិធី WTO Young Trade Leaders ផ្តល់ឱកាសដល់យុវជនជំនាន់ថ្មីក្នុងការពង្រឹងការយល់ដឹងអំពីពាណិជ្ជកម្មអន្តរជាតិ សិក្សាពីអ្នកជំនាញរបស់ WTO និងចូលរួមចែករំលែកទស្សនៈរបស់យុវជនចំពោះអនាគតនៃពាណិជ្ជកម្មពិភពលោក។
ជាផ្នែកមួយនៃកម្មវិធី នព្វន្តបានធ្វើដំណើរទៅកាន់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីចូលរួមក្នុង WTO Public Forum និងជួបជាមួយអ្នកពាក់ព័ន្ធជាច្រើនក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ។
ក្នុងអំឡុងពេលនៅទីក្រុងហ្សឺណែវ នព្វន្តបានជួបជាមួយ លោកស្រី Ngozi Okonjo-Iweala អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក និងអគ្គនាយករងនៃ WTO ព្រមទាំងបានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម សួន ប្រាសិទ្ធ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ WTO ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី និងតំណាងសហភាពអឺរ៉ុប។ លោកក៏បានចូលរួមពិភាក្សាជាមួយតំណាងមកពីនាយកដ្ឋានផ្សេងៗរបស់ WTO ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅអំពីពាណិជ្ជកម្មអន្តរជាតិ។
លើសពីនេះ នព្វន្តបានចូលរួមជាវាគ្មិនក្នុង WTO Public Forum លើប្រធានបទពាក់ព័ន្ធនឹងសក្តានុពលនៃ ពាណិជ្ជកម្មសេវាកម្មជាយុទ្ធសាស្ត្រសម្រាប់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសអភិវឌ្ឍន៍តិចតួច និងប្រទេសកំពុងអភិវឌ្ឍន៍ ដោយចែករំលែកទស្សនៈរបស់យុវជនចំពោះបញ្ហាពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច។
ការចូលរួមរបស់នព្វន្តក្នុងកម្មវិធីនេះ គឺជាការបន្តពីបទពិសោធន៍វិជ្ជាជីវៈរបស់លោកក្នុងវិស័យពាណិជ្ជកម្មអន្តរជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច និងការគ្រប់គ្រងគម្រោង។ ក្នុងរយៈពេលជាង ៥ឆ្នាំកន្លងមក នព្វនបានធ្វើការជាទីប្រឹក្សា ដោយគាំទ្ររដ្ឋាភិបាល អង្គការឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កម្រិតខ្ពស់ និងគម្រោងស្មុគស្មាញ ព្រមទាំងបានពង្រឹងជំនាញរបស់ខ្លួនលើគោលនយោបាយ និងការអនុវត្តពាណិជ្ជកម្មអន្តរជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច។
ថ្លែងនៅពេលប្រកាសពីការជ្រើសរើសរបស់លោកចូលរួមក្នុងកម្មវិធី WTO Young Trade Leaders លោក ឈឹម នព្វន្ត បានមានប្រសាសន៍ថា៖
«ខ្ញុំមានមោទនភាព និងកិត្តិយសយ៉ាងខ្លាំងក្នុងការតំណាងឱ្យប្រទេសកម្ពុជា ដែលកំពុងឆ្លងកាត់ដំណើរការចាកចេញពីស្ថានភាពជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្នុងបរិបទដែលសណ្តាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិកាន់តែមិនអាចព្យាករណ៍បាន និងនីតិរដ្ឋកំពុងប្រឈមនឹងបញ្ហា។ ខ្ញុំសង្ឃឹមថានឹងអាចជួយឱ្យយុវជនយល់ដឹងកាន់តែច្បាស់អំពីពាណិជ្ជកម្ម និងបង្ហាញថា យុវជនអាចដើរតួនាទីជាអ្នកផ្សព្វផ្សាយចំណេះដឹង ដោយបកស្រាយគោលនយោបាយស្មុគស្មាញឱ្យសាធារណជនអាចយល់បាន»។
AUPP មានមោទកភាពក្នុងការឃើញអតីតនិស្សិតរបស់ខ្លួនចូលរួមជាមួយស្ថាប័នអន្តរជាតិ និងនាំយកទស្សនៈរបស់កម្ពុជាទៅកាន់កិច្ចពិភាក្សាជាសកល។ សមិទ្ធផលរបស់ឈឹម នព្វន្ត បង្ហាញពីសារៈសំខាន់នៃការរួមបញ្ចូលគ្រឹះសិក្សាដ៏រឹងមាំ បទពិសោធន៍វិជ្ជាជីវៈ ការរៀនសូត្រជាបន្តបន្ទាប់ និងឱកាសក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ។
ក្នុងរយៈពេលមួយឆ្នាំនៃការចូលរួមក្នុងកម្មវិធី WTO Young Trade Leaders នព្វន្តនឹងមានឱកាសបន្តពង្រឹងជំនាញ និងចំណេះដឹងរបស់លោក អភិវឌ្ឍទំនាក់ទំនងជាមួយសហគមន៍ពាណិជ្ជកម្មអន្តរជាតិ និងចូលរួមចែករំលែកចំណេះដឹង និងទស្សនៈជាមួយសហគមន៍ក្នុងប្រទេសកម្ពុជា និងតំបន់។
AUPP សូមអបអរសាទរចំពោះ ឈឹម នព្វន្ត និងសូមជូនពរឱ្យបន្តទទួលបានជោគជ័យក្នុងការតំណាងឱ្យកម្ពុជា និងចូលរួមចំណែកក្នុងការកសាងអនាគតនៃពាណិជ្ជកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចអន្តរជាតិ។
អំពី AUPP
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) គឺជាសាកលវិទ្យាល័យតែមួយគត់ក្នុងប្រទេសកម្ពុជាដែលផ្តល់ជូននូវកម្មវិធីសិក្សាស្តង់ដារបែបអាមេរិក និងកម្មវិធីសញ្ញាបត្រពីរដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិក។ សិស្សនិស្សិតមានឱកាសជ្រើសរើសពីមុខជំនាញ១៣មុខផ្សេងៗគ្នានៅក្នុងមហាវិទ្យាល័យធុរកិច្ច[HC2] និងគ្រប់គ្រងបច្ចេកវិទ្យាឌីជីថល នីតិសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។
វគ្គសិក្សាថ្មី ២០២៦ កំពុងបើកទទួលពាក្យចូលរៀន ដាក់ពាក្យឥឡូវនេះ៖ https://bit.ly/BachelorsApplication
ស្វែងយល់បន្ថែម៖