ភ្នំពេញ៖ យុវជនកម្ពុជា ៥៥រូប នឹងទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសអូស្ត្រាលី តាមរយៈអាហារូបករណ៍ Australia Awards សម្រាប់ឆ្នាំសិក្សា២០២៧។ យុវជនទាំង៥៥រូប នឹងទទួលបានការរ៉ាប់រងលើថ្លៃធ្វើដំណើរ ថ្លៃសិក្សា ការហូបចុក ការស្នាក់នៅ និងការចំណាយផ្សេងៗទៀត។
ស្ថានទូតអូស្ត្រាលីនៅកម្ពុជា បានបង្ហាញមុខនូវនិស្សិតជ័យលាភីអាហារូបករណ៍ទាំង៥៥រូប ដែលនឹងត្រូវធ្វើដំណើរទៅសិក្សានៅប្រទេសអូស្ត្រាលី នាពេលខាងមុខនេះ។ តាមរយៈអាហារូបករណ៍នេះ និស្សិតនឹងទទួលបានការរ៉ាប់រងលើថ្លៃធ្វើដំណើរ ថ្លៃសិក្សា ការហូបចុក ការស្នាក់នៅ ផ្តល់ជូននូវធានារ៉ាប់រងសុខភាព និងថ្លៃចំណាយផ្សេងៗទៅលើការសិក្សា ដែលមានដូចជាការចុះកម្មសិក្សាស្រាវជ្រាវជាដើម។
តាមរយៈលក្ខខណ្ឌសម្រាប់ឆ្នាំ២០២៦នេះ ដើម្បីដាក់ពាក្យស្នើសុំអាហារូបករណ៍បេក្ខជនត្រូវមានសញ្ជាតិខ្មែរ និងមានបទពិសោធន៍ការងារយ៉ាងតិច ២ឆ្នាំ។ ស្របគ្នានេះ បេក្ខជនត្រូវតែបញ្ចប់ថ្នាក់បរិញ្ញាបត្រ បើសិនជាបេក្ខជនមានបំណងដាក់ពាក្យសម្រាប់ថ្នាក់អនុបណ្ឌិត និងបញ្ចប់ថ្នាក់អនុបណ្ឌិតសម្រាប់ថ្នាក់បណ្ឌិត។ មួយវិញទៀតបេក្ខជនត្រូវតែមានជំនាញទៅក្នុងការប្រើប្រាស់ភាសាអង់គ្លេស (IELTS 6.0 ឬឯកសារតេស្តអង់គ្លេសដែលមានតម្លៃសមមូល)។ បេក្ខជនត្រូវមានឯកសារមួយចំនួនដូចជា ឯកសារតេស្តភាសាអង់គ្លេស ព្រឹត្តិបត្តិពិន្ទុជាភាសាអង់គ្លេស ប្រវត្តិរូបសង្ខេបទៅតាមគំរូដែលបានកំណត់ លិខិតបញ្ជាក់សញ្ជាតិខ្មែរ និងបញ្ជាក់ពីនិយោជកពីការងារដែលបានធ្វើរយៈពេលពីរឆ្នាំជាភាសាអង់គ្លេស។
សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យនៅឆ្នាំក្រោយ អាចតាមដានព័ត៌មានបន្ថែមតាមរយៈ Australia Awards Cambodia៕