Swift cc time

កម្មវិធីសប្តាហ៍នៃការលើកកម្ពស់បរិយាបន្នពិការភាព លើកកម្ពស់សិទ្ធិជនមានពិការភាពតាមរយៈការសម្តែងសិល្បៈ

យុវជន
/
អ្នកយកព័ត៌មាន:
សែម សុវណ្ណរត្ន
/

ភ្នំពេញ៖ អង្គការមូលនិធិអាស៊ី (The Asia Foundation) កាលពីថ្ងៃទីសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២៦កន្លងទៅ បានរៀបចំកម្មវិធីសប្តាហ៍នៃការលើកកម្ពស់បរិយាបន្នពិការភាព ឆ្នាំ២០២៦ ក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយអំពីបរិយាបន្នពិការភាព ព្រមទាំងបង្ហាញពីរបាំងនានារបស់ជនមានពិការភាពក្នុងការស្រាវជ្រាវ និងពិភាក្សា។ កម្មវិធីនេះ មានរួមបញ្ចូលការសម្តែងល្ខោនពិភាក្សា សិល្បៈសហសម័យ និងមានពិព័ណ៍ ដែលដាក់បង្ហាញរូបថត និងរឿងរ៉ាវជីវិត ព្រមទាំងស្នាដៃសិល្បៈ ដែលឆ្លុះបញ្ចាំងពីទស្សនៈវិស័យចម្រុះ ដើម្បីលុបបំបាត់គំនិតអវិជ្ជមាន និងការរើសអើងក្នុងសង្គម។


នៅក្នុងកម្មវិធី មានការសម្តែងសិល្បៈពីសំណាក់ជនមានពិការភាពមកពីអង្គការពីរគឺ អង្គការល្ខោនគំនិត និងអង្គការអេពិកអាត ។ អង្គការល្ខោនគំនិត លើកយកការសម្តែងរឿងមានចំណងជើង “ ឯករាជ្យ” ដោយប្រើប្រាស់ទម្រង់ល្ខោននិយាយ និងសិល្បៈអន្តរកម្ម ដើម្បីរំលេចពីការតស៊ូ និងបញ្ហាប្រឈមរបស់ និងជនមានពិការភាពក្នុងការទទួលបានឯករាជ្យភាព និងការទទួលស្គាល់ក្នុងសង្គម។ ជាមួយគ្នានេះ ក្រោយការសម្តែងចប់ក៏មានការចូលរួមពិភាក្សាពីសំណាក់ទស្សនិកជនដើម្បី ផ្តល់គំនិតក្នុងការដោះស្រាយបញ្ហាសម្រាប់ជនមានពិការភាពផងដែរ។

រីឯ អង្គការអេពិកអាត បានលើកយកការសម្តែងសិល្បៈសហសម័យមានចំណងជើងថា “រលកនាំការផ្លាស់ប្តូរ” ដោយប្រើប្រាស់សិល្បៈទស្សនីយភាព និងការរាំបែបសកលដើម្បីបង្ហាញដា សកម្មភាពតូចៗនៃការរួមបញ្ចូល និងផ្តល់ឱកាសដល់ជនមានពិការភាព នឹងអាចមានឥទ្ធិពលវិជ្ជមានដល់សង្គមទាំងមូល។

លោក ឡៃ សាន់ នៅលេខរៀងទីបី រាប់ពីខាងឆ្វេង

នៅក្នុងបទសម្ភាសជាមួយស៊ីស៊ីថាមន៍ លោក ឡៃ សាន់ ដែលជាសិល្បៈករមកពី អង្គការអេពិកអាត នៅក្នុងខេត្តកំពត បានថ្លែងថា “ លោកពិតជាចូលចិត្តកម្មវិធីនេះ ព្រោះមានអ្នកចូលរួមច្រើន ហើយការសម្តែងល្ខោនពិតជាបង្ហាញថា សិទ្ធិរបស់ជនមានពិការភាពកំពុងតែត្រូវបានលើកកម្ពស់កម្ពស់ឱ្យមានភាពស្មើគ្នាក្នុងសង្គមបណ្តើរៗហើយ។ លោកបានសំណូមពរឱ្យមានការសហការ និងផ្សព្វផ្សាយឱ្យបានច្រើន ដើម្បីបង្កើនការយល់ដឹងពីជនដែលមានពិការភាព ព្រមទាំងសំណូមពរឱ្យអ្នកមានពិការភាពត្រូវមានភាពក្លាហាន មានទំនុកចិត្ត និងកុំមានមានការអៀនខ្មាស ហើយព្យាយាមធ្វើជាខ្លួនឯង។

អ្នកនាង ជឿម ស៊ីណាត សម្តែងតួ បុផ្ផា នៅបុផ្ផា នៅក្នុងរឿងឯករាជ្យ

ចំណែក អ្នកនាង ជឿម ស៊ីណាត ដែលជាតួសម្តែងមកពីអង្គការល្ខោនគំនិតបានថ្លែងថា អ្នកនាងពិតជាមានមោទនភាព និងភាពសប្បាយរីករាយ ព្រោះអាចជម្នះឧបសគ្គ និងបញ្ហានានា នៅក្នុងការសម្តែងឱ្យសង្គមបានឃើញ ជំនួសមុខឱ្យជនមានពិការភាពដទៃទៀត។ អ្នកនាងក៏បាន សំណូមពរឱ្យមានការរួមបញ្ចូលជនដែលមានពិការភាពឱ្យមានសិទ្ធិប្រើប្រាស់សេវាសាធារណៈដូចអ្នកមានកាយសម្បទាគ្រប់គ្រាន់ ព្រោះវាមានសារៈសំខាន់ណាស់ក្នុងការជម្រុញឱ្យជនមានពិការភាព អាចបញ្ចេញមតិ អាចប្រាប់ពីឧបសគ្គ និងរៀនពីគ្នាទៅវិញទៅមក។

គួរបញ្ជាក់ថា កម្មវិធីនេះមានអ្នកចូលរួមទាំងជាតិ និងអន្តរជាតិ ប្រមាណ ១៣០នាក់ ដែលក្នុងនោះ មាន៣០ នាក់ដែលជាជនមានពិការភាព៕

Khcct banner

អត្ថបទទាក់ទង