Swift cc time

ក្រសួងអប់រំ រៀបចំការប្រឡងគណិតវិទ្យា GTSE សម្រាប់សិស្សអាយុពី ៦-១៨ឆ្នាំ ដើម្បីលើកកម្ពស់គុណភាពនៃការអប់រំគណិតវិទ្យា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
រូបតំណាង

ភ្នំពេញ៖ ក្រសួងអប់រំ នឹងរៀបចំការប្រឡងគណិតវិទ្យាកម្មវិធី Global Talent Search Examination (GTSE) សម្រាប់សិស្សានុសិស្សដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់ ១៨ឆ្នាំ ក្រោមកិច្ចសហការជាមួយ Amity Education Group India និងសហគមន៍អ្នកគណិតវិទ្យាកម្ពុជា។ ការប្រឡងនេះ មានពីរដំណាក់កាល គឺ ថ្នាក់ជាតិ នៅកម្ពុជា និងវគ្គផ្តាច់ព្រ័ត្រជាសកល (Global Final) នៅប្រទេសឥណ្ឌា។

យោងតាមគេហទំព័រក្រសួងអប់រំ ការប្រឡងនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពសិស្ស បង្កើនប្រសិទ្ធភាពនៃការរៀន ការបង្រៀន និងការសិក្សាស្រាវជ្រាវ ជាពិសេសគឺដើម្បីរួមចំណែកលើកកម្ពស់គុណភាពនៃការអប់រំគណិតវិទ្យានៅកម្ពុជា ព្រមទាំងភ្ជាប់ទំនាក់ទំនងជាលក្ខណៈអន្តរជាតិ។

បើតាមក្រសួងអប់រំ បានឱ្យដឹងថា ការប្រឡងគណិតវិទ្យា GTSE នេះ នឹងប្រព្រឹត្តទៅជាពីរដំណាក់កាល ដោយដំណាក់កាលទីមួយ គឺជាការប្រឡងថ្នាក់ជាតិ ដែលនឹងធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ បន្ទាប់មក បេក្ខជនឆ្នើមនឹងត្រូវបន្តទៅកាន់ដំណាក់កាលទីពីរ គឺការប្រឡងវគ្គផ្តាច់ព្រ័ត្រជាសកល (Global Final) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា នាខែឧសភា ឆ្នាំ២០២៧ ខាងមុខ។

គួរបញ្ជាក់ថា បេក្ខជនអាចធ្វើការចុះឈ្មោះដោយផ្ទាល់នៅអគារ «I» ដេប៉ាតឺម៉ង់ស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ ឬស្កេនតាមរយៈ QR Code ដែលមានភ្ជាប់នៅក្នុងសេចក្តីជូនដំណឹង ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៥:០០នាទីល្ងាចជាកំណត់។ សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ អាចអញ្ជើញទៅសាកសួរផ្ទាល់នៅដេប៉ាតឺម៉ង់ស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី ឬទំនាក់ទំនងតាមរយៈតេឡេក្រាមលេខ 096 943 9944, 077 468 989 និង 011 697 038 ដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម៕


Khcct banner

អត្ថបទទាក់ទង