ភ្នំពេញ៖ ស្ត្រីកម្ពុជា១៤រូប នឹងតំណាងកម្ពុជាសម្រាប់ការប្រកួតប្រជែងពានរង្វាន់ស្រ្តីឆ្នើមប្រចាំតំបន់អាស៊ីអាគ្នេយ៍ (Women of the Future Awards) នៅប្រទេសសិង្ហបុរី ក្នុងខែវិច្ឆិកា ២០២៦។ បើតាមស្ថានទូតព្រីតថេន ចំនួន១៤នាក់នេះ ជាចំនួននៃបេក្ខនារីដែលត្រូវបានជ្រើសរើសសម្រាប់វគ្គចុងក្រោយខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍។
យោងតាមគេហទំព័រស្ថានទូតព្រីតថេន ស្រ្តីឆ្នើមចំនួន ១៤ រូប ត្រូវបានជ្រើសរើសសម្រាប់ការប្រកួតប្រជែងពានរង្វាន់ស្រ្តីឆ្នើមប្រចាំតំបន់អាសុីអាគ្នេយ៍ ខណៈ បេក្ខនារីចំនួន ៤ រូប នៃពានរង្វាន់ Young Star Award Cambodia ។ ស្ថានទូតព្រីតថេន ចាត់ទុកថា ឆ្នាំ២០២៦នេះ កម្ពុជាបានសមិទ្ធផលដ៏សំខាន់មួយទៀតដែលមានការតែងតាំងចំនួន ៣៧ ហើយមានបេក្ខនារីចំនួន ១៤ រូប ដែលត្រូវបានជ្រើសរើសសម្រាប់វគ្គចុងក្រោយសម្រាប់ពានរង្វាន់ស្ត្រីឆ្នើមប្រចាំតំបន់អាស៊ីអាគ្នេយ៍ ខណៈកាលពីឆ្នាំ២០២៤ និង២០២៥ កម្ពុជា មានស្រ្តីតំណាង១២នាក់ពីកម្ពុជា។
ស្ថានទូតព្រីតថេនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ក្រោយការតែងតាំងនីមួយៗ គឺជាស្ត្រីម្នាក់ដែលបានដើរតាមផ្លូវរៀងៗខ្លួន ឆ្លងកាត់ឧបសគ្គ និងបានចូលរួមធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងសហគមន៍របស់ខ្លួន។ នៅខែវិច្ឆិកា ស្ត្រីពីកម្ពុជាទាំង១៤រូបនេះ នឹងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដើម្បីចូលរួមក្នុងពិធីប្រកាសពានរង្វាន់ Women of the Future Awards និងនាំយករឿងរ៉ាវរបស់ពួកគេទៅកាន់ឆាកអន្តរជាតិ។
កញ្ញា លេខ ការី ជានិស្សិតឆ្នាំទី៣ សិក្សាជំនាញចិត្តវិទ្យា មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងចំណាប់អារម្មណ៍ចំពោះសមិទ្ធផលពានរង្វាន់នេះថា «ខ្ញុំធ្វើកិច្ចការងារសង្គមជាអ្នកតស៊ូមតិ អស់រយៈពេល៥ឆ្នាំ ដើម្បីការពារ និងលើកកម្ពស់សិទ្ធិស្រ្តី និងក្មេងស្រីជាពិសេសស្រ្តីជនជាតិដើមភាគតិច ក្នុងគោលបំណងឱ្យពួកគេ យល់ដឹងពីសិទ្ធិ សេរីភាពរបស់ខ្លួន ដើម្បីចាប់យកឱកាសអប់រំខ្ពស់ ហ៊ានសម្រេចចិត្តជ្រើសរើសអ្វីដែលល្អសម្រាប់អនាគតខ្លួនឯង គ្រួសារ និងសហគមន៍របស់ពួកគេ។ ដំណើរមួយនេះវាមិនងាយស្រួលក្នុងនាមជាក្មេងស្រីដំបូងក្នុងសហគមន៍ដែលហ៊ានជំនះរនាំងប្រពៃណី «ស្រ្តីវិលសង្រ្កាន្តមិនជុំ ស្ត្រីមុជមិនជ្រៅទៅមិនឆ្ងាយ»។
ក្នុងនាមជាស្រ្តីវ័យ២១ឆ្នាំ មកពីខេត្តរតនគិរី ជាជនជាតិដើមភាគតិចព្រៅ កញ្ញា ការី បានបន្តរៀបរាប់ថា «និយាយដោយស្មោះត្រង់ ក្នុងដំណើរមួយនេះ ខ្ញុំមិនដែលគិតពីការសាទរបន្តិចទេ ប៉ុន្តែពេលវេលាសាទរនេះវាក៏បានមកដល់ដោយខ្លួនឯង។ ដំណើរមួយនេះឆ្លងកាត់ព្យុះភ្លៀងមិនតិចទេ ប៉ុន្តែក្រោយពេលភ្លៀងហើយគង់តែមេឃស្រឡះ ហើយខ្ញុំក៏ចេះតែបន្តដំណើរទៅមុខជារឿយៗជាមួយក្តីសង្ឃឹមថា នឹងមានការផ្លាស់ប្រែដ៏ល្អបន្តិចម្តងៗសម្រាប់អនាគតរបស់ខ្ញុំ គ្រួសារ សហគមន៍ និងសង្គមជាតិ។»។
គូរបញ្ជាក់ថា ស្រ្តីឆ្នើមទាំង១៤រូប ប្រកួតប្រជែង«ពានរង្វាន់ស្រ្តីឆ្នើមប្រចាំតំបន់អាស៊ីអាគ្នេយ៍» ក្នុងផ្នែកផ្សេងៗគ្នាក្នុងនោះរួមមាន ផ្នែកអាជីវកម្ម ចំនួន១រូប ផ្នែកអ្នកណែនាំ ១រូប ផ្នែកសិល្បៈ និងវប្បធម៌ ចំនួន១រូប ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ចំនួន២រូប ផ្នែកសហគ្រិនសង្គម ២រូប ផ្នែកការងារសហគមន៍ ២រូប ផ្នែកការងារវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងឌីជីថល ១រូប ផ្នែកកីឡា ២រូប ផ្នែកចរីភាព(ESG/Sustainability) ១រូប និងផ្នែកអាជីពការងារ១រូប៕