ភ្នំពេញ៖ យុវជនឆ្នើម ៦ក្រុម ទទួលបានជ័យលាភីមេដាយមាស គម្រោងឆ្នើម ក្នុងកម្មវិធី «កម្ពុជាក្នុងបេះដូងខ្ញុំ»។ ក្នុងនោះ មានក្រុមសិស្សានុសិស្សថ្នាក់ទី ១១ បីក្រុម និងសិស្សានុសិស្សថ្នាក់ទី១០ បីក្រុម ដែលពួកគេមានគំនិតដោះស្រាយបញ្ហាល្អជាងគេ។ក្រុមតំណាងខេត្តនីមួយៗបានឆ្លងកាត់ការប្រកួតប្រជែងជាមួយក្រុមដទៃទៀតក្នុងខេត្តរបស់ខ្លួន យ៉ាងស្វិតស្វាញ ដើម្បីឈានមកដល់វគ្គផ្តាច់ព្រ័ត្រ ១២ក្រុមចុងក្រោយ ហើយក្នុងខេត្តនីមួយៗមានក្រុមសិស្សានុសិស្សចូលរួមប្រកួតរហូតដល់ ៣០ ទៅ៤០ក្រុម។
កម្មវិធី «កម្ពុជានៅក្នុងបេះដូងខ្ញុំ» គឺជាផ្នែកមួយនៃមនសការពលរដ្ឋល្អ ដែលបង្កើតឡើងដើម្បីផ្តល់ឱកាសឱ្យយុវជនអាចបង្ហាញគំនិត និងបង្កើតគម្រោងសម្រាប់ដោះស្រាយបញ្ហានានានៅក្នុងសហគមន៍របស់ពួកគេ។ នៅក្នុងកម្មវិធីនេះ ក្រុមយុវជនផ្តួចផ្តើមគម្រោង ទទួលបានបានការបណ្តុះបណ្តាល និងបានរៀនសូត្រមេរៀនចំនួន ៦ នៃកម្មវិធីមនសការពលរដ្ឋល្អ ដែលមានដូចជា ការធ្វើការជាក្រុម រៀនពីការងារស្ម័គ្រចិត្ត ការរើសជំនាញសម្រាប់ថ្នាក់សាកលវិទ្យាល័យ និងមេរៀន ដែលយុវជននៅក្នុងសតវត្សទី២១ ត្រូវយល់ដឹង និងត្រូវការ។ ជាពិសេសនៅក្នុងឆ្នាំ ២០២៦ កម្មវិធីបានបន្ថែមនូវការទស្សនកិច្ចនៅតាមរមនីយដ្ឋានប្រវត្តិសាស្រ្តនានា និងការចែករំលែកបទពិសោធន៍ពីវាគ្មិនដែលជាថ្នាក់ដឹកនាំផងដែរ។
យោងតាមគេហទំព័រផ្លូវការរបស់មនសការពលរដ្ឋល្អ ក្រុមសិស្សានុសិស្សទី១១ ដែលទទួលបានជ័យលាភីមេដាយមាស គម្រោងឆ្នើមទាំង៣ក្រុម មានដូចជា គម្រោង “សុបិនសិស្សជនបទ” ខេត្តកំពង់ធំ, គម្រោង “ស្នាមញញឹមក្រោមជម្រកសហគមន៍យើង” ខេត្តសៀមរាប, និងគម្រោង “ចំណេះក្នុងដៃសម័យឌីជីថល” ខេត្តកណ្តាល។
បើតាមប្រភពដដែល ក្រុមសិស្សានុសិស្សទី១០ ដែលទទួលបានជ័យលាភីមេដាយមាស គម្រោងឆ្នើមទាំង៣ ក្រុម មានដូចជាគម្រោង “ក្តីសង្ឃឹម” ខេត្តកំពង់ធំ, គម្រោង “ភាសាជាតិជាយាន” ខេត្តកណ្តាល, គម្រោង “ពន្លឺវិថីនៃភូមិព្រៃធំ” ខេត្តសៀមរាប។
នៅក្នុងការប្រកាសវគ្គផ្តាច់ព្រ័ត្រនេះ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា “ការបង្រៀនបែបនេះ មិនមែនជាការបន្ថែមបន្ទុកដល់សិស្សានុសិស្សនោះទេ ប៉ុន្តែជាការផ្លាស់ប្ដូរវិធីសាស្ត្ររៀន និងបង្រៀន ដើម្បីរៀបចំអ្នកជំនាន់ក្រោយឱ្យមានសមត្ថភាព គំនិតច្នៃប្រឌិត សីលធម៌ និងមនសិការស្នេហាជាតិ”។ លោកស្រីបន្ថែមថា “បទពិសោធន៍ដែលទទួលបានពីកម្មវិធីនេះ គឺជាទុនដ៏មានតម្លៃសម្រាប់ជីវិត ដោយតាមរយៈដំណើរការនៃគម្រោងកន្លងមក សិស្សានុសិស្សបានរៀនធ្វើការជាក្រុម រៀនស្ដាប់គ្នា រៀនទទួលយកមតិយោបល់ រៀនដោះស្រាយបញ្ហា និងរៀនទទួលខុសត្រូវចំពោះតួនាទី”។
គួរបញ្ជាក់ថា កម្មវិធី «កម្ពុជាក្នុងបេះដូងខ្ញុំ» នៅឆ្នាំ២០២៦នេះ បានបើកឱកាសឱ្យយុវជនមកពី ១២រាជធានីខេត្តចូលរួមប្រកួត។ ក្នុងនោះ រួមមាន រាជធានីភ្នំពេញ សៀមរាប កណ្តាល កំពង់ស្ពឺ ព្រះសីហនុ បាត់ដំបង ស្វាយរៀង កំពង់ធំ ប៉ៃលិន កំពង់ចាម ស្ទឹងត្រែង និងតាកែវ។