ភ្នំពេញ៖ ក្រសួងអប់រំ ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន ១០ កន្លែង ដើម្បីទៅបន្តការសិក្សានៅសាកលវិទ្យាល័យ DALI នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧។ សាកលវិទ្យាល័យ DALI នឹងទទួលរ៉ាប់រងលើថ្លៃស្នាក់នៅ ថ្លៃសិក្សា និងផ្តល់ប្រាក់ឧបត្ថម្ភអាហារូបករណ៍ប្រចាំខែចំនួន ៨០០ យ័ន ចំណែកឯសោហ៊ុយធ្វើដំណើរទៅ-មក គឺជាបន្ទុករបស់សាមីខ្លួនផ្ទាល់។
យោងតាមគេហទំព័រក្រសួងអប់រំ មុខជំនាញសិក្សា និស្សិតអាចធ្វើការជ្រើសរើសមុខជំនាញសម្បូរបែបបាន បន្ទាប់ពីរៀនចប់វគ្គភាសាចិនដោយជោគជ័យ។ ចំពោះលក្ខខណ្ឌនៃការចុះឈ្មោះ បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃសមមូល មានអាយុមិនលើសពី ២៥ ឆ្នាំ និងមានសុខភាពមាំមួនល្អបរិបូរណ៍ទាំងកាយសម្បទា ព្រមទាំងសតិបញ្ញា។ ការចែក និងទទួលពាក្យស្នើសុំ ត្រូវបានចាប់ផ្តើមអនុវត្តរហូតដល់ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៦:០០ នាទី នៅនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន (អគារលេខ ២៣ ផ្លូវ ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ខាងកើតស្ថានទូតរុស្ស៊ីប្រហែល ៥០ ម៉ែត្រ) ឬអាចទាក់ទងសាកសួរតាមទូរស័ព្ទលេខ ០៩៨ ៩៨៩ ៧៨៩ ក្នុងម៉ោងធ្វើការ។
បើតាមប្រភពដដែឡ ការប្រឡងជ្រើសរើសនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៦ ហើយមុខវិជ្ជាប្រឡងរួមមាន គណិតវិទ្យា រយៈពេល ១ ម៉ោង ៣០ នាទី និងភាសាអង់គ្លេស រយៈពេល ១ ម៉ោង ៣០ នាទី។ ឯកសារដែលត្រូវភ្ជាប់មកជាមួយរួមមាន ពាក្យសុំអាហារូបករណ៍ ជីវប្រវត្តិសង្ខេប កិច្ចសន្យា សញ្ញាបត្របាក់ឌុប ឬសមមូលច្បាប់ចម្លង (ភ្ជាប់ច្បាប់ដើមដើម្បីផ្ទៀងផ្ទាត់) រូបថត ៤x៦ ផ្ទៃពណ៌សចំនួន ២ សន្លឹក ច្បាប់ចម្លងលិខិតឆ្លងដែនមានសុពលភាព និងលិខិតបញ្ជាក់ពីគ្រឹះស្ថានសិក្សា ឬអង្គភាពការងារ។ ដោយឡែក វិញ្ញាបនបត្រពិនិត្យកាយសម្បទា និងជំងឺអេដស៍ ត្រូវផ្តល់ជូនក្រោយពេលប្រឡងជាប់។
គួរបញ្ជាក់ថា ក្រសួងនឹងជ្រើសរើសបេក្ខជនដែលមានពិន្ទុខ្ពស់ចំនួន ១០ នាក់ ផ្អែកលើលទ្ធផលនៃការប្រឡង ដើម្បីបញ្ជូនទៅសិក្សានៅសាកលវិទ្យាល័យ DALI នាខែវិច្ឆិកា ឆ្នាំ២០២៦។ ក្រៅពីកម្មវិធីអាហារូបករណ៍នេះ សាកលវិទ្យាល័យ DALI ក៏មានការទទួលនិស្សិតទៅសិក្សាជាលក្ខណៈបង់ថ្លៃផ្ទាល់ខ្លួនផងដែរ ដែលបេក្ខជនចាប់អារម្មណ៍អាចទាក់ទងសាកសួរព័ត៌មានលម្អិតបន្ថែមអំពីមុខជំនាញ និងកម្រៃសិក្សាបាននៅទីតាំងទទួលពាក្យខាងលើ៕